សិក្ខាសាលាគម្រោងស្រ្តីត្រចេះត្រចង់ ក្រោមប្រធានបទ"សហគ្រិនស្ត្រី និងនវាអនុវត្តនៃអាជីវកម្ម"
(បន្ទាយមានជ័យ) សមាគមអតីតនិស្សិតសកលវិទ្យាល័យឆាលស្ទឺតកម្ពុជា បានរៀបចំបើកសិក្ខាសាលាគម្រោងស្រ្តីត្រចេះត្រចង់ ក្រោមប្រធានបទ"សហគ្រិនស្ត្រី និងនវាអនុវត្តនៃអាជីវកម្ម" សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឡើងរាយការណ៍សង្ខេបអំពីស្ថានភាព និងសមិទ្ធផលសម្រេចបានក្នុងវិស័យអប់រំ នាពេលបច្ចុប្បន្នរួចមក។
ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណអរគុណទៅដល់សមាគមអតីតនិស្សិតសកលវិទ្យាល័យឆាលស្ទឺតកម្ពុជា ដែលបានផ្ដួចផ្ដើមរៀបចំសិក្ខាសាលានេះឡើង។ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តឯកឧត្តម បានធ្វើការគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នឯកជននានាដែលមានបំណងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ពិសេសនៅទឹកដីខេត្តបន្ទាយមានជ័យឲ្យរៀបចំជាកម្មវិធីនានាក្នុងគោលដៅលើកកម្ពស់សមធម៌សង្គម និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពលើការគ្រប់គ្រងវិស័យអទិភាព។
ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖សិស្សានុសិស្សដែលបានចូលរួមក្នុងសិក្ខាសាលានាពេលនេះ នឹងបានជ្រាបច្បាស់នូវពុទ្ធិថ្មីៗ ក្នុងបរិបទនៃអជីវកម្មបែបទំនើប និងទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនដែលអាចព្យាយាមក្នុងការសម្រេចចិត្តនាពេលដ៏ខ្លីខាងមុខថាក្មួយៗចង់ក្លាយជាធុរជន ដែលភាសាសាមញ្ញហៅថា"អ្នករកស៊ី" ឬក្មួយៗចង់ធ្វើការនៅក្នុងក្រុមហ៊ុន។
ថ្លែងនៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត សឿ សុជាតា បានមានប្រសាសន៍បញ្ជាក់ថា៖ សិក្ខាសាលានេះគឺជាផ្នែកមួយដែលបានគាំទ្រដល់យុទ្ធសាស្ត្រចតុកោណ បញ្ចកោណ កំពុងតែឆ្លើយតបទៅនឹងគោលដៅដ៏សំខាន់បំផុតរបស់វិស័យអប់រំ ដែលវិស័យអប់រំមានតួនាទីសំខាន់បំផុតក្នុងការប្រែក្លាយធនធានមនុស្សទៅជាមូលធនមនុស្ស ដែលមានសម្បទានទាំង ៥រួមមាន៖១,ចំណេះដឹងសម្បទាន ២,បំណិនសម្បទាន ៣,កាយសម្បទាន ៤,ចរិយាសម្បទាន និងទី ៥,ស្មារតីស្នេហាជាតិសម្បទាន។ ជាពិសេស សិក្ខាសាលានេះសំដៅផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅដល់អ្នកបន្តវេនដែលស្របទៅនឹងទិសដៅបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលកំពុងជំរុញអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំរហូតឈានដល់បង្កើតជាគណៈកម្មាធិការជាតិផងដែរ៕ដោយបញ្ញា
Post a Comment