លាងលុយកខ្វក់៖សិង្ហបុរី រឹបអូសទ្រព្យសម្បត្តិកើនដល់១,៧៥ប៊ីលាន រួមមានពីបុគ្គលសញ្ជាតិខ្មែរ៣នាក់
សិង្ហបុរី ៖ មកដល់ពេលនេះ ទ្រព្យសម្បត្តិដែលប៉ូលីសសិង្ហបុរីបានរឹបអូសឬបង្កក ពាក់ព័ន្ធនឹងជនសង្ស័យក្នុងរឿងលាងលុយកខ្វក់ទាំង១០នាក់ ក្នុងនោះ៣នាក់គឺជាអ្នកមានសញ្ជាតិខ្មែរ បានកើនដល់១,៧៥ពាន់លានដុល្លារអាម៉េរិក។ នេះគឺដោយប៉ូលីសសិង្ហបុរី បានរកឃើញវត្ថុមានតម្លៃជាច្រើនបន្ថែមទៀត ដូចជាផ្ទះ នាឡិកាប្រណិត និងមាសដុំជាដើម ដែលជាប់ពាក់ព័ន្ធនឹងមនុស្សទាំង១០នាក់នេះ ក្រោយបង្ក្រាបបានកាលពីខែសីហា។យោងតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលីសសិង្ហបុរីនៅថ្ងៃទី២០កញ្ញាឆ្នាំ២០២៣ ទ្រព្យសម្បត្តិជាច្រើនដែលប៉ូលីសប្រមូលយកមករឹបអូសឬបង្កក មកដល់ពេលនេះ សរុបក្នុងទំហំទឹកប្រាក់កើនដល់១,៧៥ពាន់លានដុល្លារហើយ។ ជាទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹក រួមមានផ្ទះ នាឡិកាប្រណិត និងមាសដុំជាដើម ដែលមានជាប់ពាក់ព័ន្ធទៅនឹងជនសង្ស័យក្នុងអំពើលាងលុយកខ្វក់ចំនួន១០នាក់ ក្នុងនោះ៣នាក់គឺជាអ្នកមានសញ្ជាតិខ្មែរ ដែលប៉ូលីសបង្ក្រាបបានកាលពីខែមុន។
យោងតាមប៉ូលីសសិង្ហបុរី ជនសង្ស័យទាំងនេះ បានជាប់ពាក់ព័ន្ធនឹងការលាងលុយដែលបានមកពីការប្រព្រឹត្តិបទល្មើសឧក្រិដ្ឋនានា ដូចជាការឆបោកនិងល្បែងអនឡាញជាដើម។ មនុស្សទាំង១០នាក់ដែលប៉ូលីសបង្ក្រាបបាន គឺមានស្រ្តី១នាក់និងបុរស៩នាក់ ដែលមានកាន់លិខិតឆ្លងដែនផ្សេងៗដូចជា លិខិតឆ្លងដែនកម្ពុជា ចិន សាយប្រឺស ដូមីនីក តួកកី និងវ៉ានូអាទូជាដើម។ អ្នកទាំងនេះ ត្រូវបានប៉ូលីសបង្ក្រាបបាន អំឡុងប្រតិបត្តិការសម្អាតអំពើលាងលុយកខ្វក់ទ្រង់ទ្រាយធំរបស់សិង្ហបុរី ក្នុងខែសីហាកន្លងទៅនេះ។
អំឡុងពេលនោះ ប៉ូលីសសិង្ហបុរីប្រមាណ៤០០នាក់ បានចូលរុករក ដោយផ្ទាល់នៅតាមខុនដូឬលំនៅដ្ឋានដែលជាប់សង្ស័យនានាទូទាំងប្រទេស។ បើយោងតាមអាជ្ញាធររូបិយវត្ថុសិង្ហបុរី ប្រតិបត្តិការបង្ក្រាបរបស់អាជ្ញាធរសិង្ហបុរី ធ្វើឡើងក្រោយស្ថាប័នហិរញ្ញវត្ថុនានា បានដាក់របាយការណ៍នៃការធ្វើប្រតិបត្តិការផ្ទេរប្រាក់គួរឲ្យសង្ស័យជាច្រើន រួមមាន ការលំហូរចរាចរទឹកប្រាក់ឬប្រភពទ្រព្យសម្បត្តិមិនច្បាស់លាស់ និងការផ្ដល់ព័ត៌មានមិនស៊ីសង្វាក់ជាដើម។
បច្ចុប្បន្ន ទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកដែលត្រូវបានរឹបអូសនេះ បានក្លាយជាប្រធានបទជជែក ក្នុងប្រទេសមានអត្រាបទឧក្រិដ្ឋទាបមួយនេះ។សិង្ហបុរីដែលចាប់តាំងវិបត្តិកូវីដសកលមក ត្រូវបានគេសង្កេតឃើញថា បានទាក់ទាញបានការវិនិយោគ ព្រមទាំងមានកំណើនទ្រព្យសម្បត្តិឯកជន គួរឲ្យកត់សម្គាល់។
យោងតាមសេចក្ដីថ្លែងការណ៍ដដែលនេះ ប៉ូលីសសិង្ហបុរី ក៏បានទទួលស្គាល់ដែរថា សំណុំរឿងនេះ បានសបង្ហាញពីការដែលប្រទេសខ្លួន នៅតែងាយរងគ្រោះពីហានិភ័យនៃអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មនៅឡើយ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល។ នៅចំពោះមុខនេះ សិង្ហបុរី បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់នៅក្នុងការចាត់វិធានការចំពោះស្ថាប័នហិរញ្ញវត្ថុណា ដែលបំពានលក្ខខណ្ឌ ឬមិនមានវិធានការគ្រប់គ្រាន់ ប្រឆាំងនឹងអំពើលាងលុយកខ្វក់និងហិរញ្ញប្បទានភេរវកម្មនេះ៕
Post a Comment