ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ផ្នែកទី ១ : មុនសម័យអាណានិគមបារាំងជំពូកទី ១( ផ្សព្វផ្សាយវគ្គ១)
មហាវិនាសកម្ម ដោយសារគំនុំផ្ទាល់ខ្លួន-បាត់បង់ និង វិលមកវិញ នៃ ខេត្តបាត់ដំបង សៀមរាប ម្លូព្រៃ ទន្លេរពៅ និង ស្ទឹងត្រែង
១.មិនប្តូរចរិត គឺជា ដានចាស់
ព្រះរាជា អង្គនន់ ដែលជាអ្នកមានទំនោរទៅសៀម បានរាជាភិសេក នា គ.ស ១៧៧៥ ។
ព្រះអនុជ របស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ថន បានទទួលឋានៈ ជា មហាឧបរាជ ។ ចំណែកព្រះអង្គតន់ ដែលមានទំនោរទៅខាងដាយ-វៀតដែលបានថ្វាយរាជ្យ ព្រះអង្គនន់ ទទួលបានព្រះឋានៈជាព្រះឧភយោរាជ ។
បងប្អូនត្រកូល តៃសឺន បានបះបោរនៅ ដាយ-វៀត តាំងពីឆ្នាំ១៧៧០ ឬ ក៏១៧៧១ ឯណោះ ធ្វើឱ្យ ដាយ-វៀត រវល់វក់វី ហើយគិតត្រឹមឆ្នាំ១៧៧៥ ចលនាបះបោរនោះ គំរាមកំហែងយ៉ាងគ្រោះថ្នាក់ដល់រាជធានីវ៉េ ។
ឯកសារប្រវត្តិសាស្ត្រខ្មែរ ជាទូទៅសរសេរថា នៅឆ្នាំ១៧៧៤ ដាយ-វៀត ដកទ័ពចេញពីកម្ពុជា តាមការស្នើសុំរបស់ព្រះរាជាអង្គតន់ ។
ប៉ុន្តែធាតុពិតគឺដោយសារការបះបោររបស់ពួកបងប្អូនត្រកូល តៃ សឺន ឯណោះទេ ។
គ្រានោះនៅកម្ពុជាក្រោម ឯណោះ ក៏មានការបះបោរគ្រប់ទិសទីដែរ ធ្វើឱ្យចៅហ្វាយក្រុងព្រៃនគរ នាពេលនោះ ដែលជាជនជាតិដាយ-វៀត ឈ្មោះ ចាស ចេ ពិបាកនឹងបង្រ្កាប ទើប ដាយ-វៀត មិនមានឱកាសវាយប្រហារមកលើខ្មែរ ហើយថែមទាំងសុំឱ្យព្រះអង្គនន់ ជួយពួកគេទៀតផង ។
ប៉ុន្តែ ព្រះរាជាអង្គនន់ ដែលមានទំនោរទៅសៀម តាំងពីដើមមកស្រាប់ មិនជួយ ដាយ-វៀត ដែលតែងតែវាយប្រហារ និង ដណ្តើមទឹកដីខ្មែរ ឡើយ ។ លុះក្រោយពេលពួកគេបានបង្ក្រាបការបះបោរហើយ ចៅហ្វាយក្រុងសាយហ្គន ឈ្មោះ ចាស ចេ បានចាប់ផ្តើមវាយប្រហារមកលើ ខ្មែរ សាជាថ្មី ។ ឯកសារប្រវត្តិសាស្ត្រខ្មែរ ជាទូទៅបកស្រាយថាគឺ « ជាការសងសឹក » របស់ ដាយ-វៀត មកលើខ្មែរ ដោយសារខ្មែរ មិនបានជួយពួកគេបង្ក្រាបការបះបោរមុននោះ ។
ប៉ុន្តែគិតតែបន្តិចយើងយល់បានភ្លាមថា ក៏ព្រោះតែស្ដេចខ្មែរ អង្គមុន ( អង្គតន់ ) ព្រមនៅក្រោមអធិរាជភាពរបស់ដាយ-វៀត ។ ប៉ុន្តែព្រះអង្គនន់ អាចនឹងមិនចំណុះដាយ-វៀត ។ ហេតុនោះ ដាយ-វៀត លើកទ័ពវាយខ្មែរ នាពេលនោះ ក្នុងគោលបំណងកុំឱ្យ ព្រះអង្គនន់ ហ៊ានដោះដៃចេញពីអធិរាជភាពរបស់គេ ពោលគឺចង់ត្រួតត្រាខ្មែរ ហើយនឹងឈានទៅច្រឹបយកទឹកដីខ្មែរ ជាបន្តបន្ទាប់ទៀតតែប៉ុណ្ណោះ ។
ការប៉ុនប៉ងត្រួតត្រាខ្មែរ និងប៉ុនប៉ងដណ្តើមយកទឹកដីខ្មែរ នោះ គឺជារឿង
ដដែលៗ គឺជាការ « មិនប្តូរចរិត » មិនដែលបោះបង់មហិច្ឆតា ស្រេកឃ្លានទឹកដីខ្មែរមិនដែលស្កប់ស្កល់ ស្រេកឃ្លានទឹកដីខ្មែរ ជាអលជ្ជី ។ ដើម្បី បរិយាយនូវរាល់បរិបទ គឺកំហុសដែលខ្មែរ ឬ បរទេស បានធ្វើម្តងហើយ ម្តងទៀត មកលើខ្មែរ
យើងសូមក្តោប មកនៅត្រឹមតែពាក្យដ៏សាមញ្ញថា « ដានចាស់ » ។
ចៅហ្វាយក្រុងសាយហ្គន ឈ្មោះ ចាស ចេ ដឹកនាំទ័ពឡើងមកតាមទន្លេមេគង្គ រហូតមកដល់ភ្នំពេញ ទើបពើបប្រយុទ្ធជាមួយកងទ័ពខ្មែរ ជាបន្តបន្ទាប់ (នៅមានបន្តវគ្គ២)និពន្ធដោយ លោក ខឿន សាឃាង រក្សាសិទ្ធិ ដោយ អង្គភាព ស៊ីអេចអ ធីវីអនឡាញ
Post a Comment