លោក កែ សួន សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពី "វឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត"ស.ស.យ.ក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យដឹកនាំដោយលោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំពិភាក្សាអំពី "វឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត"ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិកអចិន្រ្តៃយ៍ ប្រធាន ស.ស.យ.ក.ទាំង៩ ស្រុក ក្រុង អង្គភាព មន្ទីរ ក្រោមចំណុះ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ និងសមាជិក សមាជិកា ស.ស.យ.ក ខេត្តថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ធ្វើនៅទីស្នាក់ការបណ្ណោះអាសន្ន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ក្នុងឱកាសនោះលោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏ថ្លែងនូវការកោតសរសេីរ អរគុណចំពោះក្រុមការងារ មហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលកន្លងមកបានលះបង់ពេលវេលាចូលរួមយ៉ាងសកម្មជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងកិច្ចការងារសង្គម មនុស្សធម៌ជាដេីម។
លោក ក៏បានធ្វេីការផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីទិសដៅការងារចំពោះមុខរបស់សហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ ជាពិសេសផ្តោតសំខាន់ពិនិត្យលទ្ធភាពក្នុងការរៀបចំវគ្គបំប៉នសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីឱ្យពួកគេត្រៀមខ្លួន បានកាន់តែប្រសើរក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នាសម័យប្រឡង ៦-៧ វិច្ឆិកា ២០២៣ ខាងមុខនេះ។ និងចូលរួមសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន សម្របសម្រួលដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវមកប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិនៅតាមទីតាំងប្រមូលផ្តុំមណ្ឌលប្រឡងដទៃទៀត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានទាំងកន្លែងស្នាក់នៅ កន្លែងទុកដាក់កង់ ម៉ូតូ នៅក្រៅមណ្ឌលប្រឡង និងតម្រូវការចាំបាច់មួយចំនួន ទៀតតាមរយៈគ្រប់រូបភាព ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់ប្អូនៗ និងក្រុមគ្រួសារ។
បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំពិភាក្សា ក្រុមគ្រួសារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ក៏បានថតរូបទុកជាអនុស្សាវរីយ៍ និងពិសារអាហារសាមគ្គីរួមគ្នា យ៉ាងស្និទ្ធស្នាល់ ក្រោមដំបូលនៃសន្តិភាព៕
Post a Comment