សមត្ថកិច្ចឥណ្ឌូណេស៊ីឃាត់ខ្លួនជនជាតិចិនចំនួន៨៨នាក់ដែលបបួលថតអាក្រាតកាយដើម្បីជំរិតទារលុយ
ឥណ្ឌូណេស៊ី៖ សមត្ថកិច្ចឥណ្ឌូណេស៊ីប្រកាសកាលពីថ្ងៃពុធអំពីការចាប់ខ្លួនជនជាតិចិន៨៨នាក់ពីបទសង្ស័យថាពួកគេជាក្រុមឆបោកដោយប្រើ «ល្បិចប្រុសស្អាត ស្រីស្អាត» ដើម្បីដាក់អន្ទាក់ជនជាតិចិនដូចគ្នានៅប្រទេសចិនឱ្យធ្លាក់ចូលក្នុងល្បិចស្នេហាក្លែងក្លាយដែលពួកគេបង្កើតឡើង។ នៅក្នុងល្បិចនេះ, ក្រុមឆបោកធ្វើជាបង្កើតស្នេហា និងបបួលគ្នាថតអាក្រាត។ បន្ទាប់មក ក្រុមខិលខូចគំរាមជនរងគ្រោះថាត្រូវតែវេរលុយឱ្យខ្លួន។ បើមិនដូច្នេះទេ ខ្លួននឹងបង្ហាញរូបនេះទៅក្រុមគ្រួសាររបស់ជនរងគ្រោះ។
ការឈានទៅបំបែកសម្បុកក្រុមឆបោកនេះក៏ទទួលបានតម្រុយខ្លះៗពីអាជ្ញាធរនៅប្រទេសចិនដែលផ្ដល់ជាភិនភាគ និងអត្តសញ្ញាណរបស់ក្រុមនេះ។ សមត្ថកិច្ចឥណ្ឌូណេស៊ីចាប់ខ្លួនបុរស៨៣នាក់ និងនារី៥នាក់នៅសួនឧស្សាហកម្មនៃទីក្រុងបាថាម (Batam) កាលពីថ្ងៃអង្គារ។ សមត្ថកិច្ចឱ្យដឹងថាមុននឹងឈានដល់ការវែកមុខពួកគេ, ក្រុមឆបោកបានជំរិតជនរងគ្រោះរាប់រយនាក់នៅប្រទេសចិន។ ភាគច្រើននៃជនរងគ្រោះទាំងនោះជាមន្ត្រីរដ្ឋាភិបាល ឬអ្នកបម្រើការនៅតាមមន្ទីរ-ក្រសួងនានា។សមត្ថកិច្ចថ្លែងថាខ្លួនកំពុងស៊ើបអង្កេតសំណុំរឿងនេះដើម្បីចង់ដឹងថាតើនៅក្នុងចំណោមជនរងគ្រោះទាំងនោះមានជនជាតិឥណ្ឌូណេស៊ីដែរ ឬទេ។ ប្រសិនបើគ្មានទេ, សមត្ថកិច្ចនឹងបណ្ដេញក្រុមឆបោកទាំង៨៨នាក់ចេញពីប្រទេសឥណ្ឌូណេស៊ីជាបន្ទាន់។ សមត្ថកិច្ចឱ្យដឹងថាក្រុមឆបោកព្យាយាមទាក់ទងស្នេហាផ្អែមល្ហែមជាមួយជនរងគ្រោះតាមរយៈការសន្ទនាគ្នាតាមវីឌីអូ ឬហៅម៉្យាងទៀតថាវីឌីអូខល (video call)។
ក្រុមឆបោកជានារីព្យាយាមប្រើប្រាស់វិធីអូសទាញជនរងគ្រោះដំបូងសិន។ បន្ទាប់មក, ពួកគេអូសទាញជនរងគ្រោះឱ្យថតបង្ហាញកេរខ្មាស ដោយមានគ្នាគេចាំថតយករូបវីឌីអូរបស់ជនរងគ្រោះ។ បន្ទាប់ពីបានវីឌីអូហើយ, ពួកគេចាប់ផ្ដើមប្រើសម្ដីខ្លាំងដាក់ជនរងគ្រោះដើម្បីជំរិតទារប្រាក់។ ពួកគេគំរាមថានឹងយកវីឌីអូអាក្រាតនោះទៅបង្ហោះនៅលើបណ្ដាញសង្គម បើជនរងគ្រោះមិនព្រមវេរលុយឱ្យពួកគេ។ សមត្ថកិច្ចមិនទាន់ស្រាវជ្រាវដឹងថាតើក្រុមឆបោកនេះបើកប្រតិបត្តិការរយៈពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំហើយ។ ម៉្យាងទៀត គេក៏មិនទាន់ដឹងថាតើក្រុមឆបោកនេះរកបានប្រាក់ប៉ុន្មានពីអំពើទុច្ចរិតរបស់ពួកគេ។
បន្ទាប់ពីរដ្ឋាភិបាលចិនបើកយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមឆបោក និងបណ្ដាញរបស់ពួកគេនៅប្រទេសចិន, ពួកនេះក៏បាត់បង់ទីតាំងឈរ និងពិបាកគ្រប់គ្រងបណ្ដាញរបស់ពួកគេ។ ដូច្នេះ ពួកគេក៏បង្ខំចិត្តផ្លាស់ប្ដូរទីតាំងប្រតិបត្តិការអំពើខិលខូចរបស់ខ្លួនទៅប្រទេសផ្សេង។ ឧទាហរណ៍ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍។ កាលពីឆ្នាំ២០១៩, សមត្ថកិច្ចឥណ្ឌូណេស៊ីចាប់ខ្លួនជនជាតិចិន៨៥នាក់ និងជនជាតិឥណ្ឌូណេស៊ី៦នាក់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ កាលនោះ, សមត្ថកិច្ចរកឃើញថាពួកគេជំរិតទារប្រាក់ពីជនរងគ្រោះបានរាប់លានដុល្លារឯណោះ៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/love-scams-88-chinese-nationals-arrests-indonesia-3734456
Post a Comment