ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ចំនួន ៤វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ

 បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះអស់កាលត្រីមាស ចំនួន ៤វត្ត នៅវត្តគិរីរុក្ខារាម (ថ្មរមៀល) ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បាននាំយកត្រៃចីវរ បាត្រ ឆ័ត្រ និងបច្ច័យកសាងវត្ត វេរប្រគេនដល់ព្រះសង្ឃទាំង ៤វត្ត រួមមាន ៖ វត្តគិរីរុក្ខារាម (ថ្មរមៀល) ភូមិថ្មរមៀល វត្តគិរីរុក្ខារាម ធ្លក ភូមិធ្លក វត្តប្រាសាទារាម (ប្រាសាទត្បែង) ភូមិប្រាសាទត្បែង ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងវត្តគិរីធម្មបទខ្លាកូនថ្មី ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ផងដែរ។

កឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ។

ពាក្យថា កឋិនសព្ទនេះបើតាមអត្ថកថាលោក សំដៅយកពុទ្ធដីកាដែលព្រះសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថាការប្រជុំរួបរួមរូបធម៌ និងនាមធម៌ ហៅថា កឋិន ។ ពាក្យថាកឋិន មកអំពីកថធាតុដែលប្រព្រឹត្តទៅក្នុងអត្ថពីរយ៉ាងគឺ៖ ១. ការរស់បានដោយកម្រ សមដូចវិគ្គហថាកថតិ កិច្ឆេន ជីវតីតិ។ កថិនោ សភាវឯណារស់នៅបានដោយកម្រ សភាវនោះហៅថា កឋិនព្រោះលោកប្រៀបថា ដូចឈើស្នឹង ដែលបុគ្គលកាត់ចេញចាកដើម ហើយយកទៅបោះភ្ជាប់នឹងផែនដី រមែងដុះលូតលាស់ ឬរស់នៅបានដោយកម្រយ៉ាងណា! ឯកិច្ចដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទីក៏បានដោយកម្រជាពន់ពេកណាស់ក៏យ៉ាងនោះដែរ។

២. ការពោលសរសើរ ព្រោះចីវរទានដែលយើងបានកសាងជាកឋិននេះជាទានវិសេសជាងទានដទៃៗដែល​ព្រះ​អរិយទាំងឡាយមានព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសសើរថា ជាទានវិសេសអាចរួបរួមឬ​សង់ទុកនូវអានិសង្ស ៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រង មិនឲ្យទៅក្នុងទីដទៃបាន សមដូចវិគ្គហ ថាបញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វ កថតិ សង្គណ្ហាតីតិ។ កថិនំ ធម្មជាតិឯណាក្រៀវទុក ឬសង់ទុកនូវអានិ​សង្សទាំង ៥មិនឲ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា កឋិន ។

នៅក្នុងវត្យបើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែរកឋិនចូលដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះត្រាតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ ១អង្គដែរ ហើយដែលបាន ចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែរកឋិនចូលបាន។ បព្វជិតក៏ដោយ គ្រហស្ថក៏ដោយ គឺអាចធ្វើកឋិនបានដូចគ្នា។ ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាត ឲ្យភិក្ខុសង្ឃទទួលកឋិន ហើយធ្វើកឋិនត្ថារកិច្ច គឺការក្រាលគ្រងនិងអនុមោទនាកឋិននោះដើម្បីសម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃប៉ុណ្ណោះ។ ហើយការសម្រាលទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុដែលចូលបុរិមិកាវស្សា អស់ត្រៃមាសបានត្រឹមត្រួវមិនដាច់វស្សានោះឯង។

