សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

 



(បន្ទាយមានជ័យ) ឯកឧត្តម កែវ អ៊ូលី ទីប្រឹក្សាក្រសួងផែនការ និងជាប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដោយមានអញ្ជើញចូលរួមពីរលោកជំទាវ ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ប្រធាន.អនុប្រធាន មន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។


លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពនៃវិធានការអន្តរាគមន៍ជំនួយសង្គម សំដៅ៖ (១)បន្តគាំពារនិងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២ និង (២)ព្រមទាំងគិតគូរបន្ថែមក្នុងការរៀបចំផ្តល់ការគាំទ្រដល់ជីវភាពរបស់គ្រួសារគោលដៅដែលងាយរងហានិភ័យ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណានេះផងដែរ។


លោកអភិបាលរងខេត្តបានបន្តថា៖ មូលដ្ឋានទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមាន ស្រាប់បានអនុញ្ញាតឱ្យយើងបង្កើនការចុះបញ្ជីបានយ៉ាងឆាប់រហ័ស ហើយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(មូលនិធិជាតិជំនួយសង្គម) ក្រោមឆ័ត្រនៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម គឺរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលរងគ្រោះ។


ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម កែវ អ៊ូលី បានមានប្រសាសន៍លើកឡើងថា៖ ការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានបង្កើតឡើងក្នុងរយៈពេល១៥ឆ្នាំមកហើយ ក្រសួងផែនការពិតជាមានមោទនភាពខ្លាំងណាស់ ដោយសារទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រត្រូវបានរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការអន្តរាគមន៍គាំពារសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ។

ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមការងារអង្គការដៃគូរ ដែលបានសហការជាមួយក្រុមការងារក្រសួងផែនការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងកែលម្អអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ព្រមទាំងអ្នកមានចំណែកពាក់ព័ន្ធដទៃទៀត ក្នុងការចូលរួមចំណែកគាំទ្រដល់ការងារកែលំអវិធីសាស្រ្តគណនាពិន្ទុសម្រាប់ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ៕























Powered by Blogger.