មន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជួបជុំគ្នាដើម្បីចែករំលែកលទ្ធផល និងពិសោធន៍ការងារ ព្រមទាំងទទួលផែនការការងារឆ្ពោះទៅមុខ


នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំកិច្ចពិភាក្សាលើលទ្ធផលការងាររបស់មន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ឆ្នាំ២០២៣ និងស្ថានភាពការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើករបៀបវារៈសំខាន់ៗចំនួន២ សម្រាប់កិច្ចពិភាក្សានេះ រួមមាន៖ ទី១.លទ្ធផលការងារអនុវត្តបានរបស់មន្ទីរមុខងារសាធារណៈខេត្តឆ្នាំ២០២៣ និងទី២.ស្ថានភាពនៃការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ថោ សេដ្ឋាណា និងឯកឧត្តម ជក់ មុនី រដ្ឋលេខាធិការ បានឡើងថ្លែងពីលទ្ធផលការងារ និងបញ្ហាប្រឈមនៃការគ្រប់គ្រងវិស័យមុខងារសាធារណៈនៅថ្នាក់ក្រោមជាតិ ព្រមទាំងមានលើកឡើង និងរាយការណ៍លម្អិតពីបញ្ហាកង្វល់ និងបញ្ហាប្រឈមនានា នៅក្នុងការអនុវត្តការងារតាមលិខិតបទដ្ឋានគតិយុត្តិនៅថ្នាក់ក្រោមជាតិ ពីលោកប្រធានមន្ទីរមុខងារសាធារណៈខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តសៀមរាប។

ថ្លែងបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកត់ត្រារាល់បញ្ហាប្រឈម និងក្តីកង្វល់របស់ឯកឧត្តម លោក លោកស្រីដែលជាប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ដើម្បីដាក់ឆ្លងសុំការណែនាំពី ឯកឧត្តមរដ្ឋមន្ត្រី និងបានណែនាំឱ្យអង្គប្រជុំពិសេសថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ត្រូវបន្តគាំទ្រ និងចូលរួមឱ្យសកម្មក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើការផ្សព្វផ្សាយផែនការការងារដែលបានរៀបចំសម្រាប់ការអនុវត្ត ក៏ដូចជាការងារបន្ថែមផ្សេងទៀត ជាពិសេសការអនុវត្តក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្នុងឆ្នាំ២០២៣ និងការងារកែទម្រង់វិស័យមុខងារសាធារណៈ ឆ្ពោះទៅអនាគត ដែលស្របជាមួយទស្សនវិស័យ និងការណែនាំរបស់សម្តេចមហាបវរធិបតី៕





















Powered by Blogger.