អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមចំណុះ
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមចំណុះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រធានមណ្ឌលពន្ធនាគាររាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណ ១៨០រូប។
នាឱកាសនោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ មានសមាសភាពគណៈរដ្ឋមន្ត្រី ភាគច្រើនជាបញ្ញវន្តវ័យក្មេង ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេន ពោរពេញទៅដោយកម្លាំងថាមពល ហើយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ដូច្នេះ ដើម្បីឆ្លើយតបការងារក្នុងបរិបទនេះ ចាំបាច់ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើប្រសិទ្ធភាព គុណភាព និងល្បឿនការងារ ដើម្បីឆ្លើយតបនឹងប្រព័ន្ធការងារបច្ចេកវិទ្យាឌីជីថល។
លើសពីនេះ ឯកឧត្តម អគ្គនាយក បានរំលឹកប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធលើការងារពង្រឹងស្ថាប័ន និងការធ្វើពិពិធកម្មធនធានមនុស្ស បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាព នៅតាមបណ្តាអគ្គនាយកដ្ឋាននានា ព្រមទាំងមានផែនការរៀបចំឌីជីថលូបនីយកម្ម នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។
ដើម្បីអនុវត្តអនុសាន៍ដ៏មានសារៈសំខាន់នេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានដាក់ចេញនូវគោលការណ៍ណែនាំចំនួន៥ សម្រាប់ជាការដាស់តឿន និងក្រើនរំលឹក ដល់មន្ដ្រីពន្ធនាគារ មានដូចខាងក្រោម៖
១. ពង្រឹង លើកកម្ពស់ការអនុវត្តច្បាប់ ក៏ដូចជាបន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាននានា ដើម្បីតម្រង់ទិសការងារដឹកនាំ និងជំនាញ។
២. ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវ ភាពម្ចាស់ការលើភារកិច្ចរបស់ខ្លួន និងសាមគ្គីភាពផ្ទៃក្នុង តម្កល់ប្រយោជន៍អង្គភាពជាធំ ដើម្បីភាពសុខុដុមនីយកម្មការងារ។
៣. ចាត់វិធានការម៉ឺងម៉ាត់ចំពោះភាពអសកម្មរបស់មន្រ្តី និងពិនិត្យ វាយតម្លៃអំពីគុណវុឌ្ឍិការងារដោយឈរលើសច្ចភាព តម្លាភាព និងគោលនយោបាយលើកទឹកចិត្តជូនរង្វាន់។
៤.បង្ការទប់ស្កាត់សកម្មភាពល្មើសរបស់ជនជាប់ឃុំ, យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពនៅគ្រប់គោលដៅត្រួតពិនិត្យ និងក្នុងបន្ទប់ឃុំឃាំង, ធ្វើការគ្រប់គ្រងឱ្យបានម៉ត់ចត់ ចំពោះមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនធំៗ និងប្រភេទបទល្មើសឧក្រិដ្ឋប៉ះពាល់សន្តិសុខជាតិ រួមទាំងមុខសញ្ញាញុះញង់បង្កភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស ជនជាប់ឃុំពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដែលមានសមត្ថភាពជំនាញ ក្នុងការប្រព្រឹត្តបទល្មើស និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
៥. ពង្រឹង និងពង្រីកសមត្ថភាពអនុវត្តមុខងាររបស់មណ្ឌលអប់រំកែប្រែ ដើម្បីលើកស្ទួយកម្មវិធីស្តារនីតិសម្បទា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរ និងសមាហរណកម្មជនជាប់ឃុំចូលទៅសហគមន៍វិញ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
បន្តដោយ គឹមកវី
Post a Comment