បុរសវ័យជាង២០ឆ្នាំម្នាក់បានរងរបួសដាច់ជើងម្ខាងបន្ទាប់ពីបានដើរចូលទៅក្នុងព្រៃដើម្បីដកផ្សិតនិងជីកទំពាំង ប៉ុន្តែបែរជាជាន់គ្រាប់មីន

 បន្ទាយមានជ័យ÷លោកមេបញ្ជាការនគរបាលការពារព្រំដែន ឡុង សំណាង បានឱ្យដឹងថា មានបុរសម្នាក់បានចូលក្នុងព្រៃរកបេះបន្លែរព្រៃទុកធ្វើអាហារផង និងទុកលក់ដោះស្រាយជីវភាពផង ប៉ុន្តែបានដើរជាន់គ្រាប់មីនបន្សល់ពីសម័យសង្គ្រាមផ្ទុះលាន់រង្គើព្រៃ ។ 


ជនរងគ្រោះមានឈ្មោះ ចន ជុង ភេទប្រុស ឣាយុ២៨ឆ្នាំ បានរងរបួសដាច់ជើងខាងឆ្វេង និងត្រូវបានកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ សែងដាក់រថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីសង្គ្រោះអាយុជីវិតជនរងគ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ រសៀល ថ្ងៃទី២៤តុលា ឆ្នាំ២០២៣ ស្ថិតបន្ទាត់ព្រំដែនក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ 

តាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំ កន្លងមកនេះ មានប្រជាជនរងគ្រោះសារុបចំនួន៦ម៉ឺន៥ពាន់និង៤នាក់ ក្នុងនោះចំនួនមនុស្ស ស្លាប់ មាន១ម៉ឺន ៩ពាន់៨១៨ នាក់ ដោយសារគ្រាប់មីននិង

គ្រាប់មិនទាន់ផ្ទុះ។ កម្ពុជាបានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ជាង២ពាន់៥៥៤ គីឡូម៉ែត្រក្រឡា ដោយរកឃើញនិងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាមជាច្រើនលានគ្រាប់ និង មានគំរោងបោសសំអាត គ្រាប់មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥។





Powered by Blogger.