​អគ្គិភ័យ​លេប​ត្របាក់ អគារ​ប៉ូលិស​ នៅខេត្ត​ Ismailia ប្រទេស​អេហ្ស៊ីបបណ្តាលអោយ ​ម្នាក់​ស្លាប់ និង​រាប់​សិប​នាក់​

 មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានស្លាប់  និងយ៉ាងហោចណាស់មនុស្ស ៣៨នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលអគ្គីភ័យបានឆាបឆេះនៅអគារប៉ូលីសក្នុងទីក្រុង Ismailia Canal មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី Cairo តាមបណ្តោយព្រែកជីក Suez នៃប្រទេសអេហ្ស៊ីបកាលពីព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The National News នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

អាជ្ញាធរបាននិយាយថា អគារ​កម្ពស់​១០​ជាន់​ បាន​ឆាបឆេះ​នៅ​ព្រឹក​ព្រលឹម ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ និងរលត់ទៅវិញប៉ុន្មានម៉ោង ក្រោយមក។ ក្នុងប្រតិបត្តិការបាញ់ពន្លត់នេះ ក៏មានយន្តហោះ​កងទ័ព​បាន​ចូល​រួម​ក្នុង​ការ​ពន្លត់អគ្គីភ័យដែរ។ ចំពោះមូលហេតុនៃការឆាបឆេះ នៅមិនទាន់ដឹងភ្លាមៗនៅឡើយទេ។

​​​​​បើតាមមន្ត្រី​សន្តិសុខ​ម្នាក់ បាន​កំណត់​អត្តសញ្ញាណ​បុរស​ ដែល​បានស្លាប់ដោយសារអគ្គីភ័យនោះ​ថា​ ជា ​វរសេនីយ៍ទោ Mohammed Refaat Labdah។ យ៉ាងណាម៉ិញ មន្ត្រី​រូប​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អ្វី​ផ្សេង​ទៀត​ទេ។



ក្រុមមន្ត្រីបាននិយាយថា រដ្ឋមន្ត្រីមហាផ្ទៃលោក Mahmoud Tawfiq ដែលទទួលបន្ទុកកងកម្លាំងប៉ូលីសរបស់ប្រទេស បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ដោយបានបញ្ជាឱ្យមានការស៊ើបអង្កេត និងការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធអគារដើម្បីកំណត់វិសាលភាពនៃការងារជួសជុលតាមដែលអាចធ្វើបាន។

ការិយាល័យអគ្គព្រះរាជអាជ្ញាបាននិយាយថា ខ្លួនបានសាកសួរអ្នករបួសចំនួន ៣៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅក្នុងតំបន់ ដើម្បីជាផ្នែកមួយនៃការស៊ើបអង្កេតអំពីមូលហេតុនៃការឆាបឆេះនេះ។


គួររំលឹកថា គ្រោះអគ្គីភ័យបែបនេះ មិនមែនជារឿងចម្លែកទេ នៅក្នុងប្រទេសអេហ្ស៊ីប ដោយសារភាពធ្វេសប្រហែស ហើយសេវាសង្គ្រោះបន្ទាន់តែងតែមានភាពយឺតយ៉ាវក្នុងការមកដល់ទីតាំងកើតហេតុ។ ប៉ុន្តែការឆាបឆេះអគារប៉ូលីស កាលពីថ្ងៃចន្ទ នៅឯនាយកសន្តិសុខ Ismailia បានទទួលការយកចិត្តទុកដាក់ខ្ពស់ ដោយសារតែការឆាប់ឆេះខ្លាំងក្លា និងសារៈសំខាន់នៃអគារខាងលើផង។


កាលពីខែសីហា ឆ្នាំ២០២២ អគ្គីភ័យដែលបង្កឡើងដោយឆ្លងចរន្តភ្លើង បានសម្លាប់អ្នកថ្វាយបង្គំចំនួន ៤១នាក់ នៅក្នុងព្រះវិហារ Cairo ដែលជំរុញឱ្យមានការអំពាវនាវឱ្យកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស និងពេលវេលាឆ្លើយតបរបស់កងពន្លត់អគ្គីភ័យ។ នៅក្នុងខែមីនា ឆ្នាំ២០២១ មនុស្សជាង ២០នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅរោងចក្រកាត់ដេរក្នុងរដ្ឋធានី ខណៈដែលនៅឆ្នាំ២០២០ អគ្គីភ័យបានឆាបឆេះមន្ទីរពេទ្យចំនួន២ បានសម្លាប់មនុស្ស ១៤នាក់។ ខណៈអគ្គីភ័យដ៏សាហាវបំផុតមួយ របស់ប្រទេសអេហ្ស៊ីបគឺ កើតឡើងក្នុងឆ្នាំ២០០២ នៅពេលដែលមនុស្សយ៉ាងតិច ៣៦០នាក់បានស្លាប់ បន្ទាប់ពីទូរថភ្លើងជាច្រើនដែលធ្វើដំណើរពីទីក្រុង Cairo ទៅកាន់ទីក្រុង Aswan ភាគខាងត្បូងបានឆាបឆេះ៕


Powered by Blogger.