លោក លី សារី អញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) ទិន្នន័យក្បាលដីចំនួន ២,២២៤ក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិខ្លាកូនថ្មី ភូមិពង្រ និងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ត្រូវបានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូន ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក មួង វិបុល អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ធ្វើនៅបរិវេណសាលាសង្កាត់កំពង់ស្វាយ ស្ថិតនៅក្នុងភូមិខ្លាកូនចាស់ សង្កាត់់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានថ្លែងថា៖ សម្រាប់ក្រុងសិរីសោភ័ណ យើងអាជ្ញាធរយើងបានអនុវត្ត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលជីវភាពជូនប្រជាពលរដ្ឋ និងបានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងបញ្ហាបរិស្ថានដើម្បីទ្រទ្រង់សុខភាពរបស់ពលរដ្ឋ ។

ជាការគិតគូរដល់សុវត្ថភាពដីធ្លី កុំអោយមានទំនាស់ទៅថ្ងៃក្រោយ រាជរដ្ឋាភិបាលបានឱ្យក្រសួងដែនដីរូបនីយកម្មនិងសំណង់រៀបចំចុះបញ្ជីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋទូទាំងប្រទេស។

សម្រាប់ក្រុងសិរីសោភ័ណការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានចំនួន ៦ឃុំសង្កាត់ដោយឡែកសង្កាត់កោះពងសត្វមិនទាន់មានការចុះវាស់វែងនៅឡើយ។

លោក មួង វិបុល អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ដោយបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី០៦ ខែតុលា រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដេីម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយះពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

ថ្លែងនៅក្នុងឱកាសនោះលោក លី សារី បានបញ្ជាក់ថា៖ ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី  ហើយវាជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។

លោក លី សារី បានធ្វើការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានដឹង នឹងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នា៕










Powered by Blogger.