នគរបាលឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីយកដាវសាម៉ូរ៉ៃកាប់ចាក់គ្នា និងកាប់បំផ្លាញម៉ូតូគូរជម្លោះ នៅសួនមានជ័យក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បើកការស្រាវជ្រាវនិងឃាត់បានជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីបង្កហឹង្សាដោយចេតនាដេញវាយកាប់ចាក់គ្នា នៅចំណុចសួនមានជ័យ(វេទិការ) ស្ថិតភូមិបី សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

​លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣វេលាម៉ោង២៣:៣០នាទី មានក្មេងទំនើង២ក្រុមបានឈ្លោះទាស់ទែងគ្នា និងបានយកដាវសាំម៉ូរ៉ៃដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យផ្អើលគេឯងនៅចំណុចសួនមានជ័យ(វេទិការ) ក្រុងសិរីសោភ័ណ មនុស្សរត់អស់ ទើបកាប់បំផ្លាញឲ្យខូចខាតម៉ូតូ២គ្រឿង របស់គូជម្លោះ ។ 

លោក អធិការបានបញ្ជាក់ថា៖ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលក្រុងសិរីសោភ័ណនិងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលចុះស្រាវជ្រាវមុខសញ្ញានិងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៧នាក់រួមមាន ១-ឈ្មោះ សួន  អិតនិមិត្ត ភេទប្រុស អាយុ១៦ឆ្នាំ,២-ឈ្មោះ គូ យ៉ា អាយុ១៤ឆ្នាំ,៣-ឈ្មោះ អុល សំណាង អាយុ១៤ ៤-ឈ្មោះ ជាល វិចិត្ត អាយុ១៦ឆ្នាំ, ៥-ឈ្មោះ តឹក ជាហេង អាយុ១៦ឆ្នាំ ៦-ឈ្មោះ មិល សំណាង អាយុ១៦ឆ្នាំ ៧-ឈ្មោះ ផាត់ លីហុង អាយុ១៥ឆ្នាំ ដកហូតបានវត្ថុតាង ដាវសាម៉ូរៃ ០១ដើម និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងករណីហិង្សា និងធ្វើអោយខូចខាត។បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតក្នុងការសួរនាំ ដើម្បីចាត់ការតាមនីតិវិធី៕បញ្ញា









Powered by Blogger.