យ៉ាងហោចណាស់មានមនុស្ស១០នាក់ មានអាការៈចុកក្អួត ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីពិសានំបញ្ចុកសល់ក្នុងពិធីបុណ្យសពគម្រប់៧ថ្ងៃ
ខេត្តកំពង់ឆ្នាំង ៖ មនុស្សក្មេងចាស់ប្រុសស្រីចំនួន១០នាក់ត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំ បន្ទាប់ពីពួកគាត់មានអាការៈចុកក្អួត រាករូស ដែលសង្ស័យថា បណ្ដាលមកពីពុ.លនំបញ្ចុក នៅក្នុងពិធីបុណ្យស.ពគម្រប់៧ថ្ងៃ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងប្រមាណ១រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិតាំងធ្នឹម ឃុំពេជ្រចង្វា ស្រុកបរិបូណ៌។
បើតាមលោក កែវ យន ប្រធានក្រុមប្រឹក្សាឃុំពេជចង្វារ បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែតុលា នេះថា នៅក្នុងភូមិមានវិធីបុណ្យស.ព៧ថ្ងៃ ដែលម្ចាស់ផ្ទះមានឈ្មោះ ហៀង សាមី ភេទស្រី អាយុ៣៣ឆ្នាំ ដោយបានរៀបចំពិធីបុណ្យជូនអ្នកម្ដាយឈ្មោះ ប៊យ មុច គម្រប់៧ថ្ងៃ។ ក្នុងពិធីបុណ្យស.ពនោះបានប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយម្ចាស់កម្មវិធីបានរៀបចំនំបញ្ចុក ដើម្បីទទួលភ្ញៀវផងដែរ។
លោកប្រធានក្រុមប្រឹក្សាឃុំពេជ្រចង្វារ បានបន្តថា តាំងពីរសៀលថ្ងៃទី២៤ រហូតព្រឹកឡើងថ្ងៃទី២៥ មិនមានបញ្ហាអ្វីនោះទេ។ ប៉ុន្តែអ្វីជាការចាប់អារម្មណ៍នោះ គឺនំបញ្ចុកដែលនៅសល់ចំនួន២កញ្ឆេ តាំងពេលរសៀលថ្ងៃទី២៤នោះ ម្ចាស់ផ្ទះក៏មិនបានរៀបចំដាក់ទទួលភ្ញៀវដែរ ហើយប្រជាពលរដ្ឋអ្នកជិតខាង និងអ្នកដែលទៅចូលរួមជួយក្នុងពិធីបុណ្យ ក៏នាំគ្នាយកនំបញ្ចុកដែលនៅសល់នោះទៅហូប ទើបបណ្ដាលឱ្យមានអាការៈបែបនេះតែម្ដង។
លោកប្រធានក្រុមប្រឹក្សាឃុំពេជ្រចង្វារ បានបន្តទៀតថា ដោយចាប់ពីម៉ោង១រសៀលថ្ងៃទី២៥ ប្រជាពលរដ្ឋបានហូបនំបញ្ចុកនៅសល់នោះ មានអាការៈចុក រាករូស និងក្អួតផងដែរ ដែលសង្ស័យថា «មកពីហូបនំបញ្ចុកនៅសល់» ហើយក៏បានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព សរុបអ្នករងគ្រោះមានចំនួន១០នាក់ ស្រី៦នាក់ ក្នុងនោះក្មេង៣នាក់ផងដែរ។ យ៉ាងនេះក្តី ពុំមាននរណាម្នាក់រងគ្រោះដល់អាយុជីវិ.តនោះទេ ហើយពួកគាត់ខ្លះក៏បានធូរស្រាល រួចវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយដែរ។
ដោយឡែកនៅរសៀលថ្ងៃទី២៥ ខែតុលានោះដែរ គេក៏សង្កេតឃើញលោកមេឃុំពេជ្រចង្វារ លោកអភិបាលស្រុកបរិបូរណ៍ បានចុះសាកសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់ជនរងគ្រោះដែលកំពុងសម្រាកនៅមណ្ឌលសុខភាពផងដែរ៕
Post a Comment