រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំថ្វាយព្រះពរខួបលើកទី១៩ នៃការឡើងគ្រង

 


រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំថ្វាយព្រះពរខួបលើកទី១៩ នៃការឡើងគ្រងព្រះបរមរាជ្យសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វពិធីបុណ្យខួបលើកទី១៩ នៃការឡើងគ្រងព្រះបរមរាជ្យសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ងិន សុវិមាន អភិបាលខេត្តស្តីទី រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង ០៥ក្នុងខេត្ត យុវជន និងព្រះសង្ឃជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។

លោក ងិន សុវិមាន អភិបាលខេត្តស្តីទី បានអានសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាស នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិ បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ នាឱកាសដ៏មហានក្ខត្តឬក្សឧត្ដុង្គឧត្តមវិសេសវិសាល និងជាមង្គលដ៏បវរមហាប្រសើរថ្លៃថ្លាបំផុត តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទសម្តែងថ្វាយនូវអំណរសាទរឥតឧបមា ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត សូមចូលរួម ថ្វាយព្រះរាជសព្វសាធុកាពរជ័យ នៅក្នុងឱកាស នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហ មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ។ 

លោក អភិបាលខេត្តស្តីទី បានទូលថ្វាយព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឬទ្ធីបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម"កិមិរាទវី" និងព្រះបារមី នៃអតីតព្រះមហាក្សត្រ សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្វសាធុកា ពរជ័យគ្រប់ប្រការថ្វាយជូន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ បានសមប្រកបនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្តសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ៕













Powered by Blogger.