សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ឈានចូលថ្ងៃទី៣១

 ប៉ាឡេស្ទីន៖ អ៊ីស្រាអែលនៅតែបន្តការវាយប្រហារដាក់លើតំបន់ហ្គាហ្សាបើទោះបីមានរលកបាតុកម្មលើ ពិភពលោកទាមទាររកការបញ្ឈប់បាញ់គ្នា និងបើទោះបីជាសហរដ្ឋអាមេរិកបានស្នើរកការ សំរាកឈប់បាញ់គ្នាខ្លះយ៉ាងណាក៏ដោយ។ កងកម្លាំងអ៊ីស្រាអែល ត្រូវគេរាយការណ៍ថាបាន វាយកាត់ផ្តាច់តំបន់ហ្គាហ្សាស្ទី្របនេះជាពីរហើយនិងកំពុងឡោមព័ទ្ធក្រុងហ្គាហ្សាភាគខាង ជើង។

សេចក្តីស្នើរបស់សហរដ្ឋអាមេរិកដែលស្វែងរកការផ្អាកបាញ់គ្នាខ្លះក្នុងតំបន់ហ្គាហ្សាដើម្បី ឱ្យពលរដ្ឋរងគ្រោះក្នុងតំបន់ហ្គាហ្សាទទួលបានជំនួយខ្លះសិននោះ មិនបានទទួលការយល់ ព្រមពីអ៊ីស្រាអែលឡើយ។ ការវាយប្រហារស៊ីសាច់ហុតឈាមនៅតែបន្ត។ អ៊ីស្រាអែលបានច្រានចោលនូវគំនិតដែលចង់ឱ្យមានការបញ្ឈប់អំពើវាយលុករបស់ខ្លួនសូម្បី តែការស្នើសម្រាប់ការផ្អាកមនុស្សធម៌រយៈពេលខ្លីខ្លះដែលស្នើដោយរដ្ឋមន្ត្រីការបរទេសអាមេ រិកលោក Antony Blinken ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅក្នុងតំបន់ក៏ដោយ។


អ៊ីស្រាអែល​បាន​និយាយ​អះអាងថា ក្រុម​ហាម៉ាស​កំពុង​តែ​វាយប្រហារនូវកម្លាំងពេញលេញ របស់ខ្លួនដាក់លើកម្លាំងទាហានអ៊ីស្រាអែលនៅចំពោះមុខនាពេលនេះដែលគេមិនអាចបញ្ឈប់ប្រតិបត្តិការវាយប្រហារបានឡើយ។

ទាហាន​អ៊ីស្រាអែល​ថែមទាំងបាន​អះអាង​កាលពី​ថ្ងៃ​សុក្រ​ទី៣វិច្ឆិកាថា ពួកគេ​បាន​វាយប្រហារ​ដាក់លើរថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយក្រុម​យុទ្ធជន​ហា ម៉ាសនោះថែមទៀត។ ក្រុមទាហានអ៊ីស្រាអែលដែលកំពុងធ្វើប្រតិបត្តិការលុកលុយតំបន់ហ្គាហ្សា បានប្រាប់ពលរដ្ឋក្នុងតំបន់ហ្គាហ្សា​​ថាត្រូវនាំគ្នារត់ជម្លៀសទៅកាន់តំបន់ភាគខាងត្បូង ខណៈដែលកម្លាំងអ៊ីស្រាអែលបានធ្វើការផ្តាច់តំបន់ហ្គាហ្សាស្ទ្រីបនេះជា២។ កម្លាំងទ័ពអ៊ីស្រាអែលដែលវាយ កាត់ផ្តាច់ផ្លូវខ្សែកណ្តាល បានធ្វើដំណើរដល់មាត់សមុទ្ទដែលជាការពង្រាយកម្លាំងឡោមព័ទ្ធ ក្រុងហ្គាហ្សានិងកំពុងរំពឹងការបើកប្រតិបត្តិការមួយជំហានទៀតដើម្បីវាយលុកចូលក្នុងក្រុងហ្គាហ្សាផ្តាច់ព្រ័តតែម្តង។ កងកម្លាំង​អ៊ីស្រាអែល​នាពេលនេះ បានថ្លែងថាគេបានបើកច្រករបៀងមនុស្សធម៌មួយសម្រាប់ ទុកឱ្យពលរដ្ឋធ្វើដំណើររត់ភៀសខ្លួនទៅកាន់ភាគខាងត្បូងខណៈដែលកម្លាំងបានបន្តមុខ ព្រួញចូលវាយប្រហារក្រុមហាម៉ាសក្នុងតំបន់ភាគខាងជើង។ មេបញ្ជាការរងកងពលតូច ប្រយុទ្ធទី៤១អ៊ីស្រាអែលបានប្រាប់អ្នកសារព័ត៌មានក្នុងពេលកំពុងប្រយុទ្ធនៅលើសមរភូមិថា គេមិនអាចបញ្ចប់ការធ្វើសង្គ្រាមនេះបានគ្រាដែលក្រុមហាម៉ាសនៅតែបន្តការបញ្ជានិងគ្រប់ គ្រងតំបន់ហ្គាហ្សានេះឡើយ។

