កិច្ចប្រជុំពិនិត្យត្រៀមរៀបចំការប្រណាំងទូក(ង) ថ្នាក់ខេត្ត អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣
(បន្ទាយមានជ័យ) ព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរៀបចំការប្រណាំងទូក(ង) ថ្នាក់ខេត្ត អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣ ដែលស្ថិតនៅបរិវេណដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ កិច្ចប្រជុំត្រួតពិនិត្យនេះធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូក(ង)ថ្នាក់ខេត្ត មានចំនួន២៨ទូក នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
សម្រាប់ការដាក់តាំងបង្ហាញផលិតផល ភូមិមួយផលិតផលមួយ និងសមិទ្ធផលនានា របស់រដ្ឋបាលខេត្ត អមដោយ ការប្រគុំតន្រ្តីសម័យ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនមានជ័យ នឹងចាប់ផ្ដើមដាក់រៀបចំនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ៨៩ស្តង់។
សម្រាប់ការបណ្តែតប្រទីប និងចាប់ផ្តើមដាក់រៀបចំថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមាន ៣៦ប្រទីប នៅដងស្ទឹងសិរីសោភ័ណ (ស្ពានថ្មី) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ចំពោះពិធីអកអំបុក នឹងរៀបចំនារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។
Post a Comment