ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ

 

នាល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol)  ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។


ជាកិច្ចចាប់ផ្តើម, សម្តេចធិបតី បានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់លោកឪពុក របស់ ឯកឧត្តមប្រធានាធិបតី កាលពីពេលថ្មីៗនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើសារអបអរសាទរ សម្តេចធិបតី នៅពេលត្រូវជ្រើសតាំងជានាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ, សម្តេចធិបតី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តម ក៏ដូចជាប្រជាជនកូរ៉េផងដែរ, ដែលកន្លងមកជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា។  សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីការបន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះប្រជាជន និងប្រទេសកូរ៉េ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។



ជាកិច្ចឆ្លើយតប, ឯកឧត្តម យូន ស៊ក យ៉ល បានថ្លែងអំណរគុណ និងបានសម្តែងនូវសេចក្តីសោមនស្ស ដែលបានជួបពិភាក្សាជាមួយ សម្តេចធិបតី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ។ ឯកឧត្តមប្រធានាធិបតី ក៏បានឆ្លៀតយកឱកាសនេះ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជា និងជាពិសេស សម្តេចតេជោ ដែលបានព្យាយាមរក្សា និងពង្រឹងចំណងការទូតជាមួយកូរ៉េ, ហើយ ឯកឧត្តមប្រធានាធិបតី មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី, កម្ពុជានឹងទទួលបាននូវវឌ្ឍនភាព និងវិបុលភាព កាន់តែល្អប្រសើរថែមទៀត នាពេលអនាគត។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ សម្តេចតេជោ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅរាជធានីភ្នំពេញ, ហើយរដ្ឋាភិបាលកូរ៉េ ក៏សូមអរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសានផងដែរ។ 


ថ្នាក់ដឹកនាំទាំងពីរ  បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និង ប្រជាជន។ ជាមួយគ្នានេះ, សម្តេចធិបតី បានអរគុណសារជាថ្មីម្តងទៀត ដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ, ហើយ ឯកឧត្តមប្រធានាធិបតី បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

ជាចុងក្រោយ, ថ្នាក់ដឹកនាំទាំងពីរបានបញ្ចប់ជំនួបនេះ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និង រីករាយ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ឱ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕


Powered by Blogger.