កាន់តែក្តៅ បន្ទាប់ពីបានស្តាប់សម្លេង នាយឧត្តមសេនីយ៍ គៀង សាវុធ បញ្ជាក់ថាមិនពាក់ព័ន្ធ ជនជាខ្មាន់កាំភ្លើង និងបក្សពួក ដែលបានបាញ់បោះនៅលើខ្នងភ្នំគីរីរម្យ

 ខេត្តកំពង់ស្ពឺ: បន្ទាប់ពីបានស្ដាប់សារសម្លេងរបស់នាយឧត្តមសេនីយ៍ គៀង សាវុធ  មន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិ ធ្វើឱ្យអង្គភាពអ្នកសារព័ត៌មានយើងពិតជាភ្ញាក់ខ្លួនព្រើតតែម្ដង។

បើយោងតាមឯកសារផ្លូវការរបស់អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានប្រតិកម្មខ្លាំងៗ និងដាក់បទបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនឱ្យបានជនដែលជាខ្មាន់កាំភ្លើង និងបក្សពួក ដែលបានបាញ់បោះនៅលើខ្នងភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទោះជាកូនលោកធំ ឬផ្កាយប៉ុន្មានក៏ដោយ។


ឯកឧត្តម អភិបាល បានដាក់បទបញ្ជាដូចនេះ ក្នុងកិច្ចប្រជុំគណ:កម្មការអុំទូក នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវបានកំណត់មុខសញ្ញារួចហើយ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែនាំខ្លួនមកទទួលទោសចំពោះមុខច្បាប់ឱ្យខានតែបាន ទោះជាបុគ្គលនោះមានតួនាទី បុណ្យសក្តិ និងកូនអ្នកធំណាក៏ដោយ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត បានខិតខំរក្សានូវសុខសន្តិភាព និងសន្តិសុខ ដើម្បីឱ្យអ្នកវិនិយោគ និងភ្ញៀវ គេមករកស៊ីបណ្តាក់ទុន និងមកលេងកម្សាន្ត ប៉ុន្តែត្រូវបានភិតភ័យដោយក្រុមខ្មាន់កាំភ្លើងទាំងនេះ ដូច្នេះមិនត្រូវលើកលែងឱ្យឡើយ។ 

ម្យ៉ាងវិញទៀត ដើម្បីជៀសវាងការភ័យខ្លាចពីអសន្តិសុខរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំមានការភិតភ័យ ហើយអាចរស់នៅ និងបន្តលេងកម្សាន្តធម្មតា ព្រោះរដ្ឋបាលខេត្តបាននិងកំពុងមានចំណាត់ការលើក្រុមទាំងនេះហើយ។


អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឲ្យដឹងថា លោកមិនលូកដៃនៅក្នុងកិច្ចការរបស់សមត្ថកិច្ច និងតុលាការខេត្តនោះទេ ប៉ុន្ដែបានពន្យល់បន្ថែមជុំវិញករណីថា សកម្មភាពនេះអាចនឹងមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ ឬការអនុវត្តវិន័យកងកម្លាំងលេខ ០០៦។ 

លោកបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា ការងារទាំងនេះគឺស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បាននឹងកំពុងដំណើរការនីតិវិធីហើយ។ ក្រោយពីបញ្ចប់នីតិវិធីគឺខាងស្នងការដ្ឋាននគរបាលនឹងធ្វើរបាយការណ៍មកអគ្គស្នងការនគរបាល ហើយបន្ដសុំគោលការណ៍សម្រេចពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ប្រសិនបើការរកឃើញមានទាំងភស្ដុតាងនិងការចង្អុរបង្ហាញផ្សេងៗ អ្នកប្រព្រឹត្តិនឹងប្រឈមនឹងការដាក់ពិន័យកងកម្លាំង ០០៦ ដែលការពិន័យមានដូចជាការដកហូតឋាន្ដរស័ក្ដិ ការបណ្ដេញចេញពីតួនាទី ឬក្របខ័ណ្ឌជាដើម (ការលើកឡើងនេះជាករណីទូទៅ)។ យ៉ាងណាមិញ បើការដាក់ទោសរដ្ឋបាលហើយក្ដី ក៏នៅប្រឈមទោសព្រហ្មទណ្ឌផ្សេងទៀត ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាដំបូងខេត្តកំពង់ស្ពឺ។ 

