ប្រវត្តិវត្តតាសុត កំពុងល្បីល្បាញរឿងព្រះសង្ឃ១អង្គ ផ្អើលពុទ្ធបរិសទទៅភ្លូកទឹកភ្លូកដី
ខេត្តកំពង់ឆ្នាំង ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានរឿងល្បីល្បាញពេញបណ្ដាញសង្គមពីព្រះសង្ឃមួយអង្គ គង់នៅអាស្រមលោកតាសុត បច្ចុប្បន្នបានក្លាយជាវត្ត «ចន្ទប្បជោត្តនារាម» ហៅវត្តតាសុត ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានចែកចាយពេញបណ្ដាញសង្គម ដោយខ្លះនិយាយតាមបែបជំនឿមានបារមីចេះមើលជំងឺ និងខ្លះទៀតនិយាយបែបរវើរវាយ ដោយកំណត់ព្រះជន្មព្រះអង្គ រហូតទៅដល់១២២ព្រះវស្សា។
យ៉ាងនេះក្តី ព្រះអង្គក៏ធ្លាប់បានបដិសេធរួចទៅហើយ តាមរយៈបណ្តាញសង្គមថា អ្វីៗមិនពិតដូចការលើកឡើងទេ។ ដូច្នេះដើម្បីដឹងឱ្យបានច្បាស់ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ភ្នាក់ងារកោះសន្តិភាពយើងបានទៅដល់វត្តនោះហើយ ប៉ុន្តែមិនបានជួបព្រះគ្រូចៅអធិការទេ ដោយគណៈកម្មការ និងតាអាចារ្យ បានប្រាប់ថា ៖ «ព្រះអង្គបាននិមន្តទៅរាជធានីភ្នំពេញហើយ»។
បើតាមការបញ្ជាក់ពីលោក ហែម ទីន អាយុ៦០ឆ្នាំ ជាមេភូមិប៉ាតឡាង ដែលកំពុងបញ្ជាក្រុមប្រជាការពាររៀបចំសណ្តាប់ធ្នាប់រថយន្ត បានបញ្ជាក់ពីប្រវត្តិអាស្រមតាសុត បានប្រែក្លាយជា វត្ត «ចន្ទប្បជោត្តនារាម» ហៅវត្តតាសុត នេះថា ៖ «កាលពី៥ឆ្នាំមុន មានព្រះសង្ឃមួយអង្គាក្ងោក បានមកតាំងទីអាស្រមលើទីនេះ មិនបាន១វស្សាផង ក៏និមន្តចេញ ហើយក៏មានព្រះសង្ឃព្រះនាម «ព្រះធម្មវនរាសី ច័ន្ទ មុនី» បានមកសុំទីតាំងធ្វើអាស្រមបន្ត ដែលកាលនោះ នៅចំណុចទួលមួយឈ្មោះ «ទួលកំពតគុយ» ។ ប៉ុន្តែដោយសារតែនៅទីនោះ ត្រូវប្រជាពលរដ្ឋយកដីធ្វើស្រែចម្ការ ហើយដីនៅសល់រួមតូច ក៏បានលោកតា ព្រុំ សុត មានសទ្ធាច្រះថ្លា ប្រគល់ដីទំហំ១០គុណ១០ម៉ែត្រ នៅចំណុចដើមលាភ មានចម្ងាយពីទូលកំពតគុយ ប្រហែលជាង២០០ម៉ែត្រ មកធ្វើអាស្រមថ្មីនៅទីនោះ គឺនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៨»។
លោកជាមេភូមិប៉ាតឡាង បន្តថា «ពេលដែលព្រះអង្គគង់នៅ ក៏ចេះតែកសាងជាបន្តបន្ទាប់ ដោយមានពុទ្ធបរិស័ទជួយឧបត្ថម្ភជាបច្ច័យ ខ្លះក៏ជួយទិញដីដើម្បីពង្រីកកសាងបន្ថែម រហូតដល់បច្ចុប្បន្ន ផ្ទៃដីសរុបប្រមាណជាង៣ហិកតា និងបានក្លាយជាវត្តមួយមានឈ្មោះថា «ចន្ទប្បជោត្តនារាម» ហៅវត្តតាសុត ដោយបានកសាងសាលាឆាន់ ព្រះវិហារ កុដិ ប៉ុន្តែបានតិចតួច និងខ្លះទៀតគ្រាន់តែបានត្រឹមតែបុ.កគ្រឹះចាក់សសរតែប៉ុណ្ណោះ ហើយក៏មិនទាន់មានភាពល្បីល្បាញដូចបច្ចុប្បន្ននេះដែរ»។
