អារ៉ាប៊ីសាអូឌីត ដឹកនាំការប្រជុំបន្ទាន់រវាងក្រុមប្រទេសអារ៉ាប់អ៊ីស្លាម ស្តីពីបញ្ហាតំបន់ហ្កាហ្សា
ថ្ងៃសៅរ៍ ទី១១វិច្ឆិកា នៅទីក្រុងរីយ៉ាត រដ្ឋធានីអារ៉ាប៊ីសាអូឌីត មានកិច្ចប្រជុំបន្ទាន់មួយ រវាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអារ៉ាប់និងអ៊ីស្លាម ដើម្បីនិយាយអំពីបញ្ហាសង្គ្រាមនៅតំបន់ហ្កាហ្សា។ ក្រៅពីប្រធានាធិបតីតួកគី ប្រធានាធិបតីស៊ីរី ព្រមទាំងមេដឹកនាំកាតា លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។ អារ៉ាប៊ីសាអូឌីត កំពុងតែប្រើឥទ្ធិពលខ្លួនក្នុងជានាមមេដឹកនាំក្រុមប្រទេសអារ៉ាប់ ដើម្បីដាក់សំពាធទៅលើអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ថាត្រូវតែបញ្ឈប់សង្គ្រាមបាញ់ប្លោងគ្រាប់សម្លាប់ជនស៊ីវីលប៉ាឡេស្ទីន។
តាមការរំពឹងទុក កិច្ចប្រជុំកំពូលនៃបណ្តាថា្នក់ដឹកនាំប្រទេសអារ៉ាប់និងអ៊ីស្លាមនេះ នឹងប្រកាសថ្លែងការថ្កោលទោសធ្ងន់ៗ ចំពោះការបាញ់ប្លោងគ្រាប់ ដែលអ៊ីស្រាអែលបានធ្វើទៅលើតំបន់ហ្កាហ្សា ប្រមាណ១ខែមកនេះ។ ការទម្លាក់គ្រាប់បែក ដែលបានធ្វើឲ្យជនស៊ីវីលប៉ាឡេស្ទីន ស្លាប់យ៉ាងហោច ១១០០០នាក់ និងរាប់ម៉ឺននាក់ទៀតត្រូវរត់ភៀសខ្លួន។
មុននឹងចេញដំណើរទៅកាន់ក្រុងរីយ៉ាត លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងថា ដល់ពេលហើយ ដែលត្រូវឈប់និយាយត្រឹមតែសម្តី ហើយត្រូវធ្វើអ្វីម្យ៉ាងឲ្យជាក់ស្តែង។ ជាថ្មីម្តងទៀត លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី បានទម្លាកកំហុសទៅលើសហរដ្ឋអាមេរិក ដោយចោទថាអាមេរិកមាត់និយាយផ្សេង តែទង្វើធ្វើផ្សឹង។ នៅក្នុងសុន្ទរកថាចំពោះមុខថ្នាក់ដឹកនាំអារ៉ាប់នៅរីយ៉ាត លោកប្រធាធិបតីអ៊ីរ៉ង់ បានអំពាវនាវថា ត្រូវតែរួមគ្នាប្រកាសចាត់ទុកកងទ័ពអ៊ីស្រាអែល ជា “អង្គការភេរវកម្ម”។ លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី បន្តទៀតថា ក្រុមប្រទេសអារ៉ាប់អ៊ីស្លាម ត្រូវតែត្រៀមជួយផ្តល់អាវុធដល់ប៉ាឡេស្ទីន ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់សង្គ្រាមនេះទេនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ មេដឹកនាំអារ៉ាប៊ីសាអូឌីត បានប្រកាសថ្កោលទោស ចំពោះសង្គ្រាមដែលបានផ្តាច់ជីវិតជនស៊ីវីលប៉ាឡេស្ទីន បំពាននឹងច្បាប់អន្តរជាតិ ធ្វើឡើងដោយអ៊ីស្រាអែល។ នេះជាលើកទី១ហើយ ដែលមេដឹកនាំអារ៉ាប៊ីសាអូឌីត ចេញមុខថ្កោលទោសអ៊ីស្រាអែល ខណៈសង្គ្រាមបានផ្ទុះឡើងអស់រយៈពេល១ខែមកហើយ។ ប្រតិកម្មដ៏យឺតយ៉ាវនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការស្ទាក់ស្ទើព្រោះអារ៉ាប៊ីសាអូឌីត មានទំនាក់ទំនងស្អិតជាមួយអាមេរិក ហើយក៏កំពុងតែចង់ងាកទៅភ្ជាប់ទំនាក់ទំនង ជាមួយអ៊ីស្រាអែលដែរ។
