ជនជាតិចិន និងវៀតណាម៣៣នាក់ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ ករណីបង្ខាំងជនជាតិវៀតណាមដោយខុសច្បាប់

 


ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនក្រុមជនសង្ស័យចំនួន ៣៣នាក់ ពាក់ពន្ធករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ដោយខុសច្បាប់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរ ដោយក្នុងនោះមានជនជាតិ ចិនដីគោក៣១ នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់ ។ ដោយឡែកចំពោះខ្មែរចំនួន៨ នាក់ ត្រូវបានសមត្តកិច្ចអនុញ្ញាតិឲ្យទៅផ្ទះវិញ ព្រោះពួកគេសុទ្ធសឹងជាកម្មករ ស៊ីឈ្នួលដាំបាយ និងជូតផ្ទះឲ្យជនជាតិចិនមួយក្រុមនោះ ។ សំណុំរឿងខាងលើនេះបានដល់ដៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ។




តាមរបាយការណ៍របស់សមត្ថកិច្ច គឺកាលពីថ្ងៃរំលងអាធ្រាត្រយប់ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋាន ចុះធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនមនុស្សចំនួន៤១ នាក់ នៅចំណុចមុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជម្រិតទារប្រាក់ និង បើកល្បែងស៊ីសងអនឡាញដោយខុសច្បាប់ ។


ការចុះបង្ក្រាបនោះគឺសមត្តកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីម្នាក់ជាជនជាតិវៀតណាម ដែលចេះនិយាយភាសាខ្មែរដោយអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានជនមួយក្រុមចាប់បង្ខាំង និងជម្រិតទារប្រាក់ចំនួន២ ៥០០ ដុល្លារអាមេរិក ក្រោយពីពួកគេល្បួងលួងលោមឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនទាំងអស់នោះ បែរជាចាប់ប្អូនប្រុសគាត់(ដើមបណ្តឹង)បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្ខាំងជម្រិតទារប្រាក់ទៅវិញ។


បងស្រីជនរងគ្រោះប្រាប់សមត្ថកិច្ចថា ប្អូនប្រុសរបស់គាត់បានផ្ញើសារតាមរយៈទូរស័ព្ទបញ្ជាក់ពីទីតាំងដែលក្រុមជនសង្ស័យចាប់យកទៅបង្ខាំងជម្រិតទារប្រាក់នោះ ទើបគាត់បានទៅរាយការណ៍និងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងរំដោះប្អូនប្រុសគាត់ពីកណ្តាប់ដៃជនឧក្រិដ្ឋដល់ទីតាំងនោះ ។

ក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្តកិច្ចនគរបាល បានឡោមព័ទ្ធទីតាំងមួយកន្លែងដែលមានអាគារកម្ពស់៣ជាន់ ឃាត់ខ្លួនមនុស្សចំនួន៤១ នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន ៣៣នាក់ក្នុងនោះស្រីម្នាក់ ជនជាតិខ្មែរចំនួន៨ នាក់ ។

ក្រោយប្រតិបត្តិការកម្លាំងសមត្តកិច្ចបានធ្វើការដកហូតរថយន្តចំនួន៤ គ្រឿងរួមមាន ៖ រថយន្តម៉ាករ៉ូសរ៉ូយមួយគ្រឿង។ រថយន្តម៉ាកធន់ត្រា មួយគ្រឿង ។ រថយន្តម៉ាកអាល់ហ្វាត មួយគ្រឿង ។រថយន្ត ម៉ាកឡង់គ្រីស័រ មួយគ្រឿង ។ទូរសព្ទដៃចំនួន ១៧ គ្រឿង និងម៉ូតូ០២ គ្រឿង ៕

Powered by Blogger.