ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ហា៦ធំៗ ជាជំងឺសង្គមសម្រាប់វិញ្ញាសាអាណត្តិទី៧
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ហាធំៗចំនួន៦ ជាជំងឺសង្គមដើម្បីឱ្យអគ្គស្នងការដ្ឋាន និងស្នងការដ្ឋានកំណត់មុខសញ្ញាអនុវត្តកម្ចាត់។
ជំងឺសង្គមទាំង៦ រួមមាន៖
១-បញ្ហាគ្រឿងញៀន ២-ចរាចរណ៍ ៣-ចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ៤-អំពើជួញដូរមនុស្សគ្រប់ប្រភេទ ៥-ការគ្រប់គ្រងក្រុមក្មេងទំនើង និង ៦-បញ្ហាតាមព្រំដែនទាំងគោក និងទឹកជាប់ជាមួយប្រទេសជិតខាង។
ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា មានបញ្ហាច្រើនក្នុងសង្គម តែជាជំហានៗក្រសួងមហាផ្ទៃចាប់យកបញ្ហាទាំង៦នេះធ្វើជាវិញ្ញាសាសិនក្នុងអាណត្តិទី៧ ដោយដកពិសោធន៍លើប្រសិទ្ធភាពអនុវត្ត និងបទពិសោធន៍កន្លងៗទៅធ្វើជាមូលដ្ឋាន។
ឯកឧត្ដមចាត់ទុក និងសិក្សាឃើញថា បញ្ហាទាំង៦នេះ បាននិងកំពុងកើត ដោយធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ប្រសិនបើមិនដាក់គោលដៅដោះស្រាយឱ្យបានទាន់ពេលវេលា ពោលគឺនឹងក្លាយជាជំងឺមហារីក។
ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវប្រតិបត្តិការ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានកំណត់ឱ្យស្នងការដ្ឋាននគរបាលទាំងអស់ ចាំបាច់ត្រូវធ្វើផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព…សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ឱ្យបានរួចរាល់យ៉ាងយូរដើមខែតុលាការខាងនេះ៕
Post a Comment