លោកមេភូមិប៉ាតឡាង បានបញ្ជាក់ថា «ភាពល្បីល្បាញរបស់ព្រះអង្គចៅអធិការវត្ត តាសុត នេះ គឺដោយសារតែប្រហែលជាង១ខែមុន មានព្រះសង្ឃថៃ ដង្ហែព្រះបដិមាចូលមកតម្កល់នៅទីអារាមមួយនេះ ដោយមានពុទ្ធបរិស័ទ្ធដង្ហែមកជាច្រើន ហើយក៏ចេះតែមានឈ្មោះបោះសំឡេងតាមប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមធ្វើឲ្យល្បីល្បាញវត្ត និងព្រះកេត្តនាម ព្រះអង្គទៅ»។
លោកជាមេភូមិប៉ាតឡាង បញ្ជាក់បន្តថា «ចំពោះព្រះចៅអធិការវត្ត តាសុត ដែលថា និមន្តមកពីប្រទេសថៃ ឬមកពីភ្នំត្បែងយ៉ាងណានោះ លោកមិនប្រាកដទេ គ្រាន់តែដឹងថា ព្រះអង្គគង់នៅក្នុងវត្តអារាមមួយនេះ តាំងតែពី៥ឆ្នាំមុន គ្រាដែលមានដីត្រឹម១០ម៉ែត្រ៤ជ្រុង និងជាអាស្រមតូចមួយប៉ុណ្ណោះ។ តែឮថា ព្រះអង្គមានញាត្តិញោមនៅរមាស ស្រុកទឹកផុស ។ យ៉ាងនេះក្តី ក្រោយពីមានភាពល្បីល្បាញ ក៏មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានស្កាត់មកជួបព្រះអង្គតាមជំនឿ បស់បងប្អូន គួបផ្សំនឹងរដូវដាក់បិណ្ឌផង ធ្វើឱ្យចំនួនពុទ្ធបរិស័ទកាន់តែច្រើនឡើង ហើយក្នុងនាមអាជ្ញាធរ ក៏បានចាត់ចែងក្រុមប្រជាការពារ ដោយដាក់វេនគ្នាពេលថ្ងៃមានការរៀបចំសណ្តាប់ធ្នាប់ និងយាមកាម២០នាក់ លុះពេលយប់១០នាក់ ដើម្បីសុវត្ថិភាពផងដែរ»។
ប្រធានមន្ទីរធម្មការ និងសាសនា លោក ស លាង បានបញ្ជាក់ថា «ទីអាស្រម តាសុត បានក្លាយជាវត្តអារាម តាមច្បាប់កាលពីជាង២ឆ្នាំមុន ដោយទទួលស្គាល់ដោយក្រសួង និងមន្ទីរធម្មការចុះបញ្ជីការត្រឹមត្រូវ មិនមែនជាអាស្រមទៀតឡើយ»។
ហើយើចំពោះបាតុភាព មិនប្រក្រតីធ្វើឲ្យផ្ទុះក្នុងបណ្ដាញសង្គម ដែលមានរូបថតមួយសន្លឹកដោយព្រះអង្គដាក់ជើងលើក្បាលពុទ្ធបរិស័ទម្នាក់កាលពីកន្លងទៅ ត្រូវបានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង ធ្វើការសាកសួរព័ត៌មាន ដែលមានសេចក្តីបំភ្លឺពីព្រះអង្គចៅអធិការវត្តតាសុតថា «កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានលោក ថោង នីដាមុនី រួមនឹងពុទ្ធបរិស័ទប្រមាណ១០០នាក់ បានទៅជួបព្រះអង្គ និងបានសួរសំណួរពីព្រះធម៌២ចំណុច។ ពេលព្រះអង្គមានថេរដិការបកស្រាយសំណួរបានត្រឹមត្រូវ លោក ថោង នីដាមុនី ក៏បានថ្វាយបង្គំ និងសុំឱ្យអាត្មាលើកជើងដាក់លើក្បាល តែអាត្មាមិនព្រម សុំត្រឹមតែថ្វាយបង្គំបានហើយ។ តែពេលគាត់ក្រាបថ្វាយបង្គំអាត្មាភាព លោក ថោង នីដាមុន ក៏បានទាញជើងអាត្មាភាពដាក់លើក្បាលគាត់ ដោយអាត្មាមិនដឹងខ្លួនឡើយ»។
តាមសេចក្តីបំភ្លឺពីព្រះអង្គចៅអធិការវត្តតាសុត បានបន្តទៀតថា «ពាក់ព័ន្ធនឹងរឿងព្រះជន្ម១២២ព្រះវស្សា គឺលោក ថោង នីដាមុនី និងក្រុមញាតិរបស់គាត់បានសួរតាអាចារ្យនៅក្នុងវត្ត មុខរូបសំណាកលោកឪសួង ហើយលោកអាចារ្យបកស្រាយបញ្ជាក់លោកថា លោកឪសួង បានសុគតក្នុងព្រះជន្ម៧៨ព្រះវស្សា ហើយបើលោកឪសួង នៅមានព្រះជន្មដល់បច្ចុប្បន្ននេះវិញ គឺប្រហែល១២០ព្រះវស្សា ដូច្នេះមិនមែនអាត្មាព្រះជន្ម១២២ព្រះវស្សា ដូចការបង្ហោះហ្វេសប៊ុកតាមអាក់ខោនឈ្មោះ smey loy នោះឡើយ»។
ដោយឡែកនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នេះដែរ គេសង្កេតឃើញមានរថយន្តរាប់រយគ្រឿង និងមនុស្សស្ទើរតែរាប់ពាន់នាក់ បានសម្រុកនាំគ្នាទៅទីអារាមលោកតាសុត ក្នុងគោលបំណងទៅគោរពបូជាព្រះពុទ្ធសាសនាដាក់បិណ្ឌ៤ ផង និងបានជួបព្រះភ័ក្ត្ររបស់ព្រះអង្គផង។ ប៉ុន្តែមិនបានជួបនោះទេ ដោយសារព្រះអង្គនិមន្តចេញទៅរាជធានីភ្នំពេញបាត់ទៅហើយ។
យ៉ាងនេះក្តី ពុទ្ធបរិស័ទដែលបានចូលវត្ត ក្រោយពីប្រគេនចង្ហាន់រួចរាល់ ខ្លះក៏ទៅថ្វាយបង្គំរូបសំណាកលោកឪសួង ខ្លះទៀតក៏ដើរទៅក្រោយវត្តដែលមានចម្ងាយប្រហែលជាង២០០ម៉ែត្រឆ្លងអូរ ដើម្បីឃើញអាស្រមលោកគ្រូចៅអធិការ ដែលមានរោង៣-៤ទៀតនៅក្បែរៗគ្នា។ ហើយក៏នាំគ្នាថតរូបជាមួយអាស្រម ដោយការសោកស្ដាយដែលមិនបានជួបព្រះអង្គផ្ទាល់។
ជុំវិញករណីល្បីល្បាញតាមបណ្ដាញសង្គម ដោយម្នាក់ៗអះអាងថា «ព្រះអង្គចេះមន្តអាគម ព្យាបាលជំងឺ ទស្សន៍ទាយជោគវាសនា និងល្បីល្បាញពូកែស័ក្តិសិទ្ធិនោះ» ព្រះអង្គធ្លាប់មានថេរដីកាហើយថា «ព្រះអង្គពុំមានចេះមើលជំងឺ ចេះមន្តវិជ្ជាការអ្វីនោះទេ គឺព្រះអង្គចេះតែធម៌ព្រះពុទ្ធតែប៉ុណ្ណោះ»។ ចំណែកប្រវត្តិរបស់ព្រះអង្គផ្ទាល់ មិនបានដឹងនោះទេ គ្រាន់តែមានរូបថតខ្លះ ឃើញព្រះអង្គថតនៅវត្ត ឬទីសក្ការៈណាមួយនៅប្រទេសថៃ។
Post a Comment