កិច្ចប្រជុំពីវឌ្ឍនភាពស្ដីពី ការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តបន្ទាយមានជ័យឆ្នាំ២០២៣



(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យ អនុគណៈកម្មការ ពិធីការតុបតែង និងសម្របសម្រួលទូទៅ បានរៀបចំបើកកិច្ចប្រជុំពីវឌ្ឍនភាពស្ដីពី ការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ក្រុង ស្រុក ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី ព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


លោក ង៉ោ ម៉េងជ្រួន បានមានប្រសាសន៍លើកឡើងថា៖កិច្ចប្រជុំនាព្រឹកនេះពិតជាមានសារៈសំខាន់ណាស់គឺចង់ឲ្យលោក លោកស្រី ដើម្បីចូលរួមក្នុងការបញ្ចេញមតិយោបល់លើកឡើងពីចំណុចខ្វះខាត ដើម្បីចូលរួមកែលម្អ ក៏ដូចជាក្នុងការបែងចែកភារកិច្ចអនុគណៈកម្មការ ពិធីការតុបតែង និងសម្របសម្រួលទូទៅ ឲ្យទទួលខុសត្រូវតាមផ្នែកនីមួយៗ ឱ្យមានភាពរលូន និងងាយស្រួល ដើម្បីជូនបងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្ត និងទស្សនា នាថ្ងៃខាងមុខនេះ។


រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូក(ង)ថ្នាក់ខេត្ត មានចំនួន២៨ទូក នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ 


សម្រាប់ការដាក់តាំងបង្ហាញផលិតផល ភូមិមួយផលិតផលមួយ និងសមិទ្ធផលនានា របស់រដ្ឋបាលខេត្ត អមដោយ ការប្រគុំតន្រ្តីសម័យ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនមានជ័យ នឹងចាប់ផ្ដើមនៅថ្ងៃទី៦-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ៨៩ស្តង់។ជាពិសេសសម្រាប់ក្នុងពិធីកាត់ខ្សែបូសម្ពោធពិពណ៌ភូមិមួយ ផលិតផលមួយ ធ្វើនៅថ្ងៃទី១០ ខែវិច្ឆិកា នៅបរិវេណសួនមានជ័យ។ 

សម្រាប់ការបណ្តែតប្រទីប និងចាប់ផ្តើមដាក់រៀបចំថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមាន ៣៩ប្រទីប នៅដងស្ទឹងសិរីសោភ័ណ (ស្ពានថ្មី) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ជាពិសេសក្នុងពិធីឆួលប្រទីបបំភ្លឺ ធ្វើនៅថ្ងៃទី១០ ខែវិច្ឆិកា នៅមាត់ស្ទឹងព្រះពន្លា។

ចំពោះពិធីអកអំបុក នឹងរៀបចំនារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ៕
































Powered by Blogger.