ទាហានអ៊ីស្រាអែលម្នាក់បាននិយាយក្នុងខ្សែវីដេអូនោះថា «ខ្ញុំកំពុងតែឈរជើងនៅផ្លូវ Salah Al-Din Road ភាគខាងត្បូងតំបន់ Zaytun។ ថ្ងៃនេះយើងបើកផ្លូវ Salah Al-Din Road ដែលជា ច្រករបៀងមនុស្សធម៌សម្រាប់ជនស៊ីវិលនៃតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង។ ចូរអ្នកនាំគ្នាធ្វើ ដំណើរទៅកាន់ភាគខាងត្បូងនៃក្រុង Wadi Gaza»។

ទាហានដដែលនោះបាននិយាយបន្តថា «តំបន់ហ្គាហ្សាស្ទ្រីបខាងជើងនិងក្រុងហ្គាហ្សាគឺជាតំ បន់សង្គ្រាមនាពេលនេះ និងជាតំបន់ដែលមានគ្រោះថ្នាក់។ អង្គការភេរវកម្មហាម៉ាសដ៏ឧក្រិដ្ឋ បានប្រើប្រាស់អស់លោកអ្នក ធ្វើជាខែលមនុស្សធម៌។ សូមលោកអ្នកធ្វើដំណើរទៅកាន់តំបន់ ភាគខាងត្បូង Wadi Gaza។ យើងនឹងជួយសម្របសម្រួលផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ នោះភាគខាងត្បូង Wadi Gaza នោះ»។

កងកម្លាំងអ៊ីស្រាអែលបាននិយាយថា ក្នុងប្រតិបត្តិការដើម្បីធ្វើឱ្យពលរដ្ឋមានការប៉ះទង្គិច ដោយតិចតួចបំផុតនោះ គេបានទម្លាក់ខិតបណ្ណតាមអាកាសចំនួន៦លានសន្លឹកនិងបានទូរ សព្ទច្រើនពាន់ម៉ឺនលើកអំពាវនាវពលរដ្ឋឱ្យធ្វើដំណើរចាកចេញទៅកាន់តំបន់ដែលមានសុវត្ថិ ភាព។ ប៉ុន្តែសេចក្តីរាយការណ៍បាននិយាយថានៅតំបន់ភាគខាងត្បូងដែលកម្លាំងអ៊ីស្រាអែលប្រាប់ឱ្យ ប្រជាជនហ្គាហ្សាធ្វើដំណើរភៀសខ្លួនទៅកាន់នោះ ស្រាប់តែរងនឹងការទម្លាក់គ្រាប់បែកថែម ទៀត។ ជំរំជនភៀសខ្លួន Al-Maghazi ដែលមានទីតាំងស្ថិតក្នុងភាគកណ្តាលនៃក្រុង Wadi Gaza ភាគ ខាងត្បូងបានរងការវាយប្រហារវេលាយប់ជ្រៅថ្ងៃទី៤វិច្ឆិកា។ ក្រសួងសុខាភិបាលហ្គាហ្សាបាន ថ្លែងថាមានមនុស្ស៤៧នាក់បានស្លាប់ និងថាការស្លាប់នោះត្រូវបានគេបន្ទោសថាដោយសារ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលប៉ុន្តែអ៊ីស្រាអែលមិនបានឆ្លើយតបជុំវិញការចោទប្រកាន់នេះឡើយ។

