ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតជូនប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម
នារសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាត ជូនឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ហៅកាត់ថា JCA ដឹកនាំប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងស្វាគមន៍ឯកឧត្តមប្រធាន និងប្រតិភូ JCA ដែលអញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត និងបានសម្ដែងក្ដីរីករាយក្នុងឱកាសទទួលជួបប្រតិភូ JCA នាពេលនេះ ជាពិសេសបានជួបឯកឧត្ដម Takahashi ដែលជាមិត្តភក្តិជិតស្និទ្ធមួយរូបរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិតក៏បានថ្លែងអបអរសាទរ និងគាំទ្រចំពោះលទ្ធផលនៃជំនួបរវាងឯកឧត្តម ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកជំនួប ក៏ដូចជាលទ្ធផល នៃជំនួបរវាងប្រតិភូសមាគមជាមួយថ្នាក់ដឹកនាំរបស់កម្ពុជា ថាពិតជាបង្ហាញឲ្យឃើញថែមទៀតនូវទំនាក់ទំនងយ៉ាងល្អប្រសើរ និងកក់ក្ដៅរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានជម្រាបជូនប្រតិភូសមាគមអំពីសារៈសំខាន់នៃការអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងនោះ ឯកឧត្តមបានគាំទ្រចំពោះគំនិតផ្តួចផ្តើមផ្សេងៗរបស់សមាគមជប៉ុន-កម្ពុជា ក្នុងការរៀបចំនូវកម្មវិធីនានា ដើម្បីអបអរព្រឹត្តិការណ៍នៃទំនាក់ទំនងការទូតដ៏ថ្លៃថ្លានេះ។
ជាការឆ្លើយតប ឯកឧត្ដម Takahashi Fumiaki បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលទទួលបានឱកាសចូលជួបសម្តែងការគួរសម និងដឹកនាំប្រតិភូធុរកិច្ចជប៉ុនចូលជួបសម្តែងការគួរសមចំពោះឯកឧត្តមអភិសន្តិបណ្ឌិត។ ឯកឧត្តមប្រធានសមាគម មានប្រសាសន៍ថា ក្នុងនាមជាអតីតឯកអគ្គរាជទូតជប៉ុននៅកម្ពុជា សម្រាប់អាណត្តិចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៧ ឯកឧត្ដមមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយសម្ដេចក្រឡាហោម។
ឯកឧត្តម Takahashi បានថ្លែងអំណរគុណចំពោះការជួយគាំទ្រ យ៉ាងច្រើនពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ក្នុងអាណត្តិដែល ឯកឧត្តមបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយ ឯកឧត្ដមក៏សង្ឃឹមជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងបន្តលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជាជប៉ុនបន្តទៀត។ ឯកឧត្តម ក៏បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិតផងដែរថា បច្ចុប្បន្ន ឯកឧត្ដមបាននឹងកំពុងខិតខំផ្សព្វផ្សាយកៀគរវិនិយោគិនជប៉ុនមកស្វែងរកឱកាស ក៏ដូចជាសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាតាមរយៈការរៀបចំឲ្យមានដំណើរទស្សនកិច្ចដូចពេលនេះ។
ឯកឧត្ដម រម្លឹកថាកន្លងមក ឯកឧត្តមបានដឹកនាំប្រតិភូធុរកិច្ចជប៉ុនមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ហើយនៅក្នុងខែវិច្ឆិកាខាងមុខនេះ ឯកឧត្តម នឹងដឹកនាំប្រតិភូមួយក្រុមទៀតមកកាន់ប្រទេសកម្ពុជាដែលស្របនឹងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ ឯកឧត្តមបន្ថែមថាទស្សនកិច្ចខាងមុខនេះ ក៏ជាឱកាសដ៏ល្អមួយក្នុងការរៀបចំនូវព្រឹត្តិការណ៍អបអរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តមប្រធានសមាគម បានមានប្រសាសន៍ទៀតថា ទស្សនកិច្ចខាងមុខ ក៏ជាឱកាសមួយសម្រាប់វិនិយោគិនជប៉ុនក្នុងការសិក្សាពីសក្ដានុពលផ្សេងៗដែលកម្ពុជាមាន ដើម្បីវិនិយោគផងដែរ។
ជាការឆ្លើយតប ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមក៏ដូចជាគម្រោងទស្សនកិច្ចរបស់ប្រតិភូធុរកិច្ចជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជានាខែវិច្ឆិកាខាងមុខ។ ក្នុងនាម ក្រសួងមហាផ្ទៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអះអាងពីការត្រៀមខ្លួនសម្របសម្រួលកិច្ចការពាក់ព័ន្ធជូនប្រតិភូក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិ តបន្តថា ក្រសួងមហាផ្ទៃ បាននឹងកំពុងអនុវត្តតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយការងារនេះ ក៏ត្រូវការកិច្ចសហការជាមួយភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជនផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរ គឺជាកត្តារួមចំណែកពង្រឹង និងទាក់ទាញការវិនិយោគពីបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត សង្ឃឹមជឿជាក់ថា តាមរយៈទស្សនកិច្ចនេះ សមាគមជប៉ុន-កម្ពុជា នឹងនៅតែបន្តគាំទ្រ និងជំរុញការខិតខំកៀគរអ្នកវិនិយោគមកបន្តស្វែងរកឱកាស និងសក្ដានុពលនានា ដើម្បីវិនិយោគជួយបង្កើតការងារនៅក្នុងប្រទេសកម្ពុជាបានកាន់តែច្រើនឡើងថែមទៀត។
ជាថ្មីម្តងទៀតឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះឯកឧត្តម Takahashi និងប្រតិភូធុរកិច្ចជប៉ុនទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការវិនិយោគ។ ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមបានបន្តអះអាងពីការត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការសម្របសម្រួល ជំរុញ និងលើកកម្ពស់បរិយាកាសនៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងមកពីប្រទេសផ្សេងៗ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
Post a Comment