លោក លី សារី អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ពិធីប្រណាំងទូកនៅថ្នាក់ខេត្តបន្ទាយមានជ័យ

 

(បន្ទាយមានជ័យ) ដើម្បីត្រៀមរៀបការផ្សាយផ្ទាល់ក្នុងកម្មវិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ជូនពុកម៉ែ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនា នាថ្ងៃខាងមុខនេះលោក លី សារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទទួលបន្ទុកការផ្សាយផ្ទាល់ក្នុងព្រឹត្តិការណ៍ប្រណាំងទូក"ង" ថ្នាក់ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ច ស្តីពីការផ្សាយផ្ទាល់ពិធីប្រណាំងទូក "ង" នៅថ្នាក់ខេត្ត ដដោយការចូលរួមពីលោក សេក សុខុម ប្រធានមន្ទីរព័ត៌មាន និងជាទីប្រឹក្សាក្រសួង លោក ឡៅ សំពរ អនុប្រធានមន្ទីរ និងជាទីប្រឹក្សាក្រសួង ទទួលបន្ទុកអង្គភាពស្ថានីយ៍វិទ្យុជាតិ ៩៤មេហ្កាហឺត មន្ត្រី ការិយាល័យទូរទស្សន៍ និងវិទ្យុជាតិ៩៤ មេហ្កាហឺត នៃមន្ទីរព័ត៌មានខេត្ត ក្រុមការងារស្ថានីយវិទ្យុដៃគូរ បានចូលរួមផងដែរនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ 


ថ្លែងនៅក្នុងឱកាសនោះលោក លី សារី បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ជាពិសេសនៅរៀងរាល់ រាត្រី ក៏មានការដាក់តាំងបង្ហាញផលិតផល ភូមិមួយផលិតផលមួយ និងសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត អមដោយ ការប្រគុំតន្រ្តីសម័យ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។ ចំពោះពិធីអកអំបុក នឹងរៀបចំនារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។

លោក លី សារី បានធ្វើការផ្ដាំផ្ញើដល់លោក លោកស្រីដែលមានវត្តមាននាពេលនេះត្រូវសហការសាមគ្គីភាពគ្នា ក្នុងការផ្តិតយករូបភាព ការអធិប្បាយ ការផ្សាយផ្ទាល់តាមផេកទូរទស្សន៍ជាតិ.វិទ្យុជាតិ ក៏ដូចជាតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតឱ្យបានទូលំទូលាយ និងប្រកបទៅដោយគុណភាពល្អ។ ជាពិសេស ត្រូវសហការជាមួយបងប្អូនអ្នកសារព័ត៌មានឯកជន ក្នុងការជួយផ្សព្វផ្សាយឲ្យបានផុលផុសក្នុងកម្មវិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែនេះផងដែរ៕














Powered by Blogger.