ព្រះរាជពិធីបុណ្យអុំទូក បិទបញ្ចប់ដោយជោគជ័យ ប្រជាពលរដ្ឋ ចូលរួមកម្សាន្តសប្បាយ ជិត ៥លាននាក់
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ បានបញ្ចប់ហើយ។ ក្នុងនោះ មានប្រជាពលរដ្ឋ ចូលរួមកម្សាន្តសប្បាយសរុប ជិត ៥លាននាក់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា នៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ មានប្រជាពលរដ្ឋ មកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ ១លាន ២សែននាក់។
ចំណែកនៅថ្ងៃទី០២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ មកកម្សាន្តសប្បាយប្រមាណ ១.៧០០.០០០នាក់។
រីឯនៅថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ មកកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រមាណ ២លាននាក់។
ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃនេះ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសថា មានភាពល្អប្រសើរ ខណៈដែលសភាពការណ៍បទល្មើសព្រហ្មទណ្ឌ ពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។
ក្នុងនោះ នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យ ប្រចាំការ នៅតាមគោលដៅ បានសង្រ្គោះបឋមដល់អ្នក ដែលមានបញ្ហាសុខភាព សរុបចំនួន ១.៦៧៤នាក់ (ស្រី ២៤៣នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន ម្នាក់។ ក្នុងនោះ កម្លាំងការពារគោលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិ ចំនួន ០៦នាក់ ដោយបានផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញ ចំនួន ០៤នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០២នាក់បន្តទៀត។
នៅថ្ងៃទី២៦វិច្ឆិកា ត្រូវនឹងថ្ងៃបុណ្យអុំទូក ថ្ងៃទី១ កម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំង លិចទឹកចំនួន ០៩ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ១៩៨នាក់ ប្រកបដោយសុវត្ថិភាព។
ដោយឡែក នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី២៧វិច្ឆិកា កម្លាំងសមត្ថកិច្ចជំនាញ បានបង្រ្កាបបទល្មើសឆក់ទូរស័ព្ទដៃ ០១លើក ដោយឃាត់ខ្លួនជនល្មើស ម្នាក់ នៅគោលដៅសួនវត្តបុទុម និងមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ០១លើក នៅគោលដៅមុខវត្តឧណ្ណាលោម (ម៉ូតូបុកក្មេង បណ្តាលឲ្យរបួស ម្នាក់)។
ជាមួយគ្នានោះ សមត្ថកិច្ចការពារគោលដៅ បានប្រតិបត្តិការ និងអន្តរាគមន៍សង្រ្គោះ បានរកឃើញក្មេងវង្វេងសាច់ញាតិ ចំនួន ១១នាក់ (ស្រី ០៥នាក់) ដោយបានផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិ មកទទួលយកទៅវិញ ចំនួន ០៨នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០៣នាក់បន្តទៀត។
នៅថ្ងៃទី២ កម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន ០៤ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ១១៩នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូក ចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភាព។ រីឯក្រុមគ្រូពេទ្យប្រចាំការ នៅតាមគោលដៅ បានជួយសង្រ្គោះបឋម ដល់អ្នកដែលមានបញ្ហាសុខភាព សរុបចំនួន ២.៦៥៩នាក់ (ស្រី ៤៧៦នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន ០២នាក់។
ចំណែកនៅថ្ងៃទី០៣ នែព្រះរាជពិធីបុណ្យអុំទូក មានករណីចោរលួចម៉ូតូ ០១លើក។ ករណីនេះសមត្ថកិច្ច កំពុងខិតខំ ធ្វើការស្រាវជ្រាវស៊ើបអង្កេត។ ឆាបឆេះធុងហ្គាស ០១លើក ដោយមូលហេតុខ្វះការប្រុងប្រយ័ត្ត ក្នុងការផ្លាស់ប្តូរធុងហ្គាស បណ្តាលឲ្យរបួស ០៤នាក់ (ស្រី ម្នាក់) នៅគោលដៅរង្វង់មូលស្ពានកោះនរា។
នៅថ្ងៃទី៣ កម្លាំងការពារគោលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន ២០នាក់ (ស្រី ០៨នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិ មកទទួលយកទៅវិញចំនួន ១៣នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០៧នាក់បន្តទៀត។
ចំណែកកម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន ០២ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ៤៣នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ០២នាក់ ប្រកបដោយសុវត្ថិភាព។
កងកម្លាំងសមត្ថកិច្ចគោលដៅ ក.៩.៤ បានទទួលកាបូបលុយពីប្រជាពលរដ្ឋ ០១លើក កំពុងធ្វើការផ្សព្វផ្សាយ ស្វែងរកម្ចាស់ មកទទួលយកទៅវិញ។
Post a Comment