រដ្ឋមន្ត្រីការបរទេស ៖ កម្ពុជាប្តេជ្ញាចូលរួមក្នុងការចូលរួមចំណែកដល់ការរក្សាសន្តិភាពអន្តរជាតិ
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកដល់ការរក្សាសន្តិភាពអន្តរជាតិ និងបានបញ្ជាក់ពីឆន្ទៈក្នុងការពង្រីកបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ របស់កម្ពុជាទៅកាន់ទីតាំងថ្មីផ្សេងទៀត។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅក្រសួងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានរំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ក្នុងឱកាសនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់ក្រុមការងាររបស់អង្គការសហប្រជាជាតិ ចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩។
Post a Comment