ជា«កាដូ»ជូនសម្ដេចធិបតី? អាមេរិកសម្រេចផ្តល់ជំនួយ១៨លានដុល្លារតាមរយៈ USAID ជូនកម្ពុជាឡើងវិញ

 សហរដ្ឋអាមេរិក ៖ ក្រោយ​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​អនុរដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី​អា​មេ​រិ​ក កាលពី​ថ្ងៃ​សុក្រ​អា​មេ​រិ​ក​សម្រេច​ផ្ដល់​ជំនួយ​១៨​លាន​ដុល្លារ​ឱ្យ​កម្ពុជា​ម្ដងទៀត​ក្រោយ​ផ្អាក​អស់​រយៈ​១០​ឆ្នាំ ។


យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​២៣ កញ្ញា បាន​បញ្ជាក់​ថា ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨ នៅ​ទីក្រុង​ញូ​វ​យ៉​ក​នៃ​សហរដ្ឋអាមេរិក សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ជួប​លោកស្រី វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន អនុរដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ ។

ក្នុង​ជំនួប​នេះ លោកស្រី វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សម្ដេច​ធិ​បតី ដែល​បាន​អញ្ជើញ​មក​ទីក្រុង​ញូ​វ​យ៉​ក ដើម្បី​ចូលរួម​កិច្ចប្រជុំ​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨ និង​បាន​អបអរសាទរ​ចំពោះ​ការ​ជ្រើសតាំង​សម្តេច​ធិ​បតី ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ។

លោកស្រី វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន បាន​គូសបញ្ជាក់​បន្ថែម​ថា សហរដ្ឋអាមេរិក​ស្វាគមន៍​ឱកាស ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​សម្ដេច​ធិ​បតី និង​ចង់​ឃើញ សម្ដេច​ធិ​បតី​ក៏​ដូច​ប្រទេស​កម្ពុជា​ទាំងមូល​ទទួល​បាន​ជោគជ័យ ។ កិច្ច​ពិភាក្សា​បាន​ផ្តោត​លើ​ការ​រិះរក​វិធី និង​មធ្យោបាយ​សម្រាប់​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត ។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ជំទាវ វ៉ិ​ច​តូ​រី​យ៉ នូ​លែ​ន បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិ​បតី​សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្ដល់​ជូន​ឡើង​វិញ​នូវ ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៨​លាន​ដុល្លារ​អា​មេ​រិ​កតាម​រយៈ​ទីភ្នាក់ងារ​អា​មេ​រិ​ក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ដែល​សហរដ្ឋអាមេរិក​បាន​ផ្អាក​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ ដោយ​លោក​ជំទាវ វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន បាន​ស្នើ​ព​ន្លឿ​ន​នីតិវិធី​នៃ​ការ​ទទួលយក​ពលរដ្ឋ​ទាំងនោះ ។

ជា​ការ ឆ្លើយ​តប​សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​នឹង​ពិនិត្យ​កែសម្រួល​នីតិវិធី​ឱ្យ​ដំណើរការ​ដោយ​រលូន​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ សម្ដេច​ធិ​បតី ក៏​បាន​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​យកចិត្តទុកដាក់ ជា​ពិសេស​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវធ្វើ​មាតុភូមិនិវត្តន៍ និង​ដែល​មាន​បញ្ហា​សុខភាព ។

លោកស្រី វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន បាន​បញ្ជាក់​ថា បញ្ហា​សុខភាព គឺជា​អ្វី ដែល​សហរដ្ឋអាមេរិក​បាន​យកចិត្តទុកដាក់​កន្លង​មក និង​បន្ត​យកចិត្តទុកដាក់​ជា​ពិសេស​បន្ថែម​ទៀត​តាម​ការ​ស្នើ​របស់​សម្ដេច​ធិ​បតី ។ ក្រៅពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ផង​ដែរ​លើ​វិស័យ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​យកចិត្តទុកដាក់​៕

Powered by Blogger.