ប្រជាពលរដ្ឋជាច្រើន ទៅទស្សនាព្រលានយន្ដហោះអន្តរជាតិសៀមរាប-អង្គរ អាជ្ញាធរអំពាវនាវឲ្យចូលរួមថែរក្សាអនាម័យ សណ្តាប់ធ្នាប់ កុំឱ្យរំខានដល់ភ្ញៀវទេសចរ

 សៀមរាប៖ បន្ទាប់ពីបានបើកទទួលជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នាពេលថ្មីៗនេះ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅទស្សនា និងផ្ដិតយករូបភាពសមិទ្ធិផលថ្មី ជាប្រវិត្ដសាស្ដ្ររបស់ប្រទេសកម្ពុជា។

អាជ្ញាធរ ខេត្ដមានការសប្បាយចិត្ដ ដែលឃើញប្រជាពលរដ្ឋមកទស្សនាច្រើនបែបនេះ។ អាជ្ញាធរបានសហការរៀបចំសណ្តាប់ធ្នាប់ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការផ្ដិតយករូបភាព ពីព្រលានយន្ដហោះថ្មីនេះផងដែរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាសមិទ្ធិផលប្រវត្ដិសាស្ដ្រថ្មី និងជាព្រលានយន្ដហោះ ដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន បានបង្ហាញដល់ប្រជាពលរដ្ឋឃើញពីការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន​ សែន ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

អាជ្ញាធរខេត្ដបានសហការជាមួយគណៈគ្រប់គ្រងព្រលានយន្ដហោះ ដើម្បីឲ្យប្រជាពលរដ្ឋចូលទៅទស្សនា និងមានសមត្ថកិច្ច ដើម្បីសម្រួលចរាចរណ៍ និងរក្សាសុខសុវត្ថិភាពផងដែរ។

ទន្ទឹមគ្នានេះ អាជ្ញាធរក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យគោរពទៅតាមការណែនាំ របស់អាជ្ញាធរក៏ដូចជាផ្នែកសន្ដិសុខនៃព្រលានយន្ដហោះ និងសូមកុំឲ្យរំខាតដល់ភ្ញៀវទេសចរធ្វើដំណើរ និងរួមគ្នាថែរក្សាអនាម័យ សណ្តាប់ធ្នាប់ឱ្យបានល្អ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន។

អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប៕







Powered by Blogger.