ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ដែលនេះជាកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។
*ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្ឃឹមថា«មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នឹងទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព ខណៈមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា អាចដាក់គ្រែអ្នកជំងឺបានរហូតដល់ជិត១ម៉ឺនគ្រែ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់នូវ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺជាការដោះស្រាយសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះ ក៏ជាការជួយរែកពុនដល់មន្ទីរពេទ្យផ្សេងៗផងដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការរៀបចំ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» នាពេលនេះ គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល និងជាកន្លែងជួយរែកពុននូវការចាំបាច់ណាមួយដែលកម្ពុជាជួបប្រទះ ដូចជាករណីជំងឺកូវីដ-១៩ជាដើម ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការសម្ពោធនូវ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺមិនមែនសម្រាប់តែបម្រើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅទូទាំងប្រទេស រួមទាំងជនជាតិបរទេសដែលកំពុងរស់នៅកម្ពុជាផងដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការវិនិយោគទៅលើការអប់រំ និងសុខាភិបាលនូវតែជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ពីព្រោះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគឺអាស្រ័យលើធនធានមនុស្ស ហើយធនធានមនុស្សមានគុណភាព មានផលិតភាព គឺជាធនធានមនុស្សដែលមានសុខភាពល្អ។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ពលរដ្ឋដែលបានប្រើប្រាស់មូលនិធិសមធម៌កន្លងមក មានជាងដប់បួនលានករណី ដែលបានប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណក្រីក្រ ដើម្បីទទួលបានសេវាព្យាបាលនៅតាម គ្រឹះស្ថានសុខាភិបាលនានា ដោយមិនចាំបាច់បង់ប្រាក់។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ខ្ញុំចង់ឱ្យពលរដ្ឋកម្ពុជា មានកូនឱ្យបានច្រើនជាងពេលបច្ចុប្បន្ន។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជូនពរពលរដ្ឋកម្ពុជាទាំងអស់ សូមមានសុខភាពល្អគ្រប់ៗគ្នា តែបើមាន អាការមិនស្រួល ឬ មានជំងឺណាមួយ សូមរួសរាន់មកកាន់មន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញរង់ចាំពិនិត្យ និងព្យាបាលជំងឺ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ នឹងពង្រឹងវិស័យសុខាភិបាលឱ្យកាន់ តែប្រសើរឡើងថែមទៀត តាមរយៈការពង្រឹងសមត្ថភាពគ្រូពេទ្យ ពង្រាយបុគ្គលិកពេទ្យដែលមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ទៅដល់គ្រប់មូលដ្ឋានភូមិ ឃុំ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់គ្រូពេទ្យនៅតាមតំបន់នានា ត្រូវបង្កើនសមត្ថភាពនៅក្នុងការព្យាបាលជំងឺជូនពលរដ្ឋ ដើម្បីកុំឱ្យពិបាកដឹកមកភ្នំពេញ ជាពិសេសករណីជំងឺធ្ងន់ធ្ងរដែលទាមទារការសង្គ្រោះបន្ទាន់។
Post a Comment