តួលេខស្លាប់ដដែលនោះ ត្រូវបានរាយការណ៍ម្តងទៀតនាយប់ថ្ងៃអាទិត្យទី៥វិច្ឆិកាថា មានមនុស្សស្លាប់កើនដល់៥២នាក់។ ការវាយប្រហារតាមផ្លូវអាកាសត្រូវគេរាយការណ៍ថា កាន់តែបង្កើនឡើងឥតឈប់ឈរពី សំណាក់កងកម្លាំងអាកាសអ៊ីស្រាអែល។ បណ្តាញទំនាក់ទំនងគ្នាតាមអ៊ីថឺណិតត្រូវបានកាត់ផ្តាច់ថែមទៀត។ សេចក្តីរាយការណ៍បានបង្ហាញនូវការបាញ់ផ្លោងរបស់អ៊ីស្រាអែល ដែលបានធ្វើឱ្យអគាររងការបាក់រំលំ និងប្រជាពលរដ្ឋក្នុងតំបន់ហ្គាហ្សា ត្រូវគេឃើញបាននាំគ្នាកាយគំនរ អគារបែកបាក់ស្វែងរកមនុស្សជាទីស្រឡាញ់របស់ខ្លួនដែលកប់ក្នុងគំនរបែកបាក់នោះ។

កន្លែងដែលវាយប្រហារនោះគឺជាកន្លែងនៃជំរំជនភៀសខ្លួនដែលមានមនុស្សជាច្រើនបានរស់នៅ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ខ្លះបានព្យាយាមការពារថាកន្លែងដែល មានទម្លាក់គ្រាប់បែកនាភាគខាងត្បូងនោះ មិនមែនជាកន្លែង ដែលអ៊ីស្រាអែលបានប្រាប់ ពលរដ្ឋស្លូតត្រង់ឱ្យធ្វើដំណើរទៅកាន់ទីនោះឡើយ។ ក្រុមហាម៉ាស​បានបន្ទោសថាការវាយប្រហារដាក់លើជំរំជនភៀសខ្លួននាភាគខាងត្បូងនោះ គឹជាស្នាដៃរបស់ក្រុមទាហានអ៊ីស្រាអែល ប៉ុន្តែអ៊ីស្រាអែលបាននិយាយថាគេនឹងធ្វើការស៊ើបអង្កេត។

សម្លេងបុរសម្នាក់បានស្រែកថា «តើមានអ្នកណាបានឮសម្លេងខ្ញុំទេ?» ដែលជាការស្រែក រក មនុស្សដែលស្ថិតក្នុងគំនរបែកបាក់ ក្នុងពេលដែលគាត់កំពុងរុករកមនុស្សដែលអាចសេសសល់ មានជីវិតកប់ក្នុងគំនរដែលមិនទាន់អាចមានច្រកចេញបាន។ បុរសនោះបាននិយាយថាគាត់ ជឿថាពិតជានៅមានមនុស្សរងគ្រោះដែលកំពុងរកគេជួយសង្គ្រោះជីវិតចេញពីគំនរដែលកប់ពួកគេនៅទីនោះ។