ម្យ៉ាងទៀត កឋិនទាន លោកសំដៅយកតែចីវរប្បច្ច័យ គឺអ្នកធ្វើកឋិនមានសំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើកឋិនបានដែរ។ ព្រោះលោកទទួលក្រាលកឋិនក្នុងចំណោមត្រៃចីវរ (ស្បង់ ១ ចីពរ ១ សង្ឃាដី ១) គឺលោកក្រាលបានតែ ១មុខប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខមិនឡើងជាកឋិនឡើយ លោកហៅថាខូចកឋិន ឬកឋិនត្ថារវិបត្តិ។ ប៉ុន្តែប្រសិនបើមានសទ្ធា គេអាចនាំយកសម្ភារៈផ្សេងៗដូចជាចីវរ ១ត្រៃ ឬច្រើនត្រៃ បិណ្ឌបាតបច្ច័យ សេនាសនបច្ច័យនិងគិលានភេសជ្​ជបច្ច័យ ព្រមទាំងបច្ច័យសង្កត់ត្រៃសម្រាប់កសាងនិងអានិសង្សលាភផ្សេងៗ សម្រាប់ប្រគេនព្រះសង្ឃក៏ជាការទទួលបានកុសលបន្ថែមទៀតដែរ។

កឋិនទាន ជាចីវរទានដូចទានទាំងពួងដែរ តែមានឈ្មោះវិសេសតាមកាលបរិច្ឆេទ ដែលហៅថាកាលទាន ជាទានមានផលច្រើនជាងចីវរទានទាំងឡាយទាំងពួងព្រោះប្លែកពីទានឯទៀត។ ការប្លែករបសើកឋិនទានមានលក្ខណៈការ ៥ យ៉ាងគឺ៖

១- ប្លែកដោយកាលៈ គឺមានតែ ២៩ ថ្ងៃ ខែអស្សុជ មាន ១៤ថ្ងៃ (១រោច ដល់ ១៥រោច) ខែកត្តិក មាន ១៥ថ្ងៃ (១កើត ដល់ ១៥កើត)។ រយៈកាលនេះពាក្យសាមញ្ញហៅថា រដូវកឋិន ក្នុងរដូវនេះ ទាយកចង់ធ្វើថ្ងៃណាមួយក៏បាន ក្រៅពី ថ្ងៃទាំង ២៩ នេះពុំបាន ហើយវត្តមួយធ្វើបានតែម្តងក្នុងមួយរដួវកឋិន​ភិក្ខុទទួលកឋិនបានម្តង។

២- ប្លែកដោយវត្ថុៈ គឺសំពត់ដែលយកមកធ្វើកឋិននោះ បានតែស្បង់ ឬចីវរ ឬក៏សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ សំពត់ក្រៅពីនេះពុំបាន ភិក្ខុអ្នកទទួលក្រាលកឋិនក្នុងចំណោម ត្រៃចីវរ (ស្បង់ ១ ចីពរ ១ សង្ឃាដី ១) គឺលោកក្រាលបានតែ ១មុខប៉ុណ្ណោះ។

៣- ប្លែកដោយអំពើៈ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឲ្យត្រូវរបៀបតាមវិន័យបញ្ញត្តិ ហើយសង្ឃក៏គប្បី ក្រាគ្រង និងអនុមោទនាឲ្យត្រឹមត្រូវតាមវិន័យបញ្ញត្តិដែរ ទើបកើតជាកឋិនពេញលក្ខណៈបាន។

៤- ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដីចីវរ ឬក៏ងភិក្ខុ ក្រៅពីភិក្ខុពុំបាន ភិក្ខុនោះទៀតលុះតែបាននៅចាំវស្សាគ្រប់៣ខែក្នុងវត្តណាមួយ ទើបទទួលក្រាលគ្រងនិងអនុមោទនាក្នុងវត្តនោះបាន ភិក្ខុដែលមិននៅបានចាំវស្សា ឬបាននៅចាំវស្សាដែរ តែឲ្យដាច់ក៏ទទួលពុំបាន។

៥- ប្លែកដោយអានិសង្សៈ គឺទាយកអ្នកធ្វើក៏បានអានិសង្ស ភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអានិសង្ស។​








Powered by Blogger.