ទាក់ទងឪពុកមិនបាន៣ថ្ងៃ មិនអស់ចិត្តទៅតាមមើល ប្រទះឃើញស្លាប់ហើមស្អុយក្នុងផ្ទះ
ភ្នំពេញ ៖ បុរសម្នាក់រស់នៅផ្ទះតែម្នាក់ឯង ប្រពន្ធកូន ព្រួយបារម្ភ ចេះតែទូរស័ព្ទសាកសួរ ស្រាប់តែ៣ថ្ងៃចុងក្រោយនេះ ទូរស័ព្ទចូលតែគ្មានអ្នកលើក ទាក់ទងលែងបាន មិនអស់ចិត្តទៅតាមរកមើល ផ្ទះខាងក្រោមចាក់សោទ្វារពីក្នុង តែទ្វារជាន់លើនៅចំហរ សុំផ្ទះអ្នកជិតខាងឡើងឆ្លងចូលទៅមើល ពុទ្ធោ ឪពុកដេកស្លាប់ក្នុងបន្ទប់ទឹកជាន់ទីមួយ សើមស្អុយទៅហើយ បង្កឱ្យផ្អើលឆោឡោ។
សពជនរងគ្រោះមាន ឈ្មោះ ហួរ ណារ៉ុង ភេទប្រុស អាយុ៦៣ឆ្នាំ មន្ត្រីនគរបាលចូលនិវត្តន៍ រស់នៅផ្ទះកើតហេតុតែម្នាក់ឯង មានប្រពន្ធ កូន៣នាក់ កូនប្រុសម្នាក់រស់នៅឯសង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំណែកប្រពន្ធនិងកូន២នាក់ទៀត រស់នៅផ្ទះឯខេត្តសៀមរាប មួយកន្លែងទៀត។
តាមការរៀបរាប់ពីកូនប្រុស បានឱ្យដឹងថា ឪពុករបស់គាត់ ត្រូវបានកូនចៅ ប្រពន្ធ ហៅឱ្យទៅរស់នៅផ្ទះឯខេត្តសៀមរាប តែគាត់មិនព្រមទៅ នឹកគិតថាគ្មាអ្នកនៅមើលថែផ្ទះ ទើបសុខចិត្តរស់នៅតែម្នាក់ឯង តែរាល់ថ្ងៃ កូនចៅតែងតែទូរស័ព្ទសាកសួររហូត ។
ប្រភពបន្តទៀតថា ជនរងគ្រោះទើបវិលមកពីខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ហើយតាំងពីគាត់មកដល់ផ្ទះ ទូរស័ព្ទទាក់ទងមិនបាន ចូលតែគ្មានអ្នកលើក ដោយសារតែជាប់រវល់ធ្វើការងារ ទើបមិនបានមកើលភ្លាមៗ លុះមកដល់ព្រឹកនេះ នៅតែទាក់ទងមិនបានទៀត ងឿងឆ្ងល់ មកតាមរកមើល ឃើញផ្ទះជាប់សោទ្វារពីក្នុង តែទ្វារជាន់លើចំហរ សុំផ្ទះអ្នកជិតខាងឡើងឆ្លងទៅចូលទៅមើល ស្រាប់តែប្រទះឃើញឪពុកដេកស្លាប់ក្នុងបន្ទប់ទឹកជាន់ទី១ ក្នុងសភាពហើមស្អុយ ផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យ ។
ករណីប្រទះឃើញសាកសពស្លាប់ក្នុងបន្ទប់ទឹកខាងលើ ត្រូវបានសមត្ថកិច្ច ចុះទៅពុនិត្យ កោសល្យវិច័យ ឃើញថាជនរងគ្រោះ គាំងបេះដូងដួលស្លាប់ រួចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី នៅផ្ទះកើតហេតុតែម្តង៕
Post a Comment