យោធាម្នាក់ ឆាតផ្ដាំផ្ញើរប្អូនស្រីឱ្យជួយមើលថែកូន រួចធ្វេីអត្តឃាតបញ្ចប់ជីវិតខ្លួនឯង

 ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធា បានសម្រេចចិត្តធ្វេីអត្តឃាត ដោយចងកសម្លាប់ខ្លួនចោលកូនឱ្យកំព្រា បង្កការភ្ញាក់ផ្អេីលនៅវេលា ១០និង១៥នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចដីឡូត៍លេខ៤៧ ផ្លូវលំ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះស៊ូ សៀន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មន្រ្តីយោធា ស្នាក់នៅផ្ទះកើតហេតុ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ចាក់ថា មុនពេលកើតហេតុឈ្មោះស៊ូ សៀន (ជនរងគ្រោះ) វេលាម៉ោង ០៨និង៣០នាទី បានចេញពីផ្ទះនៅម្តុំផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដើម្បីមកផ្ទះដែលនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រហែលម៉ោង ១០និង១០នាទី រួចហើយជនរងគ្រោះ បានជិះម៉ូតូ YAMAHA. SZ ស្លាក់លេខ ភ្នំពេញ 1IU .2929 មកទុកនៅខាងមុខផ្ទះ រួចហើយជនរងគ្រោះ បានដើរចូលទៅក្នុងផ្ទះ ដោយបិទទ្វារផ្ទះតែមិនបានចាក់សោរផ្ទះទេ ។ បន្ទាប់មកជនរងគ្រោះបានឡើងទៅលើផ្ទះ រួចក៏បានឆាតទៅឈ្មោះ ស៊ូ សុវណ្ណារី ដែលត្រូវជាប្អូនស្រីឱ្យជួយមើល កូនរបស់គាត់ផង ។

បន្ទាប់មក ឈ្មោះ ស៊ូ សុវណ្ណារី ដែលត្រូវជាប្អូនស្រី បានតេទូរស័ព្ទ និងឆាតទៅបងប្រុសជាច្រើនដង តែបងប្រុសមិនបានលើកទូរស័ព្ទ និងឆ្លើយតបឆាត ប្អូនស្រីជនរងគ្រោះបានតេទូរស័ព្ទ មក ឈ្មោះ ឃួន ប៊ុនថន ដែលត្រូវជាមិត្តភក្តិ របស់បងប្រុស ឱ្យគាត់ទៅជួយមើលបងប្រុសរបស់គាត់ តើគាត់បានទៅដល់ហើយឬនៅ ពីព្រោះនាងតេទូរស័ព្ទទៅគាត់ចូល តែគាត់មិនបានលើកទូរស័ព្ទ រួចឈ្មោះ ឃួន ប៊ុនថត បានចេញពីផ្ទះដើរមកមើលនៅផ្ទះ ឃើញម៉ូតូនៅពីមុខផ្ទះ និងបិទទ្វារផ្ទះ តែមិនបានចាក់សោរផ្ទះទេ ឃើញបែបនេះ គាត់ក៏បានហៅអ្នកជិតខាង បានគ្នាពីរបីនាក់ បើកទ្វាចូលទៅមើលក្នុងផ្ទះ តែមិនបានឃើញមនុស្ស គាត់ក៏បានឡើងតាមកាំជណ្តើរទៅមើលនៅខាងលើផ្ទះ ក៏ប្រទះឃើញឈ្មោះ ស៊ូ សៀន (សព) បានចងក នឹងខ្សែលីឡុង សម្លាប់ខ្លួនបាត់ទៅហើយ រួចហើយឈ្មោះ ឃួន ប៊ុនថន ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ។

បេីតាមការពិនិត្យ និងវិភាគរបស់មន្ត្រីជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះ ពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងប្រាកដមែន ។ ក្រោយមក សពជនរងគ្រោះត្រូវបានមន្ត្រីជំនាញធ្វេីកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ 


Powered by Blogger.