លោកចូ បៃដិនជឿជាក់ និងសាមគ្គីជាមួយ អ៊ីស្រាអែល ប៉ុន្តែ ប្រាប់អ៊ីស្រាអែលកុំឲ្យធ្វើតាមកំហឹង
នៅក្នុងទស្សនកិច្ចទៅកាន់ទីក្រុងតែលអាវីវ កាលពីថ្ងៃ ពុធទី ១៨តុលា ដើម្បីបង្ហាញសាមគ្គីភាពជាមួយ អ៊ីស្រាអែលដែលរងការវាយប្រហារទ្រង់ទ្រាយធំ មិនធ្លាប់ របស់ក្រុមហាម៉ាស លោកប្រធានាធិបតី ចូ បៃដិនបង្ហាញជំហរគាំទ្រដ៏ឥតងាករេរបស់អាមេរិក សម្រាប់អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្ត ប៉ុន្តែ ប្រធានាធិបតីអាមេរិកនិយាយប្រាប់អ៊ីស្រាអែល កុំឲ្យប្រព្រឹត្តកំហុសដូចអាមេរិក ដែលបានយកកំហឹងទល់កំហល់ នៅក្រោយការវាយប្រហារភេរវកម្ម១១កញ្ញា ទៅលើអគារភ្លោះក្នុងក្រុងញូវយ៉ក។
នៅក្នុងដំណើរទស្សនកិច្ច នៅទីក្រុងតែលអាវីវ ជាទីដែលលោកបានជួបពិភាក្សាផ្ទាល់ ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ លោកប្រធានាធិបតីអាមេរិក ចូ បៃដិនបានបង្ហាញជំហរគាំទ្រដោយឥតងាករេរបស់អាមេរិកសម្រាប់អ៊ីស្រាអែល។ ទោះអ៊ីស្រាអែលកំពុងរងការចោទប្រកាន់ពីក្រុមប្រទេសអារ៉ាប់ នៅក្រោយហេតុការណ៍វាយប្រហារលើមន្ទីរពេទ្យ ក្នុងទីក្រុងហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង៤០០នាក់ ប្រមុខដឹកនាំអាមេរិកយល់ស្របជាមួយអ៊ីស្រាអែល ដែលថា ការបាញ់បំផ្លាញមន្ទីរពេទ្យ Ahli Arab ដែលបានសម្លាប់មនុស្សជាង ៤០០នាក់ កាលពីយប់ថ្ងៃអង្គារ តាមពិតគឺជាស្នាដៃរបស់ពួកជីហាតអ៊ីស្លាមនៅហ្កាហ្សា។
នៅក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃពុធ លោកចូ បៃដិនបាននិយាយថា ដោយផ្អែកទៅលើព័ត៌មានទទួលបានពីមន្ទីរបញ្ចកោន មន្ទីរពេទ្យAhli Arabរងការវាយប្រហារ ដោយសារទេ ក្រុមជីហាតនៅហ្កាហ្សាបាញ់ច្រលំគ្រាប់រ៉ូកែត ដែលធ្លាក់ដោយចៃដន្យទៅលើមន្ទីរពេទ្យ។
ក្នុងនាមជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល លោកចូ បៃដិនបង្ហាញជំហរគាំទ្រអ៊ីស្រាអែល ដែលទើបរងការវាយប្រហារដ៏ធំមិនធ្លាប់មានរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧តុលា ដែលបានសម្លាប់មនុស្សជាង១៤០០នាក់ ក្នុងទឹកដីអ៊ីស្រាអែល។ នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃពុធ លោកចូ បៃដិនបានបញ្ជាក់ទៅសមភាគីអ៊ីស្រាអែល ថា ពេលត្រលប់ទៅអាមេរិក លោកនឹងសុំឲ្យសភាអាមេរិកបោះឆ្នោតផ្តល់កញ្ចប់ជំនួយយោធា ១០ពាន់លានដុល្លារ តាមការទាមទាររបស់អ៊ីស្រាអែល។
