រុស្ស៊ីបញ្ជូនជំនួយ​មនុស្សធម៌២៧តោន សម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សា តាមច្រករបស់អេហ្ស៊ីប

 ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់ទីក្រុងមូស្គូ បាននិយាយថា ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជូនជំនួយមនុស្សធម៌ចំនួន ២៧តោន សម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវដឹកជញ្ជូនពីប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

អនុរដ្ឋមន្ត្រីនៃក្រសួងស្ថានការណ៍គ្រាអាសន្ន លោក Ilya Denisov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះពិសេស១គ្រឿង បានហោះចេញពីព្រលានយន្តហោះនៅក្រុង Ramenskoye ក្បែរទីក្រុងមូស្គូ ឆ្ពោះទៅទីក្រុង El-Arish នៃប្រទេសអេហ្ស៊ីប។ ជំនួយមនុស្សធម៌របស់រុស្ស៊ី នឹងត្រូវប្រគល់ឱ្យទៅអឌ្ឍចន្ទក្រហមរបស់អេហ្ស៊ីប ដើម្បីបញ្ជូនទៅកាន់តំបន់ ហ្គាហ្សា ស្រ្ទីប»។

លោក Denisov បាននិយាយថា ជំនួយទាំងនោះរួមមាន «ស្រូវសាលី ស្ករ អង្ករ និងមី»។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញពីកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ដែលកំពុងត្រូវការជាចាំបាច់ អាចចូលទៅក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សប្រមាណជា ១លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ចំពេលមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។


សូមជម្រាបថា បន្ទាប់ពីកិច្ចពិភាក្សាទល់មុខគ្នាក្នុងប្រទេសអ៊ីស្រាអែល និងទំនាក់ទំនងការទូតតាមប្រព័ន្ធទូរស័ព្ទជាមួយអេហ្ស៊ីប លោក បៃដិន បាននិយាយថា រថយន្តដឹកជំនួយដែលត្រូវបានកំណត់ចំនួន នឹងត្រូវបានអនុញ្ញាតឱ្យបើកឆ្លងកាត់ផ្លូវ Rafah ដែលកន្លងមក ត្រូវបានបិទពីអេហ្ស៊ីបទៅកាន់តំបន់ហ្គាហ្សា ចាប់ពីថ្ងៃសុក្រ សប្ដាហ៍នេះ៕

Powered by Blogger.