រដ្ឋមន្រ្តីអប់រំ៖បេក្ខជនប្រឡងបាក់ឌុបត្រូវគោរពបទប្បញ្ញត្តិ មិនត្រូវលាក់ទុកសំណៅឯកសារជាដាច់ខាត

 ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង្សជួន ណារ៉ុន បានអំពាវនាវដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡងឬបន្ទប់ប្រឡងជាដាច់ខាត ហើយមិនត្រូវប្រព្រឹត្តសកម្មភាពផ្ទុយនិងបទប្បញ្ញត្តិឡើយ។ ការអំពាវនាវរបស់លោក ហង្សជួន ណារ៉ុន ធ្វើឡើងតាមរយៈវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបេក្ខជនត្រូវពិនិត្យឈ្មោះត្រៀមប្រឡង។

ជាមួយគ្នានោះ លោក ហង្សជួន ណារ៉ុន បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបទាំងអស់ ត្រូវថែរក្សាអនាម័យសុខភាពឱ្យបានល្អ ទទួលទានដំណេក បរិភោគអាហារ និងទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ជាពិសេសអាហារពេលព្រឹក ព្រមទាំងមានភាពក្លាហាន អារម្មណ៍នឹងនរប្រកបដោយភាពជឿជាក់។ លើសពីនេះ ត្រូវប្រុងប្រយ័ត្ននិងត្រូវគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរទៅមណ្ឌលប្រឡង ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។ 

សូមជម្រាបថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ នឹងប្រព្រឹត្តទៅនារយៈពេល ២ថ្ងៃ ពោល ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះមានបេក្ខជនចុះឈ្មោះ ប្រឡងសរុបជាង១៣ម៉ឺននាក់ (១៣៧,៤១២នាក់) (ស្រី៧៣,២៧៨នាក់) ខណៈបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានជាង ៤ម៉ឺននាក់ (៤១,៣៧៩នាក់) (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានជាង ៩ម៉ឺននាក់ (៩៦,០៣៣នាក់) (ស្រី៤៨,៤៨៩ នាក់)។

ក្រសួងអប់រំ បានកំណត់យករសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាពេលសម្រាប់ប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយនៅថ្ងៃទី២៩ ខែវិច្ឆិកា ជាថ្ងៃប្រកាសលទ្ធផលសម្រាប់ខេត្តផ្សេងៗ៕





Powered by Blogger.