អង់គ្លេសចោទចិនថាបានឈ្លបយកការណ៍ និងប្រើឥទ្ធិពលរំខានលទ្ធិប្រជាធិបតេយ្យអង់គ្លេស
អង់គ្លេស៖ ផ្អែកតាមការចុះផ្សាយ របស់បណ្តាញព័ត៌មានអងគ្លេស Sunday Times បុរសដែលត្រូវគេចាប់ខ្លួន គឺជាជនជាតិអង់គ្លេស អាយុ២៨ឆ្នាំ ឈ្មោះ Chris Cash។ ជននេះជាអ្នកស្រាវជ្រាវនៅសភាអង់គ្លេស ហើយដែលមានទំនាក់ទំនង ជាមួយសមាជិកសភាអង់គ្លេសជាច្រើននាក់ ក្នុងនោះ មានលោក Tom Tugenhat រដ្ឋលេខាធិការទទួកបន្ទុកសន្តិសុខ លោកស្រី Alicia Kearns ប្រធានគណកម្មការសភាទទួលបន្ទុកកិច្ចការបរទេស។ ប្រភពដដែលអះអាងថា ជននេះ ត្រូវបានសមត្ថកិច្ចអង់គ្លេសឃាត់ខ្លួនម្តងហើយ ជាមួយនឹងជនសង្ស័យម្នាក់ទៀត កាលពីខែមីនា។ ជនទាំង២ត្រូវគេដោះលែងមកវិញ ក្នុងអំឡុងពេលរងចាំនីតិវិធីតុលាការ ដែលនឹងចាប់ផ្តើមនៅរវាងខែតុលា ក្នុងសំណុំរឿងចារកិច្ចប៉ះពាល់កិច្ចការសម្ងាត់ជាតិ។
បន្ទាប់ពីមានការចុះផ្សាយស្តីពីការចាប់ខ្លួនជនសង្ស័យនេះ នៅក្នុងឱកាសជំនួបកំពូល G20 នៅទីក្រុងញូដេលី កាលពីថ្ងៃអាទិត្យ លោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស បានជួបជាមួយគណប្រតិភូចិន ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Li Qiang។ លោក រីស៊ី ស៊ូណាល់ បានបញ្ជាក់ប្រាប់អ្នកកាសែតថា ក្នុងពេលប្រជុំជាមួយភាគីចិន លោកបានលើកឡើងអំពីការព្រួយបារម្ភដ៏ធំរបស់លោក ទាក់ទិននឹងសកម្មភាពឈ្លបយកការណ៍ ព្រមទាំងការប្រើប្រាស់ឥទ្ធិពលលូកដៃរបស់ចិន ចូលទៅក្នុងដំណើរការនៃស្ថាប័នរដ្ឋធំៗ របស់អង់គ្លេស ជាក់ស្តែងនៅសភាអង់គ្លេស។ ជាអំពើដែលលោករីស៊ី ស៊ូណាក់ ចាត់ទុកថាធ្ងន់ធ្ងរ និងមិនអាចទទួលយកបានទេ។
ជាប្រតិកម្មតបវិញចំពោះការចោទនេះ កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យម្នាក់ នៅស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ បានឆ្លើយបដិសេធ បែបចំអកថា ការចោទដែលថាចិនប្រើប្រាស់បុគ្គលិកធ្វើការនៅសភាអង់គ្លេស ឲ្យឈ្លបយកការណ៍នោះ វាគឺជារឿងប្រឌិតបែបកំប្លែងប៉ុណ្ណោះ។ ដូចគ្នាដែរ នៅព្រឹកថ្ងៃចន្ទទី១១កញ្ញា ពីទីក្រុងប៉េកាំង លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកកាសែតថា ចិនសូមច្រានចោទទាំងស្រុងចំពោះការចោទ ដោយគ្មានមូលដ្ឋានរបស់ភាគីអង់គ្លេស។ លោកស្រីបានបន្តថា សូមឲ្យភាគីអង់គ្លេស ឈប់ធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានប្រឌិត ដើរនិយាយបង្កាច់បង្ខូច ប្រឆាំងនឹងចិនតទៅទៀត។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលចិនត្រូវគេសង្ស័យ ឬត្រូវគេចោទ ថាបានឈ្លបយកការណ៍ ប្រមូលព័ត៌មានសំងាត់ ពីតាមបណ្តាប្រទេសមហាអំណាចលោកខាងលិច។ យ៉ាងណាមិញ កាលពីខែកក្កដា គណកម្មការសភាជាន់ទាបអង់គ្លេស បានអះអាងថា អង់គ្លេសកំពុងតែក្លាយជាផ្ទាំងស៊ីប នៃសកម្មភាពចារកិច្ចឈ្លបយកការណ៍របស់ចិន។ កន្លងមកមានករណីច្រើនរាប់មិនអស់ ដែលចិនប្រើវិធីសាស្ត្រផ្សេងៗគ្នា ច្រើនប្រភេទ ដើម្បីឈ្លបយកការណ៍ នៅតាមប្រទេសជាច្រើន ដែលអាចជាគូរប្រជែងរបស់ចិន មិនថាក្នុងវិស័យភូមិសាស្ត្រនយោបាយ ឬសេដ្ឋកិច្ចពាណិជ្ជកម្ម។
កាលពីដើមឆ្នាំ២០២៣ អាមេរិកបានចោទចិន ថាបញ្ជាយានបាឡុងហោះលើអាកាស ដើម្បីឈ្លបយកការណ៍ ប្រមូលព័ត៌មាននៅអាមេរិក។ កងទ័ពអាមេរិក បានបាញ់កម្ទេចបាឡុងរបស់ចិននេះទម្លាក់ ហើយបានបង្កឲ្យមានវិបត្តិការទូតរវាងប្រទេសទាំង២ ព្រោះចិនអះអាងថា បាឡុងនោះគឺជាប្រតិបត្តិការស្រាវជ្រាវ ផ្នែកឧតុនិយម តែប៉ុណ្ណោះ។
យោងតាមអ្នកជំនាញជាច្រើននៅតាមប្រទេសលោកខាងលិច ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានក្លាយជាប្រទេសមានជំនាញខ្ពស់ណាស់ នៅក្នុងប្រតិបត្តិការវាយប្រហារតាមបច្ចេកវិទ្យាអ៊ីនធឺនិត ដែលគេហៅថា Cyber Attack។ ចោរព័ត៌មានវិទ្យាចិន ប្រើវិធីនេះ ដើម្បីបន្លំចូលទៅក្នុងប្រព័ន្ធ បូបស្រូបយកទិន្ន័យសំខាន់ៗ ទិន្នន័យសំងាត់ ក្នុងវិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម និងសន្តិសុខជាតិ។
ជាក់ស្តែង កាលពីឆ្នាំ២០២១ សហរដ្ឋអាមេរិក ប្រទេសសមាជិកអូតង់ បានចោទរដ្ឋាភិបាលចិន ថាអ្នកជាអ្នកនៅពីក្រោយ ប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ មកលើប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមហ៊ុន Microsoft។ ក្រុមចោរព័ត៌មានវិទ្យាចិន ត្រូវគេចោទផងដែរ ថាជាអ្នកធ្វើសកម្មភាព ចូលលួចប្រមូលទិន្នន័យ របស់ក្រសួងថាមពលអាមេរិក ស្ថាប័នរដ្ឋអាមេរិកផ្សេងទៀត ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ព្រមទាំងសកលវិទ្យាល័យមួយចំនួនផង។ នេះបើផ្អែកតាមការអះអាងរបស់សេតវិមាន និងបណ្តាញសារព័ត៌មានមួយចំនួន។
មិនត្រឹមប៉ុណ្ណោះទេ កម្មវិធីបច្ចេកវិទ្យារបស់ចិន ដែលគេនិយមប្រើក្នុងទូរស័ព្ទ ក៏អាចជាហានិភ័យផងដែរ។ ជាក់ស្តែងកម្មវិធី Tiktok ដ៏ល្បីល្បាញ។ អ្នកជំនាញទាំងនៅអឺរ៉ុប និងនៅអាមេរិក បានក្រើនរំលឹក ទាញសញ្ញាអាសន្ន ថាTiktok អាចជាឧបករណ៍ដើម្បីប្រមូលយកទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទ។ ក្រុមហ៊ុន Bytedance ម្ចាស់របស់ Tiktok ត្រូវគេជឿថាគឺជាភ្នាក់ងារ ដែលត្រូវប្រគល់ទិន្នន័យដែលប្រមូលបាន យកទៅឲ្យអាជ្ញាធរចិន។ ដូចគ្នាដែរ រដ្ឋាភិបាលអាមេរិក បានចាត់បញ្ចូលក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅ ដោយចោទថា Huawei គឺជាឧបករណ៍ឈ្លបយកការណ៍ ស្តាប់រាល់ការទំនាក់ទំនងទាំងអស់នៅអាមេរិក។
