ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ នឹងអាចទទួលសេវាធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃបាន តាមបណ្តា ស្រុក-ក្រុង ដែលខ្លួនរស់នៅបាន

 បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានពង្រីកការផ្តល់សេវាធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ (Border Pass) ទៅតាមការិយាល័យច្រកចេញ-ចូលតែមួយចំនួន៧ស្រុកបន្ថែមទៀត សរុប៩ក្រុង-ស្រុក ដើម្បីបង្កលក្ខណៈងាយស្រួល បង្ខិតសេវាឱ្យទៅដល់គៀកនឹងប្រជាពលរដ្ឋ ដោយមិនចាំបាច់ចំណាយពេលមកធ្វើនៅអង្គភាពច្រកចេញ-ចូលតែមួយនៃរដ្ឋបាលខេត្ត។ ពលរដ្ឋខេត្តបន្ទាយមានជ័យអាចចាប់ផ្តើមមកធ្វើចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះតទៅ។

នេះបើយោងតាមការលើកឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការអនុញ្ញាតឱ្យទីស្នាក់ការត្រួតពុនិត្យច្រកទ្វារតំបន់បឹងត្រកួន ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ម៉ាឡៃ និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុក ទទួលនិងប្រគល់ឯកសារប័ណ្ណ ព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំដោយ អភិបាលរងខេត្ត លោក លី សុវណ្ណារិទ្ធ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ដីពីការបន្ថែមទីតាំងទទួល-ប្រគល់ឯកសារសវាផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ (Border Pass)១ប័ណ្ណ មានតម្លៃ២ម៉ឺនរៀល រយៈពេលអតិបរមាផ្តល់សេវាចំនួន៥ថ្ងៃ ដែលមានសុពលភាព២ឆ្នាំ។

ដោយឡែកចំពោះការបន្តសុពលភាពប័ណ្ណព្រំដែនកម្ពុជា-ថៃ (Border Pass) ១ប័ណ្ណ តម្លៃ១ម៉ឺនរៀល រយៈពេលអតិបរមាផ្តល់សេវាចំនួន៣ថ្ងៃ ដែលមានសុពលភាព២ឆ្នាំ។

ពលរដ្ឋដែលបានធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ ពលរដ្ឋអាចស្នាក់នៅខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រថៃរយៈពេល ០៧ថ្ងៃ ក្នុងពេលចូលម្តង ចំពោះការស្នាក់នៅរយៈពេលយូរគឺមិនលើសពី១៥ថ្ងៃដោយត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃភាគីថៃ។

ចំពោះប្រជាពលរដ្ឋខ្មែរកាន់ប័ណ្ណព្រំដែនកម្ពុជា-ថៃ (Border Pass) ដែលបានបំពេញលក្ខខណ្ឌ និងនីតិវិធីផ្ទៃក្នុងពាក់ព័ន្ធការងារប្រចាំថ្ងៃ ការងារតាមរដូវកាលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅចំនួន៣០ថ្ងៃ នៅខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រថៃ៕











Powered by Blogger.