អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍នៅអ៊ីស្រាអែលមានភាពស្ងប់ស្ងាត់ និស្សិតខ្មែរទាំងអស់មានសុវត្ថិភាព
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖
ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។
ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។
ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់មិនថាយប់ឬថ្ងៃឡើយចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតីដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតកំពុងតាមដានជាប្រចាំនិងទាក់ទងជាមួយសិស្ស និស្សិត ទាំងអស់ជាប់ជានិច្ចដើម្បីដឹងពីបញ្ហារបស់ពួកគេហើយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលានៅពេលមានសេចក្តីត្រូវការ។
ទី៤៖ រាជរដ្ឋាភិបាលសូមអំពាវនាវដោយទទូចដល់សិស្ស និស្សិត ទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល សូមគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីដើម្បីសុវត្ថិភាពរបស់បងប្អូន និងសូមក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាស្ងប់ចិត្តចំពោះស្ថានការណ៍នេះពីព្រោះរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន
ម៉ាណែត ជាប្រមុខចាត់ទុកសុវត្ថិភាពរបស់សិស្សនិស្សិតខ្មែរទាំងអស់ជាអាទិភាពខ្ពស់បំផុត៕
Post a Comment