អ្នកកាសែតក្នុងស្រុកម្នាក់ឈ្មោះ Mohammed Al-Aloul បានថ្លែងថាកូនរបស់គាត់ស្លាប់ទាំង អស់លើកលែងតែម្នាក់ដែលនៅរស់។ គាត់បានថ្លែងថាគាត់បានបាត់បង់កូនស្រីជាទីស្រឡាញ់ និងគាត់បាននិយាយទាំងក្តុកក្តួលថាគាត់មិនដឹងថានឹងត្រូវនិយាយយ៉ាងណាទៀតទេ។

ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលបានឈានចូលដល់ថ្ងៃទី៣០ហើយគិតត្រឹមថ្ងៃចន្ទទី៦វិច្ឆិកា គ្រាដែលក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាននិយាយថា មានពលរដ្ឋក្នុងតំបន់ហ្គាហ្សា ស្ទីបស្លាប់ប្រមាណជាង១ម៉ឺន១ពាន់នាក់ ក្នុងនោះអ្នកស្លា​ប់ប្រមាណជាង១ភាគបីគឺជាកុមារ។ ក្រសួងសុខាភិបាលហ្គាហ្សាបានបញ្ជាក់នូវចំនួនតួលេខទៀតថា ក្នុងចំណោមជនជាតិប៉ាឡេ ស្ទីនដែលត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សានោះ គឺរួមមានកុមារប៉ាឡេស្ទីនជាង៤ពាន់៨០០ នាក់ ។

កងកម្លាំងថ្មើរជើងអ៊ីស្រាអែល បានធ្វើដំណើររំកិលសមរភូមិទៅមុខជារៀងរាល់ថ្ងៃយ៉ាងសន្សឹមៗ។ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់សាជាថ្មីថា គេមិនអាចមាន «បទឈប់បាញ់» បណ្តោះអាសន្ននៅតំបន់ Gaza បានទេ លុះត្រាណាតែក្រុមហាម៉ាសដោះលែង ចំណាប់ខ្មាំងដែល ពួកគេបានចាប់ពីលើទឹកដីអ៊ីស្រាអែលក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលានោះសិន។ រហូតមកទល់នឹងពេលនេះ បើទោះបីជាមានការដោះលែងចំណាប់ខ្មាំង ខ្លះដោយក្រុមហាម៉ាស ប៉ុន្តែវាសនារបស់អ្នកដទៃទៀតនៅមិនទាន់ដឹងយ៉ាងណាហើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken បានធ្វើដំណើរសាជាថ្មីមកដល់តំបន់មជ្ឈិម បូព៌ាដែលក្នុងនោះចំណុចពិភាក្សាមួយចំនួនត្រូវបានលើកយកមកជជែករួមទាំងបញ្ហាចំណាប់ ខ្មាំងនិងការស្វែងរកការឈប់សម្រាកខ្លីខ្លះដើម្បីការឈប់បាញ់។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Anthony Bliken ក្នុងដំណើរមកកាន់ប្រទេសអ៊ីស្រាអែល លោកបានជួបមេដឹកនាំរដ្ឋបាលប៉ាឡេស្ទីនលោក Mahmud Abbas ក្នុងតំបន់ West Bank។ លោក Mahmud Abbas បានស្នើរកការឈប់បាញ់គ្នាជាបន្ទាន់មួយ ប៉ុន្តែលោក Anthony Bliken បានស្នើឱ្យមានការសម្រាកខ្លីនៃការឈប់បាញ់គ្នាខ្លះ។

