រយៈពេល៩ខែឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកជិត៦០០បានផ្ញើបញ្ហាក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ

 


រយៈពេល៩ខែឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកជិត៦០០បានផ្ញើបញ្ហាក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ សុំអន្តរាគមន៍មកឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា 

ខ្លឹមសារដើម ៖ នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផល របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៣។

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៣នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ៥៩៦គណនី។

ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២០៤គណនី និង ២៥៦គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

ដោយឡែកក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក៏បានបញ្ជាក់ជូនផងដែរអំពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២កន្លងទៅនេះដែលមានចំនួន ៣៥៤គណនី គឺបានបន្តដំណើរការដោះស្រាយរហូតមកដល់ពេលនេះបានចំនួន ១២៣គណនីបន្ថែមទៀត និងករណីកំពុងបន្តការដោះស្រាយមានចំនួន ២៣១គណនី។


វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក ។


ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។

ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ៕ 





Powered by Blogger.