ពិធីប្រគល់-ទទួលទូកង “កម្ពោជិកបុត្តាខេមរាតរី” និងអគារតម្កល់ទូក “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” ជូនរដ្ឋបាលខេត្តព្រៃវែង

 



ព្រៃវែង ៖ ព្រឹកនេះរួមជាមួយភរិយា ចូលរួមជាអធិបតីពិធីប្រគល់-ទទួលទូកង “កម្ពោជិកបុត្តាខេមរាតរី” និងអគារតម្កល់ទូក “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” ជូនរដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។

ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ផលិតឡើងតាមរថនាបថ និងបច្ចេកទេសកូនខ្មែរ ជាទូកវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ និងកម្រាស់សាច់ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩នាក់។

ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ជាប់កំណត់ត្រាជាទូក ង វែងជាងគេលើពិភពលោក ដែលត្រូវបានចុះវាយតម្លៃផ្ទាល់ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ “កម្ពោជិកបុត្តាខេមរាតរី”។

អគារតម្កល់ទូកង វែងជាងគេលើពិភពលោក ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២ ៤៩២ម៉ែត្រការេ ដែលមានទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (មុខសាលាខេត្ត)។

ក្នុងនាមជាអ្នកស្ថាបនិកដឹកនាំកសាងទូក ង “កម្ពោជិកបុត្តាខេមរាតរី” និងអគារតម្កល់ទូក “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ ក៏ដូចជារដ្ឋបាលខេត្តព្រៃវែង បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស និស្សិត ដែលបានរួមគ្នាកសាង និងថែរក្សាទូក ង វែងជាងគេលើពិភពលោក ជាស្នាដៃកូនខ្មែរដ៏ល្អប្រណីត និងល្បីល្បាញលើឆាកអន្តរជាតិមួយនេះ

២៩ តុលា ២០២៣






























Powered by Blogger.