នៅត្រង់នេះគេនឹងពិនិត្យលើអាវុធកាន់កាប់តើជាអាវុធកាន់កាប់ដោយមានច្បាប់ឬមិនមានច្បាប់? ឧទាហរណ៍ថាការកាន់កាប់អាវុធនោះស្របច្បាប់ក្ដី គេនឹងសិក្សាលើការបាញ់បោះនោះស្របឬមិនស្របច្បាប់ទៀត មានន័យថាការបាញ់នៅក្នុងអំឡុងបំពេញភារកិច្ច ឬបាញ់នៅក្នុងកម្រិតកម្សាន្តសប្បាយ (ស្ដារកាណុង និងបង្ហាញអានុភាពរបស់ខ្លួនគឺជាអំពើខុសច្បាប់ទាំងអស់) ដែលករណីនេះស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការខេត្តកំពង់ស្ពឺនឹងចាត់នីតិវិធី។

នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ បានចេញមកអះអាងថា ករណីបាញ់បោះទាំងកណ្តាលយប់ជាង ២០០គ្រាប់ នៅចម្ការតែ លើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺនោះ លោកសូមបដិសេធមិនមានឈ្មោះ គៀង សាវុធ និងឈ្មោះ គៀង ចាន់តួ នោះទេ។

ក្នុងករណីនេះ លោកបើកទូលាយឱ្យមានការបើកការស៊ើបអង្កេត ប្រសិនបើរកឃើញថា ជាឈ្មោះរបស់លោក និងកូនរបស់លោកពិតមែននោះ លោកហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ អាចដកស័ក្តិទាំងលោក និងកូនរបស់លោក ឬក៏ដាក់ពន្ធនាគារ ប្រសិនបើករកឃើញករណីបាញ់បោះនោះជាទង្វើរបស់លោកពិតមែននោះ។

ទន្ទឹមនេះទាក់ទងនឹងករណីនេះដែរ លោកក៏បានស្នើឱ្យអ្នកសារព័ត៌មានធ្វើការកែតម្រូវឡើងវិញជាបន្ទាន់ក្នុងរយៈពេលមួយសប្តាហ៍ បើមិនដូចនេះទេ លោកនឹងមានវិធានការតាមផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មាន ឬក៏អ្នកចោទទៅលើរូបលោក និងក្រុមគ្រួសាររបស់លោកក្នុងករណីនេះ។

សូមបញ្ជាក់ថា មានករណីផឹកស៊ី ចាក់ធុងបាស់ បាញ់បោះ ហ៊ោកញ្ជៀវនៅចម្ការតែ លើភ្នំគិរីរម្យ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសមត្ថកិច្ចបានចុះទៅពិនិត្យ និងរើសបានសំបកកាទុះចំនួន ២០៣គ្រាប់ ក្នុងនោះប្រភេទអាវុធខ្លីចម្រុះចំនួន ១១២គ្រាប់ គ្រាប់M១៦ ចំនួន ៣៦គ្រាប់ និងគ្រាប់ ៥៥គ្រាប់ ផ្សេងទៀតមិនស្គាល់ម៉ាក។

អង្គភាពអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានយោងលើវត្ថុតាង និងរបាយការណ៍ ដែលទទួលបាន ពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយតាមវិជ្ជាជីវៈប្រកបដោយក្រុមសីលធម៌សុជីវធម៌ មិនមែនជាតុលាការកាត់ក្តី និងមិនដែលចងគំនុំនិងបុគ្គលណាម្នាក់ឡើយ ហើយក៏គ្មានអ្វីនឹងពិបាកក្នុងការឆ្លើយតបដែរ។យ៉ាងណាមិញលោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានប្រកាសជាសាធារណៈហើយ  ហើយអង្គភាពយើងនិងរង់ចាំមើលថា ថ្នាក់ដឹកនាំនៅខេត្តកំពង់ស្ពឺបញ្ចេញកណ្ដាប់ដៃដែកក្នុងការបង្ក្រាប មន្ត្រីឡើងកបាញ់បោះដោយសេរី បានដែរឬក៏យ៉ាងណា អង្គភាពអ្នកសារព័ត៌មានយើងនិងផ្សព្វផ្សាយជាបន្ត 

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

ផ្សាយវគ្កមុន៖ អាជ្ញាធរខេត្តកំពង់ស្ពឺ កំណត់មុខសញ្ញារួចហើយ ពាក់ព័ន្ធនឹងករណី បាញ់បោះនៅលើខ្នងភ្នំគីរីរម្យ





Powered by Blogger.