ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកម្លាំងចុះជួយជម្លៀសអ្នកជម្ងឺ និងសម្ភារ: នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ខណៈទឹកកំពុងជន់លិច
(បន្ទាយមានជ័យ) ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ ជំនន់ទឹកភ្លៀងបានបង្កការជន់លិចផលដំណាំ ស្រែចំការ លំនៅដ្ឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ អគាររដ្ឋបាល ជាច្រើនកន្លែង ក្នុងនោះមន្ទីរពេទ្យបង្អែកនៅស្រុកស្វាយចេក ក៏បានរងការជន់លិចដោយជំនន់ទឹកភ្លៀងផងដែរ។នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រីអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនសេនាធិការ និងលោកវរសេនីយ៍ឯក ជា ស្លូញ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដឹកនាំកម្លាំង ចុះសួរសុខទុក្ខអ្នកជម្ងឺ ត្រួតពិនិត្យស្ថានភាពទឹកកំពុងជន់លិចមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក និងជួយជញ្ជូនសម្ភារះ បរិក្ខាពេទ្យ រួមទាំងអ្នកជម្ងឺទៅរកកន្លែងមានសុវត្ថិភាព។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជួយឧបត្ថម្ភក្រុមគ្រូពេទ្យចំនួន១០០$ និងអ្នកសម្រាលកូន ក្នុងកម្នាក់ៗចំនូន១០០០បាត។សរុប មនុស្ស២០នាក់ ស្រី០៧នាក់ ក្នុងនោះកុមារ០៤នាក់ ស្រី០១នាក់៕
Post a Comment