ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា បានអនុញ្ញាតឱ្យ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ដោយ សុខសីហា
(ភ្នំពេញ)÷ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ស្ថានទូត និងប្រជាពលរដ្ឋអូស្រ្តាលី ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាលកម្ពុជាក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាលជាច្រើននាពេលកន្លងមកដូចជា៖
1. ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ក្នុងគម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី២ (HSSP2)
2. កម្មវិធី East Asia Vision គាំទ្រកម្មវិធីជាតិសម្រាប់សុខភាពភ្នែក តាមរយៈអង្គការសុខភាពភ្នែកអូស្រ្តាលី
3. កម្មវិធីដៃគូជួយសង្គ្រោះជីវិត ឆ្នាំ ២០១៣-២០១៨ សម្រាប់កែលម្អសុខភាពបន្តពូជ សុខភាពមាតា និងទារកនៅខេត្តចំនួន៤ ភាគឦសានកម្ពុជា និងរោងចក្រកាត់ដេរដែលបានជ្រើសរើសនៅរាជធានីភ្នំពេញ
4. កញ្ចប់គាំទ្រដល់ការផ្តល់វ៉ាក់សាំងប្រកបដោយសមធម៌របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន វ៉ាក់សាំងប្រភេទ Pfizer ដែលបានផ្ដល់ជូននាខែធ្នូ ឆ្នាំ២០២១ និងទូរបង្កករក្សាវ៉ាក់សាំង សម្រាប់ចែកជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥។
5. គម្រោងកំណត់គ្រួសារក្រីក្រដំណាក់កាលទី៣ (ប័ណ្ណមូលនិធិសមធម៌សុខភាព)
6. គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល Health Equity and Quality Improvement Project (H-EQIP)
7. គាំទ្រមូលនិធិសមធម៌សុខាភិបាលដោយផ្ដល់ការគាំពារសុខភាពដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខភាពសាធារណៈតាមរយៈជំនួយក្នុងការផ្ដល់សេវា។
ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ និងជូនពរឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមបានទទួលនូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្រៅពីគម្រោងខាងលើ ភាគីទាំង២ បានពិនិត្យពិភាក្សាលើផែនការសកម្មភាពនៃគម្រោង ACCESS ដំណាក់កាលទី២ ក្នុងការផ្ទេរសេវាស្តារលទ្ធភាពពលកម្ម ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន មកក្រសួងសុខាភិបាល។ គម្រោងនេះមានរយៈពេល៥ឆ្នាំ (២០២៣-២០២៨) ដែលផ្តោតទៅលើការកែលម្អលទ្ធភាពទទួលបានសេវាកម្មប្រកបដោយគុណភាព និងរួមបញ្ជូលសម្រាប់ជនពិការ និងអំពើហឹង្សាលើយេនឌ័រនៅកម្ពុជា ដោយបន្តធ្វើការជាមួយរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិលរួមមាន NGOs, OPDs ស្ត្រី និងជនជាតិដើមភាគតិចដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពជាតិបង្ការអំពើហឹង្សាប្រឆាំងនឹងស្ត្រី (NAPVAW) និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ជនមានពិការភាព (NDSP)។
ភាគីទាំង២ បានពិនិត្យពិភាក្សា និងសម្រេចផែនការសកម្មភាពសំខាន់ៗមួយចំនួន និងចាត់តាំងមន្ត្រីបង្គោលអនុវត្តគម្រោង ACCESS ដំណាក់កាលទី២ ដើម្បីធានាប្រសិទ្ធភាពការងារ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្នើសុំភាគីដៃគូពិនិត្យលទ្ធភាពក្នុងការជួយពង្រឹងគណៈវិជ្ជាជីវ:វេជ្ជសាស្ត្រទាំងប្រាំរួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថ គណៈឆ្មប និងគណៈគិលានុបដ្ឋាក សំដៅធ្វើឱ្យប្រសើរឡើងនូវ ស្តង់ដារនៃការថែទាំសុខភាព តាមរយៈការជួយពិនិត្យឡើងវិញលើបទប្បញ្ញត្តិរបស់គណៈវិជ្ជាជីវ:វេជ្ជសាស្ត្រទាំងប្រាំ ព្រមទាំងជួយដល់សុខាភិបាលឌីជីថលសម្រាប់ការលើកគម្រោងនាពេលអនាគត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្រ្តាលី លើវិស័យសុខាភិបាលបន្ថែមទៀត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ស្ថានទូតអូស្រ្តាលី ជាពិសេសឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
Post a Comment