បទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ តើអាចអនុវត្តទៅលើមន្ត្រី ១១ នាក់នៅខេត្តព្រៃវែងបានដែរឬទេវគ្គ៣
ផ្សាយចេញនៅថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2023
យោងតាមរបាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបកស្រាយជូនសាធារណៈ ជនទាំងអស់មេត្តាជ្រាបថា៖ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី ០៩ ខែ តុលា ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ។
ជាលទ្ធផលគិតត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមការងារបានស្វែង រកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១១ នាក់ ។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនមន្ត្រីនគរបាលទាំង ១១ នាក់នោះទៅកាន់ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ដោយឡែកចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្តនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ នេះគឺជាការបំភ្លឺរបស់ស្នងការនគរបាលខេត្តព្រៃវែង។
អង្គភាពអ្នកសារព័ត៌មានយើងក៏ដូចជាប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះគឺមន្ត្រីគ្រប់ស្ថាប័នកំពុងតែដាក់សំណួរសួរថា : បទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិអាចអនុវត្តមានប្រសិទ្ធភាពដែលឬទេ?ចំពោះមន្ត្រីរាជការ ដែលល្មើសនិងបទបញ្ជា ក្នុងនាមជាមន្ត្រី ដែលបម្រើការងារជូនប្រជាពលរដ្ឋ ជាមន្ត្រីអនុវត្តច្បាប់ បែរជាទៅប្រព្រឹត្តគ្រឿងញៀនទៅវិញ តើក្រសួងមហាផ្ទៃហ៊ានកាត់សាច់ស្អុយនេះចោលដែរឬទេ ? បើទុកកាន់តែយូរពិតណាស់វាយនឹងក្លាយជាជំងឺមហារីកជាមិនខាន។
អង្គភាពអ្នកសារព័ត៌មានយើងសូមគោរពនិងសូមអរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ នីតិកាលទី 7 ឆ្នាំ 2023 ដែលបានអនុវត្តច្បាប់ បានយ៉ាងល្អ ក្រោមការដឹកនាំ របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាការដឹកនាំ ដ៏ប៉ិនប្រសប់ វាងវៃ ពោពេញទៅដោយថាមពលក្នុងការដឹកនាំនាវាសន្តិភាព ដើម្បីសាងសេចក្តីសុបិនរួមគឺសុខ សន្តិភាព អរគុណសន្តិភាព។
យ៉ាងណាមិញគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ តើអាចអនុវត្តបានដែរឬទេ? នៅក្នុងខេត្តព្រៃវែងសូម្បីតែមន្ត្រីដែលអនុវត្តច្បាប់ យល់ដឹងពីច្បាប់ បែរជាមិនគោរពច្បាប់ បែរជានាំគ្នាប្រើប្រាស់សែបគ្រឿងញៀនទៅវិញ តើប្រជាពលរដ្ឋសង្ឃឹមអ្វីតទៅទៀត?
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត មន្ត្រីដែលពាក់ព័ន្ធទាំង ១១ នាក់ពិតជាមិនរួចខ្លួននោះទេ តែមិនដឹងហេតុអ្វីមកដល់ពេល នេះនៅតែរក្សាភាពស្ងៀមស្ងាត់ដដែលតើចម្ងល់មួយនេះក្រសួងមហាផ្ទៃអាចបកស្រាយជាសារធារណៈបានដែរឬក៏យ៉ាងណា ? ឬក៏ប្រហែលជាមន្ត្រីទាំង ១១ នាក់នោះត្រូវបន្សាបសារធាតុញៀនរួចអស់ទៅហើយ និងចូលបម្រើការងារនៅក្នុងក្របខណ្ឌដដែល?
យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងសង្កេតឃើញថា ការអនុវត្តច្បាប់ដ៏តឹងរឹងរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ គឺធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ សូម្បីតែមន្ត្រីរាជការនិងអង្គការសង្គមស៊ីវិលក៏កោតសរសើរមិនដាច់ពីមាត់ដែរ ទាក់ទិនទៅនឹងមន្ត្រីដែល ប្រើប្រាស់គ្រឿងញៀន គឺថ្នាក់ដឹកនាំចាត់វិធានការ គួរឱ្យកត់សម្គាល់ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ ដោយនាគរាជ
Post a Comment