សំណួរ-តើកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ចែងអំពីអ្វីខ្លះ?

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ មិនមែនជាកិច្ចព្រមព្រៀងតែមួយទេ គឺមានកិច្ចព្រមព្រៀង២ និងសេចក្តីថ្លែងការណ៍មួយ។

១-កិច្ចព្រមព្រៀងទី១ ស្តីអំពីការដោះស្រាយជម្លោះនៅកម្ពុជា

កិច្ចព្រមព្រៀងនេះ មានសុពលភាពជាចម្បងទៅលើភាគីទាំង ៤ នៅក្នុងសង្រ្គាមស៊ីវិលខ្មែរ (រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម)។ ក៏ប៉ុន្តែ មកដល់ពេលបច្ចុប្បន្ននេះ គូភាគីជម្លោះផ្ទៃក្នុងកម្ពុជា និងដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវបានរំលាយអស់ទៅហើយ ដោយខ្លះត្រូវបានរលាយបាត់រូបទាំងស្រុង (ភាគីកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម) ហើយខ្លះទៀតត្រូវរំលាយខ្លួន ហើយបង្កើតទៅជាគណបក្សនយោបាយ (គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច)។

ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ រួមមាន៖

ការឈប់បាញ់រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ ការកកាត់រំសាយទ័ព ការដកកងទ័ពបរទេសចេញពីកម្ពុជា (ដោយសារតែនៅក្នុងអំឡុងសង្រ្គាមស៊ីវិលនោះ វៀតណាមដាក់ទ័ពនៅកម្ពុជា ដើម្បីជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងការប្រយុទ្ធជាមួយនឹងចលនាតស៊ូ នៅជាយដែន)

ការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យការកំណត់អាណត្តិរបស់អ៊ុនតាក់ ដើម្បីមកពិនិត្យមើលបទឈប់បាញ់ រក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង

ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរ ជាពិសេស ពីជំរំជនភៀសខ្លួននៅជាយដែនខ្មែរ-ថៃ ឲ្យវិលត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ

កំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា (រួមមានដូចជា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស, ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋ ជាដើម)

២-កិច្ចព្រមព្រៀងទី២ អំពីការគោរពឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យរបស់កម្ពុជា

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា និងប្រទេសជាហត្ថលេខីផ្សេងទៀត មានកាតព្វកិច្ចគោរពឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យគ្នាទៅវិញទៅមក។

៣-សេចក្តីថ្លែងការណ៍ស្តីអំពីការកសាងប្រទេសកម្ពុជាឡើងវិញ

តាមរយៈសេចក្តីថ្លែងការណ៍នេះ ប្រទេសហត្ថលេខីសន្យាផ្តល់ជំនួយ ដើម្បីជួយស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។ #RFI #Cambodia

© ប្រវត្តិសាស្ត្រពិភពលោក

Powered by Blogger.