ក្រៅពីប្រើបច្ចេកវិទ្យាទំនើប ចិនអាចប្រើប្រាស់មនុស្សដោយផ្ទាល់ ក្នុងការប្រមូលបញ្ជូនព័ត៌មានទៅឲ្យខ្លួន។ តួយ៉ាងករណី វិស្វករជនជាតិចិនម្នាក់ ឈ្មោះ Ji Chaoqun ដែលបានទៅដល់ទឹកដីអាមេរិកនៅឆ្នាំ២០១៣ក្នុងនាមជានិស្សិត ហើយក្រោយមកត្រូវបានសមត្ថកិច្ចអាមេរិក វែកមុខរកឃើញថាជននេះ ប្រមូលបញ្ជូនព័ត៌មានក្នុងវិស័យវិទ្យាសាស្ត្រជាន់ខ្ពស់ទៅឲ្យចិន។ កាលពីខែមករា តុលាការអាមេរិកបានផ្តន្ទាទោសជននេះ ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ។ ហើយកាលពីឆ្នាំ២០២០ វិស្វករចិនម្នាក់ទៀត ឈ្មោះ Wei Sun ចូលសញ្ជាតិអាមេរិក ដែលធ្វើការឲ្យក្រុមហ៊ុន Reython ផលិតគ្រឿងសព្វាវុធ ត្រូវបានតុលាការអាមេរិកកាត់ទោស បន្ទាប់ពីជននេះបានយកម៉ាស៊ីនកុំព្យូរទ័ររបស់ក្រុមហ៊ុនទៅកាន់ប្រទេសចិន ដែលក្នុងម៉ាស៊ីននោះ មានផ្ទុកដោយទិន្នន័យសម្ងាត់ ស្តីពីប្រព័ន្ធមីស៊ីលរបស់អាមេរិក។
ចិនក៏អាចទទួលបានព័ត៌មានសម្ងាត់នានា ដោយផ្ទាល់ពីមន្ត្រីធំៗ ឬថ្នាក់ដឹកនាំបរទេសដែរ តាមរយៈការប្រើមនុស្សឲ្យចូលទៅមានទំនាក់ទំនងស្អិតរមួត ជាមួយមន្ត្រីទាំងនោះ។ តួយ៉ាងដូចក្នុងករណី នៅអង់គ្លេសដែលចុះផ្សាយដោយកាសែត Sunday Times កាលពីថ្ងៃសៅរ៍។ នៅឆ្នាំ២០២០ គេហទំព័រព័ត៌មានអាមេរិក Axios បានចុះផ្សាយអំពីករណីនារីជនជាតិចិនម្នាក់ ឈ្មោះ Christine Fang ដែលមានទំនាក់ទំនងយ៉ាងល្អូកល្អឺនជាមួយអ្នកនយោបាយអាមេរិកជាច្រើននាក់។ ស្ត្រីចិនរូបនេះ បានទទួលទំនុកចិត្តពីអ្នកនយោបាយអាមេរិក តាមរយៈការជួយរៀបចំប្រតិបត្តិការ ស្វែងរកថវិកាមូលនិធិផ្សេងៗ និងអាចមានករណីទំនាក់ទំនងផ្លូវភេទថែមទៀតផង។
ក្រៅពីការឈ្លបយកការណ៍ ដោយប្រើភ្នាក់ងារ និងបច្ចេកវិទ្យា ចិនត្រូវបានគេចោទផងដែរ ថាបានបង្កើតអង្គភាពពិសេស ធ្វើការជានគរបាលសំងាត់ នៅតាមប្រទេសមួយចំនួន។ អង្គការ Safeguard Defender ដែលមានទីតាំងនៅប្រទេសអេស្ប៉ាញ បានអះអាងថា នគរបាលសម្ងាត់ទាំងនេះ គឺចិនធ្វើដោយខុសច្បាប់ ដោយមិនជូនដំណឹងទៅប្រទេសម្ចាស់ស្រុក។ ប្រតិបត្តិការរបស់នគរបាលសម្ងាត់ចិន គឺតាមឃ្លាំមើលជនជាតិចិន ដែលមានទំនោរនយោបាយប្រឆាំងរិះគន់ខ្លួន និងអាចមានករណីគំរាមសំឡុតថែមទៀត។ កាលពីខែវិច្ឆិកាឆ្នាំ២០២២ អាជ្ញាធរហូឡង់ បានបញ្ជាឲ្យចិនបិទអង្គភាពនគរបាលសំងាត់ដែលខុសច្បាស់នេះ ចំនួន២ទីតាំង។ ហើយ១ខែក្រោយមក អាជ្ញាធរឆេកក៏បានបញ្ជាឲ្យបិទអង្គភាពសម្ងាត់របៀបនេះរបស់ចិន ចំនួន២ទីតាំងដែរ នៅទីក្រុងប្រាហ្ក៕
Post a Comment