រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការច្បាប់ចំពោះនគរបាលណាដែលជាប់ពាក់ព័ន្ធគ្រឿងញៀន

 ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  មានប្រសាសន៍ ថា ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។ ក្នុងនោះរាល់ការបំពេញភារកិច្ច គប្បីជៀសឱ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀន ហើយក្នុងករណីរកឃើញថា នគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរ៉ឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌ ជាដើម។ នេះបើតាមការបញ្ជាក់របស់ លោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបន្តថា ដោយសារការវិវត្តនៃសង្គម ក្នុងនាមជាកងកម្លាំងនគរបាលជាតិគប្បីផ្ដោតការយកចិត្តទុកដាក់លើបទល្មើសមួយចំនួនដែលកំពុងកើតមាន ជាអាទិ៍ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទូទៅគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាចរាចរណ៍។ ពាក់ព័ន្ធការជួញដូរផ្លូវភេទ និងការជួញដូរមនុស្ស ត្រូវបានលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់ស្នងការដ្ឋាននគរបាល គួរពិនិត្យលទ្ធភាពបង្កើតយន្តការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ ឧបាយកល វិធីបង្ការ និងមធ្យោបាយរំដោះខ្លួន ជាដើម ដល់យុវនារី អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ 

ដើម្បីអនុវត្តតួនាទី-ភារកិច្ច ផ្ដល់ជូនភាពកក់ក្ដៅដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព លោក ស សុខា បានជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលទាំងអស់ បន្តអភិវឌ្ឍន៍សមត្ថភាពជំនាញឱ្យស្របតាមការប្រែប្រួលសង្គមបច្ចុប្បន្ន ជាពិសេសការវិវត្តខាងបច្ចេកវិទ្យា ដោយចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឬការរៀបចំវគ្គបំប៉នសមត្ថភាពផ្ទៃក្នុង។ លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នាពេលខាងមុខ ក្រសួងមហាផ្ទៃ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់គណៈដឹកនាំស្នងការដ្ឋានរាជធានី-ខេត្តទូទាំងប្រទេស និងកម្រិតថ្នាក់ដឹកនាំតាមអង្គភាពនគរបាលចំណុះក្រសួងមហាផ្ទៃផ្សេងៗទៀត៕


Powered by Blogger.