ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា


 នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី “យុវជន ៤.០” នៅមជ្ឍមមណ្ឌលម៉ានី អគារ The Kampus។ វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងយុវជន សរុបប្រមាណ ២៧០ នាក់។ 

មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្ស និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមដែលអញ្ជើញមក ពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងប្អូនៗយុវជន។ ជាមួយគ្នានេះ  ឯកឧត្តមបានលើកឡើងថា វេទិកានាថ្ងៃនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ និងការចូលរួមក្នុងការជំរុញ និងបំផុសផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយ ដើម្បីទទួលបានជាប្រយោជន៍វិជ្ជមាន ជួយដល់សេដ្ឋកិច្ច និងសង្គម។

សូមជម្រាបជូនថា វេទិកានេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្តុំអ្នកជំនាញ និងភាគីពាក់ព័ន្ធ រួមមាន អ្នកជំនាញមកពីវិស័យរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈ ជុំវិញប្រធានបទសំខាន់ៗទាក់ទងនឹងការកសាងសេដ្ឋកិច្ច សង្គមឌីជីថល ដោយប្រធានបទនៃកិច្ចពិភាក្សានៅក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ផ្តោតសំខាន់លើប្រធានពីរគឺ « យុវជន និងការអប់រំឌីជីថល, ជំនាញឌីជីថល និងអាជីពឌីជីថល» និង « ការប្រើប្រាស់បច្ចេកទេសបច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន»។











Powered by Blogger.