សង្រ្គាមហ្កាហ្សា៖ អ.ស.បបារម្ភ​នៅចំពោះមុខការកើនឡើង ការស្អប់​ជនជាតិជ្វីហ្វនិង​អ្នកកាន់​សាសនា​អ៊ីស្លាម

 ឧត្តម​ស្នងការសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ​សំដែង ការសោកស្តាយ​នៅចំពោះមុខនៃ​ការកើនឡើង​សកម្មភាព​ខឹងស្អប់​ជនជាតិជ្វីហ្វ និង​អ្នកកាន់សាសនាអ៊ីស្លាម។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស ចុះផ្សាយ​នៅថ្ងៃសៅរ៍​ទី៤ ចំនួន​ស្អប់ រើសអើង​នៅក្នុងពិភពលោក បានកើនឡើងខ្លាំង នៅបន្ទាប់ពីអ៊ីស្រាអែលបើក​ការវាយប្រហារសងសឹកក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅ​ទឹកដីហ្កាហ្សា។

នៅ​ក្នុង​បរិបទ​នៃសង្រ្គាមហ្កាហ្សា ករណីស្អប់ ប្រឆាំង​ជនជាតិជ្វីហ្វ អ្នកកាន់សាសនា​អ៊ីស្លាម រួម​ទាំង​សារស្អប់ជេរប្រមាថ នៅក្នុង​ពិភពលោក បានកើនឡើង​ ក្នុងកម្រិត​មួយ​គួរ​ឲ្យព្រួយបារម្ភ។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែលមានទីស្នាក់ការនៅទីក្រុង​ហ្សឺណែវ។

សម្រាប់​ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស លោក Volker Türk សង្រ្គាម​វាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា​ដើម្បី​សងសឹក​ក្រុមហាម៉ាស​ប៉ាឡេស្ទីន បាន​ជះផល​អាក្រក់​ទៅគ្រប់ទីកន្លែង នៅក្នុង​ពិភពលោក មាន​ជាអាទិ៍ ការស្អប់ និយាយប្រមាថ អំពើហិង្សា ការរើសអើង ការបែងបាក់នៅក្នុង​សង្គម ការបដិសេធទាត់ចោល​សិទ្ធិសេរីភាពបញ្ចេញមតិ និងការរឹតត្បិត​ហាមឃាត់​ការជួបជុំ​ដោយសន្តិវិធី។

នៅតាមប្រទេស​អឺរ៉ុប​មួយចំនួន ដូចជា បារាំង អាល្លឺម៉ង់ និង​អង់គ្លេសជាដើម បាតុកម្ម​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន ត្រូវ​អាជ្ញាធរ​បិទខ្ទប់ ហាមមិន​ឲ្យរៀបចំ ឬ​បង្រ្កាបដោយ​ហិង្សា នៅក្នុង​ហេតុផល​សន្តិសុខ​ជាតិ។ នៅ​អង់គ្លេស បន្ទាប់ពី​ក្រុមហាម៉ាស​បើកការវាយប្រហារសម្លាប់មនុស្ស នៅអ៊ីស្រាអែល រដ្ឋាភិបាល ចេញច្បាប់​ផាកពិន័យ ដាក់ទោស​អ្នកដែល​ល្មើស​លើកទង់​សញ្ញា​គាំទ្រ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែលអង់គ្លេស ចាត់ទុកជា​ក្រុមភេរវនិយម។

នៅបណ្តាប្រទេស​មួយចំនួន នៅអឺរ៉ុប សារស្អប់ជនជាតិជ្វីហ្វ ឬរូបសញ្ញា​ផ្កាយ​David ត្រូវ​បាន​គេសរសេរ​នៅតាមជញ្ជាំង ឬនៅលើ​ផ្នូរជ្វីហ្វ។ ជាក់ស្តែង នៅ​ប្រទេស​បារាំង ជាទី​ដែល​មានជនជាតិ​ជ្វីហ្វ ៥សែននាក់ គេឃើញ​មាន​សញ្ញារូបផ្កាយ David ដែល​ជា​សញ្ញាសំគាល់​សាសនា​ជ្វីហ្វ គូស​នៅ​លើជញ្ជាំងអគារនៅទីក្រុង​ប៉ារីស។ យោងតាម ការិយាល័យជាតិ​ប្រយុទ្ធប្រឆាំង ការស្អប់​នៅក្នុងលើ​បណ្តាញសង្គម គិតចាប់តាំង​ពីមាន​សង្រ្គាមហ្កាហ្សា គេរកឃើញមាន​សកម្មភាព​ប្រឆាំងស្អប់ជ្វីហ្វ ឬ​គាំទ្រ​ក្រុមហាម៉ាស យ៉ាងតិច ១៦០ករណី។

ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស​មិន​លាក់លៀម​ក្តីកង្វល់ បន្ទាប់​ពី​លោក​បាន​លឺ​ជនជាតិជ្វីហ្វ ឬ​អ្នកកាន់សាសនា​អ៊ីស្លាម មួយចំនួន​និយាយថា ចាប់តាំងពី​ផ្ទុះមាន​សង្រ្គាម​ប្រយុទ្ធគ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស នៅ​ហ្កាហ្សា ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​រស់នៅ​ដោយគ្មានសុខសុវត្ថិភាព។

ឧត្តមស្នងការសិទ្ធិមនុស្ស​ចេញ​សេចក្តីថ្លែងការណ៍​ស្តីពីការកើនឡើង​ចំនួន​ស្អប់ជនជាតិ​ជ្វីហ្វ និងអ្នកកាន់សាសនាអ៊ីស្លាម នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ អ្នកគាំទ្រ​ប៉ាឡេស្ទីន បាន​លើកគ្នា​សម្រុកចូល ទៅ​ក្នុង​អាកាសយានដ្ឋានមួយ នៅ​ប្រទេស​រុស្ស៊ី ដើម្បី ឆែកឆេរ ដេញដោលសួររក​អត្តសញ្ញាណប័ណ្ណ ដើម្បី​រកមុខ​ជនជាតិជ្វីហ្វ ធ្វើដំណើរ​មកពី​ប្រទេស​អ៊ីស្រាអែល។ ក្នុងចំណោម​បាតុកររុស្ស៊ី គេឃើញ​មាន​ផ្ទាំងបដា​ដែលសរសេរ​ថា “Daguestan មិនទទួលជាដាច់ខាត ពួកឃាតករសម្លាប់កុមារប៉ាឡេស្ទីន”។ រីឯបុគ្គលខ្លះទៀត នាំគ្នាសម្រែកថា Allah Akbar !  ដែលមានន័យថា (ព្រះអាឡាធំដ៏អស្ចារ្យ) ក្នុងពេល​ដែលអ្នកខ្លះទៀតនាំគ្នាលើកគ្រវី ទង់ជាតិ​ប៉ាឡេស្ទីន។

នេះជា​ទង្វើមួយទៀតដែលបង្ហាញ​ការរើសអើង ស្អប់ប្រឆាំង ជនជាតិជ្វីហ្វ នៅក្នុង​បរិបទដ៏តានតឹង ចាប់តាំងពីអ៊ីស្រាអែល​ធ្វើប្រតិបត្តិការវាយប្រហារ​ឥតសំចៃ​ទៅលើ​ក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា៕


Powered by Blogger.