រុស្ស៊ី គាំទ្រកម្ពុជា លើការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ជំនាញសារព័ត៌មាន និងបណ្ដុះបណ្ដលបច្ចេកទេស ដល់មន្រ្ដីជំនាញក្រសួងព័ត៌មាន
ភ្នំពេញ៖ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ភាគីរុស្ស៊ី បានគាំទ្រទៅលើការបណ្ដុះបណ្ដាល ធនធានមនុស្ស លើជំនាញសារព័ត៌មាន ខណៈភាគីកម្ពុជា បានស្នើសុំភាគីរុស្ស៊ី ក្នុងការជួយបណ្ដុះបណ្ដលផ្នែកបច្ចេកទេសដល់មន្រ្ដីជំនាញ ក៏ដូចជាការផ្ដល់អាហារូបករណ៍ ដែលប្រទេសរុស្ស៊ីនឹងផ្ដល់ជូនទាក់ទងនឹងជំនាញផ្នែកសារព័ត៌មាន។
ការគូសបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។
លោក នេត្រ ភក្រ្ដា បានថ្លែងថា កិច្ចពិភាក្សារវាងភាគីទាំងពីរ បានផ្ដោតជាសំខាន់ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ក្នុងនោះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដែលបានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សរណៈជាមួយគ្នាតាំងពីយូរមកហើយ ដែលភាគីទាំងពីរចង់បន្ដលើការងារនេះ បន្ថែមទៀត ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ឲ្យគ្នាទៅវិញទៅមក ព្រមទាំងការប្រើប្រាស់ជាប្រភពព័ត៌មានក្នុងការផ្សព្វផ្សាយផ្សេងៗទៀត។
លោករដ្ឋមន្រ្ដីបានជម្រាបជូនឯកអគ្គរដ្ឋទូតរុស្ស៊ីថា ការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ គឺជាការងារដែលកម្ពុជាបានយកចិត្ដទុកដាក់ ដែលជាការងារមួយយ៉ាងសំខាន់ ហើយភាគីទាំងពីរយល់ថា ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ គឺមានសារៈសំខាន់ និងក៏មិនមែនជាតួនាទីរបស់ប្រទេសណាមួយនោះទេ។
លោករដ្ឋមន្រ្ដីបានលើកឡើងថា ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ទាំងកម្ពុជា និងរុស្ស៊ីត្រូវតែចូលរួមសហការគ្នាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងផ្ដល់ព័ត៌មានត្រឹមត្រូវ ពិតប្រាកដទៅដល់ប្រជាជនរបស់ខ្លួន។
លោក នេត្រ ភក្រ្ដា បានបង្ហាញក្ដីរំពឹងថា តាមរយៈកិច្ចសហប្រតិបតិ្ដការនេះ មន្រ្ដីជំនាញរបស់កម្ពុជា អាចនឹងដកបទពិសោធន៍បន្ថែមទៀត ទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ពីអ្នកជំនាញរបស់រុស្ស៊ីផងដែរ។
លោក Anatoly Borovik បានបញ្ជាក់ថា ប្រទេសរុស្ស៊ីផ្ដល់ការគាំទ្រទៅលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ដែលកម្ពុជាកំពុងតែយកចិត្ដទុកដាក់ និងអនុវត្ដន៍លើកិច្ចការងារនេះ។
លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា រុស្ស៊ីក៏បានទទួលយកនូវសំណើលើការជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងមន្រ្ដីជំនាញបច្ចេកទេសដល់កម្ពុជា ព្រមទាំងការពិនិត្យទៅលើការផ្ដល់អាហារូបករណ៍ ជំនាញសារព័ត៌មានផងដែរ៕
Post a Comment