គួរកត់សំគាល់ថា តំបន់ដើមបូព៌ាទាំងមូល កំពុងតែក្រេវក្រោធជ្រួលច្របល់យ៉ាងខ្លាំង បន្ទាប់ពីអ៊ីស្រាអែលបានបើកការធ្វើសង្គ្រាម ទៅលើក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ ចាប់តាំងពីថ្ងៃ៧តុលាមក អ៊ីស្រាអែលបានបាញ់ប្លោងមីស៊ីលជញ្ជ្រំគ្មានលោះថ្ងៃ ហើយបានបញ្ជូនកងទ័ពសម្រុកចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីកំទេចក្រុមហាម៉ាស។ ភាគីអ៊ីស្រាអែល បានអះអាងថាខាងគេមិនបានជ្រើសរើសធ្វើសង្គ្រាមនេះទេ។ តែគឺក្រុមភេរវកម្មហាម៉ាស ដែលបានបំផ្ទុះសង្គ្រាមនេះឡើង តាមរយៈការចូលមកសម្លាប់ប្រជាជនស៊ីវីល នៅខាងទឹកដីអ៊ីស្រាអែល ចំនួនប្រមាណ១២០០នាក់ និងបានចាប់ចំណាប់ខ្មាំងជាង២៣០នាក់ថែមទៀត។ ជាងនេះទៀត ក្រុមហាម៉ាសបានយកប្រជាជនស៊ីវីលប៉ាឡេស្ទីន ធ្វើជាខែលការពារខ្លួន ដោយបានជីករូងលាក់ខ្លួនក្រោមដី នៅខាងក្រោមមន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ តាមរយៈការប្រជុំបន្ទាន់នៅទីក្រុងរីយ៉ាតនាពេលនេះ អ្វីដែលគេសង្កេតឃើញ គឺការខិតចូលជិតគ្នា រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដែលប្រទេសអ៊ីស្លាមទាំង២នេះ ធ្លាប់ជាគូប្រជែងគ្នាក្នុងតំបន់ ហើយងាកមករួមគ្នាថ្កោលទោសអ៊ីស្រាអែល។ ទោះចង់មិនចង់ សង្គ្រាមដែលក្រុមហាម៉ាសបានបំផ្ទុះឡើង នៅតំបន់ហ្កាហ្សានេះ បានធ្វើឲ្យសន្ទុះនៃការភ្ជាប់ទំនាក់ទំនងរវាងអ៊ីស្រាអែល ជាមួយបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងអាប្រាហាំ ត្រូវអាក់ខានកកស្ទះមួយរំពេច។
លោក Aziz Alghashian អ្នកវិភាគនយោបាយការបរទេសម្នាក់នៅអារ៉ាប៊ីសាអូឌីត បានលើកឡើងថា កាលៈទេសៈនេះ នឹងជំរុញឲ្យក្រុមប្រទេសអារ៉ាប់និងអ៊ីស្លាម ត្រូវតែរួមគ្នាឈរលើសមរភូមិការទូតតែមួយ ដើម្បីចង្អុរមុខអ៊ីស្រាអែលផង និងចង្អុរមុខក្រុមប្រទេសលោកខាងលិច ដែលមានអាមេរិកជាមេដឹកនាំផង។ តែយ៉ាងណាក៏ដោយ កម្លាំងសាមគ្គីជាធ្លុងមួយរវាងក្រុមប្រទេសអារ៉ាប់អ៊ីស្លាម មិនមែនជារឿងងាយធ្វើបានទេ ព្រោះប្លុក២បានបែងចែកគ្នាទៅហើយ រវាងក្រុមអ្នកចង់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយអ៊ីស្រាអែល និងក្រុមមួយទៀតដែលចង់រក្សាទុកបណ្តាញទាក់ទងខ្លះ ដើម្បីចរចាការទូតជាមួយអ៊ីស្រាអែល៕
Post a Comment