នាវាទេសចរណ៍បរទេសមួយគ្រឿង នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ១ ០០០នាក់ ចូលចត ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ VIKING ORION បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ជិត ១ ០០០នាក់ ចូលចត ធ្វើទស្សនកិច្ចនៅតាមតំបន់ទេសចរណ៍ ទីប្រជុំ ជន និងតំបន់វប្បធម៌ក្នុងក្រុងព្រះសីហនុ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាវាទេសចរណ៍ VIKING ORION មានបណ្តោយ ២២៨.៣០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៦៥ម៉ែត្រ បានធ្វើដំណើចាកចេញពីប្រទេសវៀតណាម ចូល សំចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ហើយនាវាក៏មាន គម្រោង ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១៤រសៀល នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសថៃ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា VIKING ORION មានចំនួន ៨៦៨នាក់ ស្រីចំនួន ៥៤០នាក់ មាន ១៨សញ្ជាតិផ្សេងគ្នា និងមាន នាវិក សរុបចំនួន ៤៦៩នាក់ ស្រី ៩៤នាក់ មាន ៥០សញ្ជាតិ។
ភ្ញៀវទេសចរបរទេស បានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជន តំបន់វប្បធម៌ ខេត្ត ក្រុងព្រះសីហនុមានដូចជា ផ្សារលើ រមណីយដ្ឋានវប្បធម៌ វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមតំបន់ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។
ការចូលចតរបស់នាវាទេសចរណ៍ VIKING ORION នៅកំពង់ផែស្វយ័ត ក្រុង ព្រះសីហនុនេះ បង្ហាញពីរដូវរំហើយឈានចូលមកដល់ ព្រោះជារៀងរាល់ឆ្នាំចាប់ពីខែវិច្ឆិកា មាននាវាទេសចរណ៍បរទេសតែងតែនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ធ្វើដំណើរចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជារដូវពុំសូវមានភ្លៀង ព្យុះ ការធ្វើដំណើរមានសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវសមុទ្រនៅក្នុងតំបន់ប្រទេសអាស៊ី៕
Post a Comment