នៅក្នុងពេលលោកចូ បៃដិនកំពុងមានវត្តមាន នៅប្រទេសអ៊ីស្រាអែល អាមេរិកនៅបានចេញមុខការពារអ៊ីស្រាអែល នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ តាមរយៈការបោះឆ្នោត វេតូ ប្រឆាំងសេចក្តីសម្រេច ដែលទាមទារឲ្យអ៊ីស្រាអែលផ្អាកការវាយប្រហារលើហ្កាហ្សាដើម្បីបុព្វហេតុមនុស្ស។ ភាគីអាមេរិកបានលើកហេតុផលថា ខ្លួនបោះឆ្នោតប្រឆាំង ព្រោះសេចក្តីសម្រេចមិនបានចែងពីសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល។
អាមេរិកបង្ហាញការគាំទ្រសម្រាប់អ៊ីស្រាអែល ប៉ុន្តែ ក៏បាននិយាយដាស់តឿនអ៊ីស្រាអែល កុំឲ្យប្រព្រឹត្តកំហុសដូចអាមេរិកដែលបានយកកំហឹងទល់កំហល់ ក្នុងការស្វែងរកយុត្តិធម៌ឲ្យប្រជាជនអាមេរិកដែលរងគ្រោះនៅក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងញូវយ៉ក ១១កញ្ញាឆ្នាំ ២០០១។ និយាយប្រាប់អ្នកកាសែតនៅក្នុងយន្តហោះធ្វើដំណើរត្រលប់ពីអ៊ីស្រាអែល លោកចូ បៃដិននិយាយថា លោកយល់ពីទុក្ខសោករបស់ប្រជាជនអ៊ីស្រាអែល ដែលរងគ្រោះដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី ៧តុលា។ គេត្រូវតែស្វែងរកយុត្តិធម៌។ ប៉ុន្តែ លោកចង់បញ្ជាក់ថា គេមិនអាចធ្វើតាមកំហឹង ដូចដែលអាមេរិកបានធ្វើ នៅក្រោយភេរវកម្ម១១កញ្ញា។
ចូលរួមនៅក្នុងកិច្ចប្រជុំរបស់ខុទ្ធការល័យសង្រ្គាម ដែលត្រូវបង្កើតឡើងជាពិសេស នៅក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសក្នុងទឹកដីអ៊ីស្រាអែល លោកប្រធានាធិបតីចូ បៃដិនបានទាមទារផងដែរឲ្យអ៊ីស្រាអែលបង្ហាញផែនការ និងភាពជាក់លាក់ស្តីពីគោលដៅធ្វើសង្រ្គាមរបស់ខ្លួននៅហ្កាហ្សា។ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលធ្លាប់ពន្លយថា នៅក្រោយការបើកសមរភូមិជើងគោក ចូលទឹកដីហ្កាហ្សា លើកនេះ អ៊ីស្រាអែលគ្រោងនឹងបង្កើតតំបន់ស គ្មានមនុស្សរស់នៅ ក្នុងទឹកដីហ្កាហ្សា ចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីព្រំដែនអ៊ីស្រាអែល ដើម្បីជៀសវាងការបាញ់គ្រាប់រ៉ូកែតចូលទឹកដីអ៊ីស្រាអែល។ នេះគ្រាន់តែជាលើកឡើងរបស់ប្រមុខការបរទេសអ៊ីស្រាអែល ប៉ុន្តែ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលមិនបានបញ្ជាក់ព័ត៌មាននេះនៅឡើយទេ។
នៅក្នុងយន្តហោះត្រលប់ពីទីក្រុងតែលអាវីវ លោកចូ បៃដិនទទួលស្គាល់ថា មន្រ្តីយោធាអាមេរិកកំពុងបញ្ចុះបញ្ចូលភាគីអ៊ីស្រាអែល ដើម្បីរកផ្លូវផ្សេង ក្រៅពីការវាយប្រហាររបស់ទ័ពជើងគោក ចូលហ្កាហ្សា ព្រោះថា ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលទៅក្នុងទឹកដីហ្កាហ្សា មិនត្រឹមតែបង្កមហន្តរាយសម្លាប់ជីវិតមនុស្ស តែប៉ុណ្ណោះទេ ប៉ុន្តែ វានឹងធ្វើឲ្យអ៊ីស្រាអែលត្រូវនៅឯកោ រងការថ្កោលទោស ពីអន្តរជាតិ។ លើសពីនោះ វានឹងបង្ករាលដាលចេញទៅជាសង្រ្គាមក្នុងតំបន់ ហើយអ៊ីស្រាអែលនៅតែមិនអាចបំផ្លាញកម្ទេចក្រុមហាម៉ាស ប៉ាឡេស្ទីន បានដដែល៕-rfr-
Post a Comment