លោក Anthony Bliken បានថ្លែងថា «អ្នករាល់គ្នានឹងស្វាគមន៍ការសម្រាកឈប់បាញ់គ្នាខ្លះ ពីព្រោះវាអាចជួយជំរុញវត្ថុនានាដែលយើងព្យាយាមចង់សម្រេចដោយរួមមានទាំងការ ជួយចំណាប់ខ្មាំងវិលត្រឡប់មកវិញ និងក៏រួមមានទាំងការទទួលនូវបានជំនួយដ៏ច្រើនថែម ទៀតចូលក្នុងតំបន់ហ្គាហ្សាដែលក៏នឹងជួយឱ្យមានមនុស្សចាកចេញពីតំបន់ហ្គាហ្សាថែមទៀត «។ ទោះជាយ៉ាងណាក៏ដោយការស្នើសម្រាកឈប់បាញ់គ្នាខ្លះនេះ នៅមិនទាន់មានការយល់ ព្រមពីអ៊ីស្រាអែល ដែលកំពុងបើកយុទ្ធនាការតាមសម្លាប់ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សានោះឡើយ។ចំនួនអ្នកស្លាប់កើនឡើងនៅតំបន់ហ្គាហ្សា បានជំរុញឱ្យមានកំហឹងអន្តរជាតិកាន់តែខ្លាំងឡើង ដោយមនុស្សរាប់ម៉ឺននាក់ចាប់ពីក្រុងវ៉ាស្ហ៊ីនតោនរបស់អាមេរិក ទៅកាន់ក្រុងប៊ែរឡាំងប្រទេស អាល្លឺម៉ង់ ត្រូវគេឃើញថា បាននាំគ្នាធ្វើដំណើរតាមដងផ្លូវកាលពីថ្ងៃសៅរ៍ ដើម្បីទាមទារបទ ឈប់បាញ់គ្នាជាបន្ទាន់។

មិនមានការឆ្លើយតបណាមួយចំពោះកិច្ចសំណើរបស់ពលរដ្ឋដែលទាមទាររកការឈប់បាញ់គ្នានេះឡើយ។
ក្នុងសេចក្តីរាយការណ៍ផ្សេងមួយដាច់ដោយឡែកថែមទៀតនោះ រដ្ឋមន្ត្រីក្រសួងមរតកគឺលោក Amihai Eliyahu ក្នុងពេលដែលកំពុងតែមានការវាយប្រហារ ទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលដាក់មកលើតំបន់ហ្គាហ្សានោះ ស្រាប់តែបានប្រើពាក្យគំរាមថា អ៊ីស្រាអែលនឹងអាចទម្លាក់គ្រាប់បែកនុយក្លេអែ័រដាក់លើតំបន់ហ្គាហ្សា។ អ៊ី ស្រាអែលត្រូវគេជឿថា ប្រទេសទី៦លើពិភពលោកនេះដែលមានអាវុធនុយក្លេអ៊ែ័រ ប៉ុន្តែប្រទេស នេះមិនមានកងកម្លាំងនុយក្លេអ៊ែ័រឡើយ។

ការប្រើពាក្យសម្តីនូវលទ្ធភាពចង់ប្រើប្រាស់អាវុធនុយក្លេអ៊ែ័ររបស់ខ្លួនទម្លាក់លើតំបន់ហ្គាហ្សានោះ ត្រូវបាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដាក់ពិន័យដកចេញពីតួនាទីរដ្ឋមន្ត្រីក្រសួងមរតក កាលពីថ្ងៃអាទិត្យទី៥វិច្ឆិកា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាន ប្រញាប់ថ្លែងកែសំរួលមកវិញថា សម្តីរបស់រដ្ឋមន្ត្រីក្រសួងមរតកអ៊ីស្រាអែលនោះ មិនមែនជាការពិតនោះទេ។ លោក Benjamin Netanyahu បាននិយាយប្រាប់ពិភពលោកវិញថា អ៊ីស្រាអែលនិងកម្លាំងយោធារបស់ខ្លួនកំពុងប្រតិបត្តិការស្រប តាមការអនុវត្តស្តង់ដាដ៏ខ្ពស់បំផុត នៃច្បាប់អន្តរជាតិដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជនស្លូតត្រង់៕

Powered by Blogger.